សំនួរ៖ កម្មវិធីប្រើ​ក្នុងកិច្ច​​ប្រជុំអនឡាញទាំងអស់ មួយណាមានសុវត្ថិភាពជាងមួយណា?
BREAKING NEWS
Search

សំនួរ៖ កម្មវិធីប្រើ​ក្នុងកិច្ច​​ប្រជុំអនឡាញទាំងអស់ មួយណាមានសុវត្ថិភាពជាងមួយណា?

លោក អ៊ូ ផាន់ណារិទ្ធិ ប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យា ទូរគមនាគមន៍ និង​ព័ត៌មានវិទ្យា​របស់​ក្រសួង​ប្រៃសណីយ៍បាន​លើក​ជា​សំណួរ តើក្នុងចំណោមកម្មវិធីកិច្ចប្រជុំអនឡាញទាំងអស់ មួយណាដែលមានសុវត្ថិភាពនិង​សន្តិសុខជាងមួយណា?

តាម​អ្នក​ជំនាញ​ដែល​ធ្វើ​ការ​លើ​ផ្នែក​សន្តិសុខលើក​ឡើង​ថា វាស្ថិតនៅលើអ្នកប្រើប្រាស់តែប៉ុណ្ណោះ ថាត្រូវជ្រឿសរើសយ៉ាងដូចម្តេច?

១/ រាល់កម្មវិធីសម្រាប់កិច្ចប្រជុំទាំងអស់គឺសុទ្ធតែមានចំនុចខ្សោយ (vulnerability) មិនថា Zoom, Microsoft Team, GotoMeeting, Cisco WebEx Meeting ជា​ដើម ដូចដែលអ្នកទាំងអស់គ្នាបានឃើញព័ត៌មានជាបន្តបន្ទាប់រួចមកហើយ

២/ កំហុសភាគច្រើនដែលអ្នកបានដឹងកន្លងមកនេះ គឺភាគច្រើនជាកំហុសឆ្គងរបស់អ្នកប្រើប្រាស់ ដែលបានបង្ហាញព័ត៌មានដែលមិនគួរបង្ហាញ ដូចជា Meeting ID, Password, ជាដើម

៣/ ប្រសិនបើកិច្ចប្រជុំនោះមានការពិភាក្សាគ្នាអំពីព័ត៌មានសំងាត់ សូមរកកម្មវិធីកិច្ចប្រជុំដែលមានលក្ខណៈសម្រាប់សហគ្រាសធំៗ (Enterprise Class) ដែលអាចចំណាយថវិការច្រើនសម្រាប់ឧបករណ៍ និងការរៀបចំ

៤/ ក្នុងនាម​ជាអភិបាល ឬអ្នកប្រើប្រាស់ ត្រូវតែមានការប្រុងប្រយ័ត្ន ដោយអនុវត្តន៍ តាមគន្លឹះសន្តិសុខល្អៗ (Security Tips) នៃការប្រើប្រាស់កម្មវិធីកិច្ចប្រជុំអនឡាញ

ខាងក្រោមនេះគឺជាការសង្ខេបនៃការអនុវត្តល្អៗ ដែលអ្នកប្រើប្រាស់​គួតែអនុវត្ត៖

១. សូមដាក់ពាក្យសម្ងាត់ការពារកិច្ចប្រជុំរបស់អ្នក និងដាក់ដំណើរការមុខងារការពារពីរជាន់ (2FA) បើសិនជាមាន
២. ធ្វើការគ្រប់គ្រងឱ្យបាននូវការចែករំលែកព័ត៌មានលើអេក្រង់ (Sharing Screen)
៣. ជៀសវាងការចែករំលែកព័ត៌មានអំពីកិច្ចប្រជុំអនឡាញនៅលើបណ្តាញព័ត៌មានសង្គម (Social Media) លុះត្រាតែកិច្ចប្រជុំនោះមានលក្ខណៈបើកចំហរ
៤. ប្រើប្រាស់មុខងារ “បន្ទប់រង់ចាំ (waiting room)” បើសិនជាមាន ដើម្បីការពារមិនឱ្យអ្នកដែលយើងស្គាល់ចូលដោយស្វ័យប្រវត្តិទៅក្នុងកិច្ចប្រជុំ
៥. ធ្វើការគ្រប់គ្រងបន្ទប់នៃកិច្ចប្រជុំឱ្យបានម៉ត់ចត់ ហើយធ្វើការដកចេញនូវបុគ្គលណាដែលមានការសង្ស័យ
៦. ត្រូវធ្វើការបិទ Microphone របស់អ្នកចូលរួមទាំងអស់ ទុកតែអ្នកដែលជជែកពិភាក្សា
៧. ប្រើបាស់កម្មវិធីកិច្ចប្រជុំជំនាន់ (កំណែ) ចុងក្រោយបង្អស់ដោយការអាប់ដេត
៨. ធ្វើការហ្វឹកហ្វឺនដល់បុគ្គលិកទាំងអស់អំពីសុវត្ថិភាពនៃការប្រើប្រាស់កម្មវិធីកិច្ចប្រជុំ

ចូរចាំថា សន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាគឺស្ថិតនៅក្នុងដៃរបស់អ្នកជានិច្ច! សូមមានការប្រុងប្រយ័ត្ន!

អត្ថបទ៖ ដីក្រហម