សំណុំរឿង​របស់​លោក កឹម សុខា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកសវនាការ​បន្ត​ចូលដល់​ស​ប្តា​ហ៍​ទី​៥

ភ្នំពេញ ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាល​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ ២០២០​នេះ បាន​បន្ត​សវនាការ​លើ​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​របស់លោក កឹម សុខា ក្រោយពី​ដំណើរការ​ចំនួន​១២ (៤​ស​ប្តា​ហ៏​) លើក​កន្លងមក​មិនទាន់​បាន​បញ្ចប់ ហើយ​នៅ​សប្តាហ៍​ទី​៥​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​ដំណើរការ​រយៈពេល​២​ថ្ងៃ​ដូចគ្នា គឺ​ថ្ងៃទី​១២ និង​ទី​១៣ ខែកុម្ភៈ​។

ដូច​រាល់ដង​ដែរ សម្រាប់​សវនាការ​នា​ព្រឹក​នោះ លោក កឹម សុខា បានធ្វើ​ដំណើរ​ពី​គេហដ្ឋាន តាមរយៈ​រថយន្ត​ផ្ទាល់ខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ អម​ដោយ​មន្ត្រី​ស្និទ្ធ​របស់​ខ្លួន គឺ​លោក យ៉ែម ប៉ុ​ញ្ញ​រិ​ទ្ធ​, លោក មុត​ចន្ថា និង​សហការី​មួយ​ចំនួន​ទៀត​។ ទោះយ៉ាង​ណា ន​នៅ​ស​ប្តា​ហ៍ទី​៥​នេះ មិនសូវមាន​អ្នកគាំទ្រ​ទេ នៅ​ខាង​មុខ​តុលាការ ប៉ុន្តែ​មានការ​រិត​ត្បិត​ចំពោះ​ការ​ថត​រូប​យ៉ាង​ខ្លាំង ដោយ​អ្នកសារព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លង​ផ្លូវ ចូល​ទៅ​ជិត​របង ដើម្បី​ថតរូប​ឡើយ​។

លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា នៅក្នុង​សវនាការ ក្រុម​មេធាវី​ការពារ​ក្តី​បាន​បាន​គាត់​សំគាល់​ចំនួន​ពីរ​ដង​រួច​មក​ហើយ​ទៅលើ​ភាព​មិន​ប្រក្រតី​នៃ account facebook ឈ្មោះ “​កូន​ខ្មែរ​” ដែល​លោក​អះអាង​ថា ជា account អនាមិក មាន​ប្រភព​មិន​ច្បាស់លាស់ ហើយ​បែរជា​យក​មក​ធ្វើជា​ភស្តុតាង​ដាក់បន្ទុក​លើ​កូនក្តី​។ ទី​ពីរ​បាន​ចាប់អារម្មណ៍​ទៅលើ​ភាព​មិន​ប្រក្រតី នៃ​ឯកសារ​ដែល​បាន​លើក​យកមក​បង្ហាញ​នៅ​ក្នុង​សវនាការ ទាក់ទង​ទៅនឹង​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​សិទ្ធិមនុស្ស និង​គណបក្ស​របស់​លោក សម រង្ស៊ី​។

លោក​អះអាង​ថា ជា​ធម្មតា​ឯកសារ​មាន​លេខ​ស្វី​ត ប៉ុន្តែ​ឯកសារ​នេះ មាន​ភាព​មិនប្រក្រតី ហើយ​ក្រោយពី​ឃើញ​មាន​ភាព​មិន​ប្រក្រតី ក្រុម​មេធាវី​បាន​ស្នើ​ឲ្យ​ចៅក្រម​ជំនុំជម្រះ​បង្ហាញ តែ​ចៅក្រម​ជំនុំ​ជំ​រះ​បាន​អះអាងថា នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃស្អែក​។ ដូច្នេះ​តែ​ក្រុម​មេធាវី​លោក បាន​ខកចិត្ត​ដោយសារតែ​ចៅក្រម​មិនបាន​ធ្វើ​អ្វី​តាម​ការស្នើសុំ​ភ្លាមៗ​។

​ទាក់ទង​ការ​លើក​ឡើង​នេះ មិន​មាន​ការ​បកស្រាយ​ណាមួយ​ពី​មេធាវី​ដើមបណ្តឹង​ទេ ដោយសារ​ក្រុម​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី មិនបាន​ផ្តល់​បទ​សម្ភាសន៍ ប៉ុន្តែ​បើ​ផ្អែក​តាម​លោក គី តិច កាល​ពី​សប្តាហ៍​មុន លោក​បាន​អះអាងថា នៅក្នុង​សំណុំ​រឿង​នេះ លោក​មាន​ឯកសារ​ច្រើន​ណាស់ ដែល​នឹងត្រូវ​ដាក់​ជូន​សវ​នា ការ​តាម​លំដាប់លំដោយ ហើយ​បើ​តាម​ការ​កត់សម្គាល់​ម​ក​ដល់​ពេល​នេះ លោក​អាច​និយាយ​បាន​ថា លោក កឹម សុខា នឹងមិន​អាច​គេច​ផុតពី​ការចោទប្រកាន់​បានទេ​។

លោក កឹម សុខា ត្រូវបាន​ចាប់ និង​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​
​យោងតាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ អាច​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ បើ​រកឃើញ​ការពិត​ដូច​ការចោទប្រកាន់​នោះ​មែន​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114