ព័ត៍មានទាន់​ហេតុការណ៏
Search

សូម ​ចូលរួម​បោសសំអាត​ផ្លូវ​ជាមួយ​អាជ្ញាធរ​សង្កាត់​វាល​ស្បូវ​ផង

ភ្នំពេញ ៖ ជា​រៀងរាល់ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​ គេ​សង្កេតឃើញ​អាជ្ញាធរ​សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ តែង​នាំគ្នា​ចុះ​បោសសំអាត​ផ្លូវជាតិ​លេខ​១ ​មិនដែល​ត្អូញត្អែរ​ឡើយ​ ដូច្នេះ​ក៏​សូម​ឲ្យ​ប្រជា​ពល​រដ្ឋ​យើង​ចូលរួម​ជាមួយ​ពួកគាត់​ផង។

បើ​យោង​តាម​ប្រសាសន៍​របស់​ លោក​ស្រី​យន់ សុផល ចៅសង្កាត់​វាល​ស្បូវ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ជា​រៀងរាល់ថ្ងៃ​សម្រាក​ការងារ​ លោកស្រី​ ក៏ដូចជា​មន្ត្រីរាជការ​ និង​កម្លាំង​ប្រជា​ការពារ​សាលាសង្កាត់​បាន​រួម​គ្នា​ធ្វើ​អនាម័យ​បោសសំអាត​សំរាម ​និង​កើប​កម្ទេច​ដី​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​ព្រោះ​បើ​ពុំ​មានការ​បោសសំអាត​ទេ​នោះ​ នឹង​មាន​កម្ទេច​ដី​គរ​ពេញ​ផ្លូវ ​ហើយ​ពិបាក​មើល​ណាស់។

លោកស្រី​ចៅសង្កាត់​វាល​ស្បូវ​បាន​បន្ត​ថា​ លោកស្រី​ទទួល​ស្គាល់​ថា​ បច្ចុប្បន្ន​នេះ ​នៅ​ភូមិសាស្ត្រ​សង្កាត់​វាល​ស្បូវ ​មាន​ដេប៉ូ​ខ្សាច់​ប្រមាណ​ជា​២​ ទៅ​៣​កន្លែង​ ​ហើយ​កំពុង​ដំណើរការ​ធ្វើ​អាជីវកម្ម​ដោយមាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​។​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ​លោកស្រី​ធ្លាប់​ជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​ឲ្យ​ជួយ​ថែរក្សា​បរិស្ថាន​ ពិសេស​ពេល​រថយន្ត​ដឹក​ខ្សាច់​ចេញពី​ដេប៉ូ​ ត្រូវ​លាង​សំអាត​កង់ ​និង​រថយន្ត​កុំ​ឲ្យ​ប្រឡាក់​ដី​មុន​ពេល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​នោះ។

លោកស្រី យន់ សុផល​ បានបញ្ជាក់​ទៀតថា ​កម្ទេច​ដី​ដែល​ជ្រុះ​លើ​ផ្លូវ​ គឺ​ច្រើនតែ​ក្រុម​អ្នក​ប្រកប​របរ​ដឹក​ដី​លក់​នៅ​ពេល​យប់​។​ ក្នុងនោះ​លោកស្រី​ចៅសង្កាត់​ តែង​កោះ​អញ្ជើញ​អ្នក​ប្រកប​របរ​ដឹក​ដី​ឲ្យ​មក​ចូល​ស្តាប់​នូវ​ការចូលរួម​ថែរក្សា​បរិស្ថាន​ដើម្បី​ទប់ស្កាត់​ជ្រុះ​កម្ទេច​ដី​លើ​ផ្លូវ​ដែល​បង្ក​ប៉ះពាល់​ដល់​សុខ​ភាព​ប្រជាពលរដ្ឋ​ និង​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជាតិ​លេខ​១​។​

ប្រជាពលរដ្ឋ​ ក៏ដូចជា​អ្នក​ធ្វើដំណើរ ​សូម​កោតសរសើរ​ដល់​កម្លាំង​អាជ្ញាធរ​សង្កាត់​វាល​ស្បូវ​ដែល​តែង​តែ​នាំគ្នា​បោសសំអាត​ផ្លូវ​រាល់ពេល​ឈប់សម្រាក​ពី​ការងារ​មិនដែល​ខកខាន​ឡើយ​៕

អត្ថបទ ៖ ​ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114