សែន​ក្រុង​ពាលី បង្កក់​ប្រសិទ្ធី​រូបចម្លាក់​តោ​នៅ​ស្រះស្រង់​បារាយណ៍​មេបុណ្យ

បន្ទាយមានជ័យ​ ៖ ពិធី​សែន​ក្រុងពាលី បង្កក់ប្រសិទ្ធិ​ដល់​រូបចម្លាក់​តោ​ដែល​ទើបតែ​ជីក​រក​ឃើញ​នៅ​ក្នុង​ធី​ក្នុង​ការដ្ឋាន​ជួសជុល ​ស្រះស្រង់​បារាយណ៍​ប្រាសាទ​មេបុណ្យ ​ស្ថិតនៅ​ភូមិ​ស្វាយចេក ឃុំ​ស្វាយចេក​ខេត្ត​បន្ទាយមានជ័យ​កន្លង​មក ។ ​ក្រុមការងារ​បាន​ធ្វើ​ពិធី​ខាង​ពុទ្ធ​សាសនា​លាយឡំ​ព្រហ្មញ្ញសាសនា​និង​ជំនឿ​តា​ទំនៀម​ដើម្បី​សិរីសួស្ដី​លើ​វត្តមាន​រូបចម្លាក់​តោ​ថ្ម​ដ៏​ធំ​នៅ​ល្អឥតខ្ចោះ​ដែល​ទើប​កំណាយ​រក​ឃើញ​ នៅ​ការដ្ឋាន​ជួសជុល​កំពង់ទឹក​ស្រះស្រង់​នៅ​បារាយណ៍​ប្រាសាទ​មេបុណ្យ​នោះ​។

​ពិធី​នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ​ឆ្នាំ​២០២០​ នោះ​ក្នុង​បំណង​សម្ដែង​ក្តី​អំណរ​សាទរ​ចំពោះ​កំណាយ​រក​ឃើញ​រូបចម្លាក់​តោ​៤​រូប​ក្នុង​នោះ មាន​១​រូប​មាន​ទំហំ​ធំ​និង​នៅ​រូបរាង​ដើម​ដ៏​ល្អ​ប្រពៃ​។​ និង​ដើម្បី​សុំ​សេចក្ដី​សុខ​ចម្រើន​ដល់​ទឹកដី​ភូមិ​ករ៍ ពិសេស​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ភូម​ឃុំ​បន្ទាយឆ្មារ ក៏​ដូច ស្រុក​ថ្មពួក ​ខេត្ត​បន្ទាយមានជ័យ​និង​ប្រទេស​កម្ពុជា​ផង​ដែរ ។​

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្រុមការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​ក្រុម​ប្រាសាទ​បន្ទាយឆ្មារ​បាន​សែន​ក្រុង​ពាលី ធ្វើ​កំណាយ​នៅ​ការដ្ឋាន​ជួសជុល​ព្រះ​ស្រះស្រង់​នៅ​បារាយណ៍​មេបុណ្យ​នោះ ក្រោម​ការ​គាំទ្រ​ថវិកា​លោក ស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ។

​ក្រុមការងារ​បាន​រក​ឃើញ​រូបចម្លាក់​តោ​ដ៏​សំខាន់​ទាំងនោះ ដែល​កប់​ក្នុង​ដី​។ ​រូបចម្លាក់​តោ​ដ៏​ធំ​ដែល​នៅ​ល្អឥតខ្ចោះ​មាន​សណ្ឋាន​ក្បាល​ចុះក្រោម ក្រុមការងារ​បាន​ជីក​និង​ស្ទូច​ឡើង​មក​តម្កល់ទុក ហើយ​បាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​ប្រោស​ព្រំ​បង្កក់ប្រសិទ្ធិ​និង​អន្ទង​ដួង​ព្រលឹង​មកវិញ រូបចម្លាក់​តោ​មាន​៤​រូប ក្នុង​នោះ​៣​រូប​មាន​សភាព​ប្រះ​ស្រាំ បែកបាក់ ពិការ​ខ្លួន​និង​ជើង និង​កំបុត​ក្បាល តែ​មាន​រូប​តោ​ដ៏​ធំ​មួយ នៅ​ល្អ​ទាំងស្រុង​ដូចដើម ៕

អត្ថបទ៖ គង្គា​