ព័ត៍មានទាន់​ហេតុការណ៏
Search

សំបុត្រ​ទស្សនា​ការប្រកួត​មិត្តភាព រវាង កម្ពុជា ជាមួយ ម៉ុង​ហ្គោ​លី ចាប់ផ្ដើម​ដាក់លក់​ពីថ្ងៃ​ទី​៩ រហូតដល់​ថ្ងៃ​ប្រកួត​មកដល់

ព្រឹក​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានប្រកាស​ថ្ងៃ​ដាក់លក់​សំបុត្រ​ចូល​ទស្សនា​ការប្រកួតរ​វាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ុង​ហ្គោ​លី ដោយ​នឹង​ចាប់ផ្ដើម​លក់​ពី​ថ្ងៃទី​០៩ ខែវិច្ឆិកា តទៅ ពោលគឺ ៥​ថ្ងៃមុន​ការប្រកួត​នេះ​មកដល់​។

សម្រាប់​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ជំនួប​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ (International Friendly Match) គឺ​នៅ​រក្សា​តម្លៃ​ដដែល ពោលគឺ ១០,០០០​រៀល និង ៥,០០០​រៀល ដោយ​ក្នុងនោះ​តម្លៃ ១០,០០០​រៀល គឺ​សម្រាប់​នៅ​តំបន់​មាន​ដំបូល និង​ភ្ជាប់​ដោយ​កៅអី​ជ័រ ខណៈ​សំបុត្រ​ដែលមាន​តម្លៃ ៥,០០០​រៀល គឺ​នៅ​តំបន់​អត់​ដំបូល​។

ចំពោះ​ការប្រកួត​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នា​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ដោយ​ស្ថានីយទូរទស្សន៍ BTV News នឹងធ្វើ​ការផ្សាយ​ផ្ទាល់​ផងដែរ​។

បញ្ជាក់​ថា ​ការប្រកួត​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ​នេះ គឺជា​ការ​ត្រៀម​សម្រាប់​ក្រុម​ទាំងពីរ ក្នុងការ​ប្រកួត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា (2022 FIFA World Cup qualification-AFC) ក៏ដូចជា​ពានរង្វាន់​ជើងឯក​អាស៊ី (2023 AFC Asain Cup) ក្នុងជំនួប​ទី​៥ ប្រចាំ​ពូ​ល C ទល់នឹង​ហុងកុង នៅ​ថ្ងៃទី​១៩ ខែ​ដដែល លើ​កោះ​ហុងកុង ស្រប​ពេលដែល ម៉ុង​ហ្គោ​លី យក​ការប្រកួត​នេះ​ត្រៀម​ប៉ះ មី​យ៉ាន់​ម៉ា​។

​ក្រុម​ម៉ុង​ហ្គោ​លី នៅក្នុង​វគ្គ​ជម្រុះ World Cup ដោយនៅ​ពូ​ល F ហើយ​ឆ្លងកាត់​៤​ប្រកួត​ដូច​កម្ពុជា​ដែរ ប៉ុន្តែ​ក្រុម​នេះ​មាន​៣​ពិន្ទុ ដោយសារតែ​ឈ្នះ​ក្រុម​មី​យ៉ាន់​ម៉ា បាន ១-០ នៅ​ប្រកួត​ទី​១ មុនពេល​ចាញ់​ក្រុម​តា​ហ្ស៊ី​គី​ស្ថាន ១-០ ចាញ់​ជប៉ុន ៦-០ និង​ចាញ់​សាធារណរដ្ឋ​គៀ​ហ្គី​ហ្សី ២-១ កាលពី​ខែ​មុន​។​


​សម្រាប់​កម្ពុជា ក្នុង​វគ្គ​ជម្រុះ FIFA World Cup 2022 នេះ​ផងដែរ ដែល​ស្ថិតនៅ​ពូ​ល C កម្ពុជា បាន​ប្រកួត​ចំនួន ៤​លើក​រួចមកហើយ ដោយ​ក្នុងនោះ​ប្រកួត​ស្មើ ហុងកុង ១-១ និង​ចាញ់​បា​រ៉ែ​ន ០-១ នៅក្នុង​ទឹកដី ក្រោយមក​ចាញ់ អ៊ីរ៉ង់ ១៤-០ នៅក្រៅ​ដី និង​ចុងក្រោយ​ចាញ់ អ៊ីរ៉ាក់ ៤-០ នៅក្នុង​ទឹកដី។

ការប្រកួត​លើក​ទី​៥ របស់​កម្ពុជា គឺ​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ប្រកួត​ជាមួយ​ហុងកុង នៅ​ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ក្រោយ​ចប់​ការប្រកួត​ទី​៥ នឹងមិន​មានការ​ប្រកួត​ទៀតឡើយ ដោយ​ក្រុម​ជម្រើសជាតិ​ទាំងអស់​នឹងត្រូវ​សម្រាក​រហូតដល់​ខែមីនា ឆ្នាំ ២០២០ ដោយ​ក្នុងនោះ កម្ពុជា បើកឆាក​ប្រកួត​ឆ្នាំ​ថ្មី ដែល​ត្រូវ​ជួប បា​រ៉ែ​ន នៅ​ថ្ងៃទី ២៦ ខែ មីនា នៅក្រៅ​ទឹកដី​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114