ព័ត៍មានទាន់​ហេតុការណ៏
Search

សំណេះសំណាល ​លើកទឹកចិត្ត​ មុន​ការប្រកួត​ជើងឯក​ប៉េតង់​ពិភពលោក​មកដល់​

លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង ​ប៉េតង់​កម្ពុជា ​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូ​បង្វឹក កីឡាករ​-​កីឡា​ការិនី​ប៊ូល និង​ប៉េតង់​កម្ពុជា ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ប៊ូល និង​ប៉េតង់​ពិភពលោក យុវជន និង​ស្ត្រី លើក​ទី​១៧ ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។​ ការជួប​សំណេះសំណាល​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី០​៧​វិច្ឆិកា ​នាទី​លាន​ប្រកួត​កីឡា​ប៉េតង់​តែម្ដង​។

លោ​ក ស សុខា​ បាន​មានប្រសាសន៍ថា ការប្រកួត​កាន់តែ​ខិតជិត​មកដល់​ហើយ​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ​ដូច្នេះ​កីឡាករ​កីឡាការិនី ​ត្រូវ​ប្រយ័ត្នប្រយែង​ការ​ហូបចុក ​និង​ថែទាំ​សុខភាព​ឲ្យ​បានល្អ​ព្រមទាំង​ខិតខំ​ហ្វឹកហាត់​បន្ថែម​ទៀត​។​ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ​យ៉ាង​កក់ក្ដៅ និង​ត្រូវ​ធ្វើ​ការប្រកួត​ឲ្យ​អស់​សមត្ថភាព​ដូច​ការប្រកួត​នៅ​ក្រៅ​ប្រទេស​ដែរ​។​

ជាមួយនឹង​ការជួប​សំណេះសំណាល​នេះ ​លោក​ប្រធាន​សហព័ន្ធ បាន​ឧបត្ថម្ភ​ដល់​គ្រូ​បង្វឹក កីឡាករ​-​កីឡា​ការិនី​ក្នុង​មួយម្នាក់​ទឹកប្រាក់​ចំនួន​១​លាន​រៀល​។​

ការប្រកួត​ជើងឯក​ពិភពលោក​នេះ​ សម្រាប់​កម្ពុជា​ ក្រុម​បុរស​មាន​២​ក្រុម​ ដែល ក្រុមទី​១​ មាន​កីឡាករ ឃួន លី​ហ៊ កីឡាករ កុយ សុភ​ក្ត្រា កីឡាករ ភាព រ៉ា​ឃីម និង កីឡាករ​ គង់ កែវ​សុខា​ន់​។ ចំពោះ​ក្រុមទី​២​មាន​កីឡាករ ទីវ រដ្ឋា ​កីឡាករ ពុត យ៉ុ​ន​ច័ន្ទដារ៉ា កីឡាករ​ វ៉ាន ភា​រុណ និង កីឡា​ករ ហេង ស៊ីណា ព្រមទាំង​គ្រូបង្វឹក គ្រូ​ជំនួយ​ចំនួន​៣​នាក់​។​

ចំពោះ​ក្រុម​នារី​វិញ ​ក៏មាន​២​ក្រុម​ដែរ​ ដោយ​ក្រុមទី​១​ មាន​កីឡា​ការិនី​ កែ​ ឡេង​ ដែលជា​ម្ចាស់​មេដាយ​មាស​ជើងឯក​ពិភពលោក​៣​ សម័យកាល កីឡា​ការិនី​អ៊ុក ស្រីមុំ កីឡាការិនី​អ៊ុន ស្រី​យ៉ា និង កីឡា​ការិនី ​កែវ សុ​វណ្ណា រីឯ ក្រុមទី​២​វិញ​នោះ​ មាន​កីឡា​ការិនី​ស្រ៊ាង សុរ៉ា​ឃីម កីឡា​ការិនី​ វង ចន្ថា កីឡា​ការិនី​ឃួន យ៉ា​រី និង កីឡា​ការិនី ដួង​ឌី​ណា ហើយ​គ្រូបង្វឹក គ្រូ​ជំនួយ​ចំនួន​៣​នាក់​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114