BREAKING NEWS
Search

សំណុំរឿង​ជួសជុល​ផ្ទះ ៖ ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់ ​ចំណែក​អ​តី​ត​អធិការរង​រត់​បាតជើង​ស​ព្រាត​ក្រោយ​ផ្ទុះ​អាវុធ​គំរាម​គ្នា​

​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់ ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​ហើយ​អតីត​អធិការរង​នគរបាល​ក្រុង​ម្នាក់​ បាន​រត់​គេចខ្លួនបាត់​ស្រមោល ក្រោយពី​មាន​ករណី​ផ្ទុះអាវុធ​ដាក់​គ្នា​ចំនួន​៣​គ្រាប់ ពាក់​ពន្ធ​ទំនាស់​រឿង​ជួសជុល​ផ្ទះ។

សាក្សី​នៅ​កន្លែងកើតហេតុ​បាន​បង្ហើប​ឲ្យ​សមត្ថកិច្ច​ដឹងថា មន្ត្រី​យោធា​ដែល​ត្រូវ​ប៉េអិម​ឃាត់ខ្លួន​នោះ​មានឈ្មោះ ជា ចិន្តា មាន​ឋានន្តរសក្ដិ​វរសេនីយ៍ឯក ចំណែក​ភាគី​ដែល​ផ្ទុះ​ ​អាវុធ ហើយ​បាន​រត់​គេច​ខ្លួន​ ឈ្មោះ គាវ ស៊ីថា អ​តី​ត​ជា​អធិការរង​នគរបាល​ក្រុង​តាខ្មៅ។​

ករណី​ផ្ទុះអាវុធ​នេះ​ ស្ថិតនៅ​ផ្លូវ​លេខ​១៣៩ សង្កាត់​អូរឫស្សី​៣ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ (​មន្ត្រី​យោធា​មិនមាន​ផ្ទះ​នៅ​ទីនោះ​ទេ ប្រហែលជា​សាច់ញាតិ​ហៅ​មក​កាង​)។

សាក្សី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ទៀតថា មុន​កើតហេតុ​ គេ​បានឃើញ​មន្ត្រី​យោធា និង​អ​តី​ត​អធិការ​រង​ក្រុង​តាខ្មៅ បាន​ទាស់​ពាក្យសំដី​គ្នា​ពាក់ព័ន្ធ​រឿង​ជួសជុល​ផ្ទះ ហើយ​ការ​ទំនាស់​ពាក្យសំដី​គ្នា​មួយ​ប្រាវ​នោះ គេ​បានឃើញ​មន្ត្រី​យោធា ដក​កាំភ្លើង​គំរាម​ទៅលើ​អ​តី​ត​អធិការរង​ក្រុង រួច​មន្ត្រី​យោធា​រូបនោះ​បាន​ដើរ​ឡើងទៅ​លើផ្ទះ​ជាន់​ទី​៣​បាត់ទៅ។ ឃើញ​ដូច្នោះ​ អ​តី​ត​អធិការរង​ក្រុង​ បាន​ទាក់ទង និង​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន​ដើម្បី​ជ្រាប និង​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​ចោទថា​មន្ត្រី​យោធា​បាន​ប្រើ​អាវុធ​គំរាម​ក្នុងពេល​មាន​ជម្លោះ។

បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ផ្ទាល់មាត់ អនុប្រធាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរឫស្សី​៣​ម្នាក់​ឈ្មោះ គិត ច័ន្ទ​តារា បាន​ទៅដល់​កន្លែងកើតហេតុ​ភ្លាម​ដែរ ដែល​ស្របពេលនោះ ​មន្ត្រី​យោធា​ក៏បាន​ចុះពីលើផ្ទះ​មកវិញ ហើយក៏​មានការ​ប៉ះ​ពាក្យសំដី​គ្នា​ជាមួយ​អ​តី​ត​អធិការរង​ក្រុង​ម្នាក់​នោះ​ទៀត។

ភាគី​ទាំងពីរ​ ក៏មាន​ទំនាស់​គ្នា​ម្តងទៀត​កាន់តែ​ខ្លាំងក្លា និង​រហូត​មានការ​ស្ទុះ​ចង់វាយ​ទាត់​ធាក់​គ្នា ប៉ុន្តែ​បាន​លោក​អនុប្រធាន​ប៉ុស្តិ៍​ជួយ​ឃាត់ ហើយ​ឆ្លៀត​ឱកាស​នោះ​អ​តី​ត​អធិការរង​ក្រុង បាន​ដកយក​កាំភ្លើងខ្លី​ពី​ចង្កេះ​ លោក គិត ច័ន្ទ​តារា អនុប្រធាន​នគរបាល​ប៉ុស្តិ៍​អូរឫស្សី​៣ បាញ់​ភ្ជុc​​ដី​ចំនួន​៣​គ្រាប់​រួច​រត់​ចូលក្នុង​ផ្ទះ​បាត់។ ក្រោយពេល​មាន​សភាពការណ៍​ផ្ទុះអាវុធ កម្លាំងសមត្ថកិច្ច​កងរាជអាវុធហត្ថ និង​នគរបាល​ខណ្ឌ​៧​មករា បាន​ទៅដល់ និង​បាន​ធ្វើការ​ឃាត់ខ្លួន​មន្ត្រី​យោធា​យក​ទៅ​សាកសួរ ចំណែក​ភាគី​ផ្ទុះ​អាវុធ គឺ​អ​តី​ត​អធិការរង​ក្រុង​ម្នាក់​នោះ បាន​ចេញ​ទ្វារ​ក្រោយ​គេចខ្លួន​បាត់​ទៅ។ តែ​ទោះជា​យ៉ាងណា ​ពេលនេះ​សមត្ថកិច្ច​កំពុង​អន្ទង​ហៅ​អ​តី​ត​អធិការរង​ក្រុង​នោះមក​វិញ ដើម្បី​ឲ្យ​គាត់​មក​ទទួលខុសត្រូវ ចំពោះ​ករណី​ផ្ទុះអាវុធ​អនាធិបតេយ្យ​ចំ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន ធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​នេះ។

ក្រោយ​សាកសួរ​ មន្ត្រី​យោធា ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា នាំ​ខ្លួន​ទៅកាន់​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី ចំណែក​អនុប្រធាន​នគរបាល​ប៉ុស្តិ៍​អូរឫស្សី​៣ ដែលជា​ម្ចាស់​អាវុធ ក៏​ត្រូវបាន​ថ្នាក់លើ​ឲ្យ​ធ្វើ​របាយការណ៍​ភ្លាមៗ​ដែរ ព្រោះ​ជា​ការ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​អ្នកដទៃ​ឆក់យក​កាំភ្លើង​ពី​ខ្លួន​ធ្វើ​សកម្មភាព​បាញ់បោះ​បង្កើត​ការភ្ញាក់ផ្អើល​កណ្ដាល​ក្រុង​បែបនេះ។​

ឥឡូវ​ករណីនេះ​ សមត្ថកិច្ច​ មិនទាន់​បញ្ជូន​មក​តុលាការ​ទេ ដោយ​ត្រូវ​អន្ទង​ហៅ​អតីត​អធិការរង​ក្រុង​តាខ្មៅ​ឲ្យ​ចូល​មក​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន បើ​មិន​ចង់​មាន​បញ្ហា​វែងឆ្ងាយ​ទៅមុខទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114