សួន​កម្សាន្ត​ឆ្នេរ​អូរត្រេះ​២ នឹង​ត្រូវ​កែលំអរ​ឱ្យ​កាន់តែស្រស់ស្អាត
BREAKING NEWS
Search

សួន​កម្សាន្ត​ឆ្នេរ​អូរត្រេះ​២ នឹង​ត្រូវ​កែលំអរ​ឱ្យ​កាន់តែស្រស់ស្អាត

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាល នៃ​គណ​: អភិបាលខេត្ត​ព្រះសីហនុ​រួម​និង​មន្ត្រី​ពាក់ព័ន្ធ​ចំណុះ​មកពី​ស្ថាប័ន​ជាច្រើន​នាក់​ផ្សេងទៀត បាន​ដឹកនាំ​កិច្ចប្រជុំ ស្តី​ពី​ការរៀបចំ​សួន​កម្សាន្ត​ឆ្នេរ​អូរត្រេះ​២។​ កិច្ចប្រជុំ​នេះ​ដែល បាន​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលាខេត្ត ដោយ​យ​មានការ​ចូលរួម​ពី លោក​អភិបាលក្រុង/​ស្រុក ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន មេ​នេ​ច​មេន​។

លោក ម៉ាត់ លី អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អូ​ត្រេះ មេ​នេ​ច​មេន បាន​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​អូរត្រេះ​២ មាន​ប្រវែង ១,៧៤៦​ម៉ែត្រ ដើម្បី​ចូលរួម​អភិវឌ្ឍ បង្កើន​សោ​ភណ្ឌ​ភាព​ទាក់ទាញ​ទេសចរណ៍​ឆ្នេរ​សាធារណ​: ការពារ​បរិស្ថាន​ល្អ សណ្ដាប់ធ្នាប់ អនាម័យ និង​ជួយ​លើកកម្ពស់​សេវាកម្ម និង​ផលិតផល​ទេសចរណ៍​ប្រកបដោយ ចិរភាព​ឲ្យ​មាន​វិសាលភាព​។​ លោក ម៉ាត់ លី បាន​លើក​ឡើង​ទៀត​ថា គម្រោង​ផែនការ​នេះ មាន​ដូចជា ១.​ ក្រាល​ឥដ្ឋ​ការ៉ូឡា កន្លែង​ចត​រថយន្ត ២.​ រៀបចំ​កែលំអ​សួនច្បារ និង​ដាំ​ដើមឈើ​ឡើងវិញ ៣. ​ក្រាល​កាឡា​សម្រាប់​ផ្លូវ​ថ្មើរ​ជើង ៤.​ដំឡើង បង់​អង្គុយលេង ៥.​ សាងសង់​បន្ទប់ទឹក​ថ្មី ៦.​ រៀបចំ​កន្លែង​លេង​កីឡា​នៅ​លើ​ឆ្នេរ​ខ្សាច់ ៧.​ រៀបចំ​កន្លែង​ហាត់ប្រាណ​បែប​ធម្មជាតិ ៨.​រៀប ចំ​សួន​កុមារ និង​ទី​៩. ​ឡាន​ម្ហូប​ចល័ត​ ដែល​មាន​ស្តង់ដារ​អន្តរជាតិ។

មាន​ប្រសាសន៍​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ លោក​គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បាន​ធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន​បន្ត​សិក្សា​ឆ្នេរសមុទ្រ នៃ​ខេត្ត​ព្រះសីហនុ ចាប់ពី​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ រហូតដល់​ចុង​ឆ្នេរ​ជំទាវ​ម៉ៅ ដែល​មាន​ប្រវែង ១៥​គីឡូម៉ែត្រ ដើម្បី​កែលំអ​ឆ្នេរសមុទ្រ​របស់​យើង ជា​ឆ្នេរ​លំហ សាធារណ​: កាលណា​យើង​បាត់ បង់​ឆ្នេរ យើង​បាត់បង់​ភ្ញៀវ​ទេសចរ។ ដូច្នេះ​ក្រុមហ៊ុន​ ត្រូវ​រៀបចំ​ការសិក្សា​ឆ្នេរសមុទ្រ​តាម​គំរូ​ប្លង់​រៀប រយ ដោយ​សិក្សា​ប្លង់​មេ​ឲ្យ​បាន​ធំ​ទូលាយ ដោយ​រៀបចំ​ឆ្នេរ​ថ្ម ឆ្នេរ​ខ្សាច់ ពិសេស​ទៀត​រៀបចំ​ឲ្យ​មាន​សត្វ​លម្អ តាម​តំបន់​ឆ្នេរ មាន​ដូច​ជា សត្វ​ក្រ​ងោក សត្វ​កំប្រុក ឬ​សត្វ​ផ្សេងៗ​ទៀត ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ព្រោះ​ការ​មក​កម្សាន្ត​នៅ​តាម​តំបន់​ឆ្នេរ យើង​ក៏​មាន​សត្វ​កម្សាន្ត​វា​កាន់​តែ​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត។ ឆ្នេរសមុទ្រ​របស់​យើង មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប ចំ​ដាក់​តុ ឬ​កន្ទេល​នៅ​លើ​ឆ្នេរ​ខ្សាច់ យក​លុយ​នោះ​ទេ ទុក​ឆ្នេរសមុទ្រ​របស់​យើង​ជា​ឆ្នេរ​លំហ​សាធារណ​: សម្រាប់​យើង​ទាំង​អស់​គ្នា ក៏​ប៉ុន្តែ​យើង​ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ សោ​ភណ្ឌ​ភាព​ឆ្នេរ​ទាំ​ងអស់​គ្នា ត្រូវ​វេច​ខ្ចប់​សំរាម​ដាក់​ក្នុង​ធុង ដែល​រដ្ឋបាល​ក្រុង ខេត្ត រៀបចំ​នៅ​តាម​តំបន់​ឆ្នេរ៕
អត្ថបទ៖ ស៊ុយ ចាន់​ធា
សូមចុចអាន៖ ក្រសួង​សម្រេច​យក​សាលារៀនខ្លះដាក់ពលករ​ខ្មែរ​មកពី​ក្រៅ​ប្រទេសនៅដាច់ដោយឡែក​២សប្តាហ៍