ស្តាប់​ប្រមុខ​បាល់ទាត់​អាស៊ាន​និយាយ ​ក្នុង​យុគសម័យ​កូ​វីដ​-១៩

លោក​ឧត្ដមសេនីយ៍​ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (The Asean Football Federation ) និង​ដែល​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ផង​នោះ បាន​សម្ដែង​នូវ​ការ​តក់ស្លុត​ចំពោះ​ការសម្រេចចិត្ត​កែប្រែ​កម្មវិធី​ប្រកួត​នានា​ក្នុង​តំបន់ ដើម្បី​ចូលរួម​ទប់ស្កាត់​កូ​វីដ​-១៩ ។

ថ្លែង​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ លោក​ខៀវ សា​ម៉េ​ត បាន​លើក​ឡើង​ថា នេះ​គឺជា​ពេលវេលា​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​សម្រាប់​ពិភពលោក​ទាំងមូល រួម​ទាំង​ក្រុម​គ្រួសារ​បាល់ទាត់ និង​សហគមន៍​របស់​យើង ប៉ុន្តែ​យើង​នឹង​ឆ្លងកាត់​វា​ជាមួយគ្នា។ ទោះយ៉ាងណា​ការ​ឆ្លងកាត់ ​វា​នឹង​តម្រូវ​ឲ្យ​យើងទាំងអស់គ្នា​ចូលរួម​ចំណែក​។​

សូមបញ្ជាក់ថា សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​បានសម្រេច​លើក​ពានរង្វាន់​៤ នឹង​ត្រូវ​បាន​ពន្យារពេល​ទៅ​កាលបរិច្ឆេទ​ក្រោយៗ​ទៀត​នៅ​ឆ្នាំនេះ ដោយ​ចាប់ផ្ដើម​ពី​ព្រឹត្តិការណ៍​បាល់ទាត់​នារី​អាស៊ីអាគ្នេយ៍ ព្រឹត្តិការណ៍​យុវជន ​និង​យុវនារី​៣​ទៀត ដែល​ត្រូវ​ផ្លាស់ប្ដូរ​ផងដែរ​នោះ គឺ​ការប្រកួត​ពានរង្វាន់​បាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ , ពាន​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ និង​ពាន​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ ដែល​គ្រោង​ធ្វើ​នៅក្នុង​ខែ​មិថុនា ខែ​កក្កដា និង សីហា បន្តបន្ទាប់​គ្នា ​ស្រប​ពេលដែល​ព្រឹត្តិការណ៍​ចំនួន​៥​ផ្សេងទៀត​របស់​សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍ នឹង​បន្ត​ប្រព្រឹត្ត​ទៅតាម​ការ​គ្រោង​ទុក គឺ​រួមមាន​ការប្រកួត​ពាន​រង្វាន់​បាល់ទាត់​នារី​អាយុ​ក្រោម​១៥​ឆ្នាំ​, បាល់ទាត់​ក្នុង​សាល , ក្លឹប​បាល់ទាត់​ក្នុង​សាល​, បាល់ទាត់​លើ​ឆ្នេរ​ខ្សាច់ និង​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍ (AFF Championship ឬ​និយម​ហៅថា AFF Suzuki Cup) ខណៈ​ពានរង្វាន់​ក្លឹប​បាល់ទាត់​អាស៊ីអាគ្នេយ៍ (Asean Club Championships – ACC) ត្រូវ​លើក​ទៅ​ឆ្នាំ​២០២១ វិញ​។​

កូ​វីដ​-១៩ ហានិភ័យ​ នៃ​ការ​ឆ្លង​ជំងឺ​នេះ ភាគច្រើន​មាន​លើ​ការ​ប្រមូលផ្តុំ ដែល​មាន​មនុស្ស​ច្រើន ដូច​ជា​ព្រឹត្តិការណ៍​បាល់ទាត់​ជាដើម។​

លោក​ខៀវ សា​ម៉េ​ត បានបញ្ជាក់​ថា​ យើង​បាន​ធ្វើការ​សម្រេចចិត្ត​ក្នុង​ការ​ពន្យារ​ពេល ឬ​នៅពេលណា​ដែល​ចាំបាច់ ដើម្បី​លុបចោល​ការប្រកួត​នានា​របស់​យើង ដើម្បី​កាត់បន្ថយ​ទំនាក់ទំនង​សង្គម ជាមួយ​គោលដៅ​ ដើម្បី​ការពារ​សុវត្ថិភាព​ និង​សុខភាព គ្រួសារ​បាល់ទាត់​របស់​យើង ​និង​សហគមន៍​។ ​នៅ​ពេល​ដែល​ស្ថានភាព​កំពុង​វិវត្ត​ឥត​ឈប់ឈរ យើង​នឹង​បន្ត​តាមដាន​យ៉ាង​ដិតដល់ ហើយ​យើង​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្លាស់ប្ដូរ​កាលវិភាគ​ប្រកួត​របស់​យើង​ ប្រសិនបើ​ចាំបាច់​។ នៅក្នុង​រាល់​ការ​សម្រេច​ចិត្ត​របស់​យើង AFF​ តែងតែ​ផ្តល់​អាទិភាព​ដល់​សុខុមាលភាព​ នៃ​គ្រួសារ​បាល់​ទាត់ និង​សហគមន៍​របស់​យើង​។​

បុរស​ដំបូង​គេ​របស់​កម្ពុជា​ ដែល​ជាប់​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍​អាណត្តិ​ទី​៥ រូប​នេះ បន្ថែម​ថា ដោយមាន​ការណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO), ក្រសួងសុខាភិបាល​, ទីភ្នាក់​ងារ​រដ្ឋាភិបាល​, សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) និង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC)​ហើយ នឹង​ផ្តល់​ព័ត៌មាន​ថ្មីៗ​បន្ថែម​ទៀត​នៅ​ពេល​ចាំបាច់​។​

លោក​បន្ត​ទៀត​ថា យើងទាំងអស់គ្នា ​ត្រូវ​ចូលរួមចំណែក​ ដើម្បី​រក្សា​ការ​ឆ្លង​មេរោគ​ឲ្យ​នៅ​ទាប​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដូច្នេះ គ្រូពេទ្យ និង​គិលានុបដ្ឋាយិកា ដែល​កំពុង​ប្រថុយ​ជីវិត​របស់​ពួកគេ​នៅ​ជួរមុខ អាច​ទប់​ទល់នឹង​ចំនួន​អ្នកជំងឺ​ធ្ងន់ធ្ងរ​ហើយ ដូច្នេះ​មន្ទីរពេទ្យ​របស់​យើង​ នឹង​មិន​ណែន​ណាន់​តាន់​តាប់​ឡើយ។ វិធាន​ការដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​នីមួយៗ អាច​ធ្វើ​ការ​បាន​លុះ​ត្រា​តែ​យើងទាំងអស់គ្នា​ចូលរួម​ចំណែក ដើម្បី​កាត់បន្ថយ​ទំនាក់ទំនង​សង្គម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕
អត្ថបទ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114