BREAKING NEWS
Search

សេចក្ដី​ស្នើ​ច្បាប់​ ស្ដីពី វិសោធនកម្ម​ មាត្រា​៤២​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ ស្ដីពី​គណបក្ស​នយោបាយ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បញ្ជូន​ឲ្យ​គណៈកម្មការ​ជំនាញ​ពិនិត្យ និង​សិក្សា​ហើយ​

ភ្នំពេញ ​៖​ សេចក្ដី​ស្នើ​ច្បាប់ ​ស្ដីពី វិសោធនកម្ម​មាត្រា​៤២​ថ្មី ​(​ស្ទួន​) នៃ​ច្បាប់ ​ស្ដីពី​គណបក្ស​នយោបាយ ត្រូវ​បាន​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​អនុម័ត​ប្រគល់​ឲ្យ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា សហការ​ជាមួយ​គណៈកម្មការ​មហា​ផ្ទៃ ការពារ​ជាតិ និង​មុខងារ​សាធារណៈ នៃ​រដ្ឋសភា ធ្វើការ​ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ធ្នូ​នេះ​។​

កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នេះ ​ដឹកនាំ​ដោយ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​កិច្ចប្រជុំ​នេះ​ថា ច្បាប់​នេះ​ ត្រូវបាន​តំណាង រាស្ត្រ​ហត្ថលេខី​ចំនួន​៨៧​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ដួច​ផ្ដើម​ធ្វើឡើង​កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ តាមរយៈ​ការ​ស្នើសុំ​របស់​ក្រសួងមហាផ្ទៃ ទៅ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដើម្បី​ឲ្យ​នាយករដ្ឋមន្ត្រី​ស្នើ​ថ្វាយ​យោបល់​ពី​ព្រះមហាក្សត្រ​។

លោក ឈាង វុន បាន​ញ្ជា​ក់ថា សេចក្ដី​ស្នើ​ច្បាប់​នេះ​ មាន​គោលបំណង​លើកទឹកចិត្ត​ដល់​ពិរុទ្ធជន ជំរុញ​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ​។ បាន​ន័យ​ថា វិសោធនកម្ម​លើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ អាច​ធ្វើ​នយោបាយ​ឡើងវិញ តាមរយៈ​ព្រះរាជក្រឹត្យ​របស់​ព្រះមហា​ក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី និង​តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ប៉ុន្តែ​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ​នោះ មិន​អាច​ស្រោចស្រង់​ឡើងវិញ​បាន​ទេ គឺ​បាន​ចំពោះតែ​បុគ្គល​កែខ្លួន​ប៉ុណ្ណោះ​។​

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ​ព្រឹក​ថ្ងៃទី​៥​ធ្នូ​នេះដែរ ក៏បាន​អនុម័ត​ប្រគល់​សេចក្ដីព្រាងច្បាប់ ​ស្ដីពី បរធនបាល​កិច្ច ជូនទៅ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ធ្វើការ​ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114