ស្ងាត់ៗ​មាន​អភិបាលរង​ខេត្ត​សរសេរ​ពាក្យ​ឡើង​តាម​លុយ​ ទៅកាន់​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា
BREAKING NEWS
Search

ស្ងាត់ៗ​មាន​អភិបាលរង​ខេត្ត​សរសេរ​ពាក្យ​ឡើង​តាម​លុយ​ ទៅកាន់​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា

តាកែវ ៖​ ថ្មីៗ​នេះ​មាន​អភិបាលរង​ខេត្ត​មួយ​រូប​បាន​ធ្វើការ​រិះគន់​ទៅលើ​ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​ ព្រមទាំង​បានស្នើ​ទៅ​ថ្នាក់លើ​នៃ​មន្ទីរ​មួយ​នេះ​ចុះមក​អប់រំ​កូនចៅ​ តាមរយៈ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​គាត់​ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ពលរដ្ឋ​ និង​មន្ត្រីរាជការ​ជាច្រើន​ក្នុង​ខេត្តតាកែវ។

ករណី​មន្ត្រីរាជការ​ធ្វើការ​រិះគន់​គ្នា​ជា​ចំហ​តាមរយៈ​បណ្តាញ​សង្គម​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មើលឃើញ​ពី​ភាពមិន​ស៊ីសង្វាក់​គ្នា​រវាង​រដ្ឋបាល​សាលាខេត្ត​ និង​មន្ទីរ​អង្គភាព​ចំណុះ​ខេត្ត​មួយ​នេះ​គឺ​លោក អ៊ុន វណ្ណា អភិបាលរង​ខេត្តតាកែវ​បាន ធ្វើឡើង​ចំពោះ​លោក ជួង វ៉ាន់ ប្រធាន​មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្ត​ បន្ទាប់ពី​ប្រធាន​មន្ទីរ​មួយ​នេះ​ធ្វើការ​មិន​ចេះ​ឆ្លង​យោបល់ ​និង​សហការ​ជាមួយ​​រដ្ឋបាល​សាលាខេត្ត​នាពេល​កន្លងមក នេះ​បើតាម​ខ្លឹមសារ​សរសេរ​លើ​បណ្តាញ​សង្គម​របស់លោក​ដែល​បាន​បង្ហោះ​។​

ក្រុម​ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ចម្ងល់​ថា ហេតុអ្វី​បានជា​រដ្ឋបាល​សាលា ខេត្ត​មិនមាន​ចំណាត់ការ​ដោះស្រាយ​ណាមួយ​ល្អ​ចំពោះ​ប្រធាន​មន្ទីរ​រូបនេះ​ស្រប​ពេលដែល​រឿងអាស្រូវ​ត្រូវបាន​លេចឡើង​យ៉ាង​ដូច្នេះ បែរ​ជា​យក​វិធី​សរសេរ បង្ហោះ​តាម​បណ្តាញ​សង្គម​ទៅវិញ​។​

សូមបញ្ជាក់ថា លោក អ៊ុន វណ្ណា ដែលជា​អភិបាលរង​ខេត្តតាកែវ បា​ន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្ទាល់ខ្លួន​គាត់​កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៧ កន្លងមក​ថា «​សូម​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ជួយ​ប្រដៅ និង​បង្រៀន​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តតាកែវ ដែល​ឡើង​តាម​លុយ​ឲ្យ​ចេះ​ធ្វើការ​ជាមួយ​អាជ្ញាធរ​រដ្ឋបាល​ដែនដី​ផង ដែល ធ្វើការ​រាល់ថ្ងៃ​ភ្លីភ្លើ​ចឹ​ងៗ ប្រឡង​ព្រះសង្ឃ​ក្នុង​មួយខែ​នេះ​ពីរដង​ហើយ គិត​ទាំង​ពេល​ហ្នឹង​ទៀត បែប​បាន​ឃុបឃិត​ស៊ី​គ្រប់ បាន​ស្ងាត់ អត់​ឲ្យ​ខេត្ត​ដឹង​»​។​

ជួប​ជាមួយ​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧ លោក ជួង វ៉ាន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តតាកែវ​បាន​ប្រាប់​យ៉ាងខ្លី​ថា ជុំវិញ​ព័ត៌មាន​ដែល​អភិបាល រង​ខេត្ត​ធ្វើការ​រិះគន់​មកលើ​រូបលោក​នោះ វា​ជាការ​យល់ច្រឡំ រវាង​រដ្ឋបាល​ខាង​ខេត្ត​ និង​ខាង​មន្ទីរ​លោក​តែប៉ុណ្ណោះ​។​

ចំណែកឯ​សារ​ដែល​លោក អ៊ុន វណ្ណា បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក​វិញ​នោះ ពេលនេះ​បាន​លុបចេញ​ហើយ​ដែរ ដោយបាន​បង្កប់​រូប​ភាពមិន​ស៊ីសង្វាក់​ និង​មិន​សហការគ្នា​រវាង​រដ្ឋ​បាល​សាលាខេត្ត​ និង​មន្ទីរ​ធម្មការ​និង​សាសនា​ដល់​ប្រជាពលរដ្ឋ​យ៉ាងច្រើន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114