ព័ត៍មានទាន់​ហេតុការណ៏
Search

សូ ដា​នី​តា ​អំពាវនាវ​ដល់​អ្នក​ចូលចិត្ត​ជក់បារី​ ឲ្យ​កាត់បន្ថយ​ ក្រោយ​ពេល​ប្អូនប្រុស​ចូល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

ភ្នំពេញ​៖​ តារា​ស្រី​ចាស់​វស្សា​កញ្ញា សូ ដា​នី​តា ស្រប​ពេលដែល​ខ្លួន​កំពុងមាន​ទុក្ខ​ក្នុង​គ្រួសារ​ព្រោះតែ​ប្អូនប្រុស​របស់​ខ្លួន​ ត្រូវ​បាន​ចូល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខណៈ​ដែលមាន​បញ្ហា​ជំងឺ​សួរ​ធ្ងន់ធ្ងរ​ដោយសារ​ការ​ជក់បារី​នោះ​ ភ្លាមៗ​នេះ​ នាង​ក៏បាន​ចេញ​សារ​អំពាវនាវ​និង​ស្នើ​​ឲ្យ​អ្នក​ដែល​ចូលចិត្ត​ជក់​បារី​ ត្រូវ​កាត់បន្ថយ​ឬ​បញ្ឈប់​ការ​ជក់​តែ​ម្ដង។

កញ្ញា សូ ដា​នី​តា បាន​បញ្ជាក់​ថា ​ប្អូនប្រុស​របស់​នាង​បច្ចុប្បន្ន​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បន្ទាប់ពី ​ធ្លាក់ខ្លួន​ឈឺ​ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា ​ប្អូនប្រុស​នាង​មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ​ដែល​មូលហេតុ​បណ្ដាល​មក​ពី​ការ​ជក់បារី។ តារា​ស្រី​រូប​នេះ​ បន្ត​ថា ​ថ្វីត្បិតតែ​កន្លងមក​ប្អូនប្រុស​នាង​បាន​ផ្អាក​ពី​ការ​ជក់បារី​មួយ​រយៈពេល​ក៏ពិតមែន​ ប៉ុន្តែ​នៅតែ​ជៀស​មិន​ផុត​ពី​បញ្ហា​នៃ​ការ​កើត​ជំងឺ​សួត​នេះ​ដែរ។

តារា​សម្ដែង​ធ្លាប់​លេចធ្លោ​លើ​វិស័យ​សិល្បៈ​កញ្ញា សូ ដា​នី​តា បាន​និយាយទៀតថា​ ការឈឺ​របស់​ប្អូនប្រុស​នាង នាង​សូម​យក​ពេលវេលា​នេះ​ចែករំលែក​ជា​បទពិសោធន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ចូលចិត្ត​ជក់បារី បើសិនជា​អាច​សូម​បងប្អូន​ដែល​ចូលចិត្ត​ជក់បារី គួរ​តែ​កាត់បន្ថយ​ឬ​ឈប់​ជក់​តែម្តងទៅ​។ ​នេះ​មាន​ប្អូនប្រុស​នាង​ម្នាក់​ជា​គំរូ​ហើយ ទោះបីជា​គាត់​ឈប់​ជក់បារី​យូរ​ដែរ​ហើយ ប៉ុន្តែ​នៅតែ​គេច​មិន​ផុតពី​បញ្ហា​ជំងឺ​សួត​នោះ​ឡើយ។

កញ្ញា សូ ដា​នី​តា បាន​បន្ត​ថា ​អំឡុង​ពេល​ ដែល​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ឯកជន​ត្រូវ​ចំណាយ​លុយ​ក្នុង​មួយថ្ងៃ​ជិត​៣០០​ដុល្លារ​ និង​ត្រូវ​បាន​ពេទ្យ​ឲ្យ​សម្រាក​ព្យាបាល​រយៈពេល​ជិត​១​ខែ​ តើ​ត្រូវ​ចំណាយ​ឲ្យ​ប៉ុន្មាន​ទៅ សូម​គិតដល់​បញ្ហា​នេះ។ នេះ​ដោយសារ​មាន​ពេល​វេលា​ទំនេរ​ ទើប​នាង​ឆ្លៀត​ទៅ​មើល​ពី​សុខទុក្ខ​របស់​ប្អូន ​ហើយ​ថ្លែង​សារ​នេះ​ផ្ដាំផ្ញើ​ដល់​មហាជន។

តាម​រយៈ​ការ​លើកឡើង​របស់​សូ ដា​នី​តា ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ និង​អ្នកគាំទ្រ​មួយ​ចំនួន​ធំ​បង្ហាញ​ការ​គាំទ្រ​ និង​យល់ស្រប​តាម​​​សម្ដី​របស់​នាង​ ខណៈ​ដែល​ការ​ជក់បារី ​ក៏​ត្រូវ​បាន​ក្រសួង​ប្រកាស​ដែរ​ថា ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សួត ​ឬ​ពុក​ធ្មេញ​ជាដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114