ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ចំណាស់​​ម្នាក់ ​ត្រូវ​ចាប់ខ្លួន​ ​ពាក់ព័ន្ធ​លួច​ទូរស័ព្ទ​ដៃ​ក្នុង​ផ្សារ​ច្បារអំពៅ

ភ្នំពេញ​ ៖ ​ស្ត្រី​ចំណាស់​ម្នាក់ ​ត្រូវ​បាន​​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​ ចាប់​ខ្លួន​ ខណៈ​​​ស្ត្រី​ចំណាស់​រូប​នេះ​ បាន​លួច​ទូរស័ព្ទ​ដៃ​គេ​ ក្នុង​ផ្សារ​ច្បារអំពៅ។

ការ​ចាប់​ខ្លួន​នេះ ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា ​ក្នុង​ផ្សារ​ច្បារអំពៅ​ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​កណ្តាល​ សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។​ ស្ត្រី​ចំណាស់ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​មាន​ឈ្មោះ​គីម ធី អាយុ​៦៥​ឆ្នាំ​ ជនជាតិ​វៀតណាម​ស្នាក់នៅ​ផ្ទះ​ជួល​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ​ ម៉ៅ សឿត​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ចំណាស់​ខាងលើ ​បាន​ធ្វើ​សកម្មភាព​ លួច​យក​ទូរស័ព្ទ​ដៃ​របស់​ជនរងគ្រោះ​ឈ្មោះ​សេង សុខ ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​ មុខរបរ​លក់ដូរ ​ស្នាក់នៅ​ផ្ទះ​លេខ​៣៨៤ ​ភូមិ​ព្រះ​ពន្លា​ សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ខណៈ​ជនរងគ្រោះ​ដាក់​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿងក្នុង​កាបូបស្ពាយ​ពីក្រោយ​ហើយ​ដើរចូល​ផ្សារ​ច្បារអំពៅ​រក​ទិញ​អីវ៉ាន់។ ប៉ុន្តែ​ពេល​​​លួច​ទូរស័ព្ទ​ដៃ​បាន​ហើយ ​​​គេចខ្លួន​នោះ​ស្រាប់តែ​ជនរងគ្រោះ​ឃើញ​ទាន់ ​ក៏​ដេញ​ចាប់​​​ ​​ប្រគល់​ឲ្យ​សន្តិសុខ​ផ្សារ​និង​បញ្ជូន​បន្ត​មក​នគរបាល​ប៉ុស្តិ៍​ចាត់ការ​តាម​ផ្លូវ​ច្បាប់។ ទូរស័ព្ទ​ដៃ​២​គ្រឿង​នេះ ​ម៉ាក​អាយ​ហ្វូ​ន​៦ Plus​ពណ៌​ទឹកមាស ​និង​មួយ​គ្រឿង​ទៀត​ហូ​វៃ ពណ៌​ខៀវ។

តាម​ការ​បញ្ជាក់​ពី​លោក​អធិការរង ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ បាន​ដាក់​ពាក្យ​បណ្តឹង​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ដោយ​មិន​អធ្យាស្រ័យ​ឲ្យ​ឡើយ​ ព្រោះ​ចាស់​ហើយ ​មិន​គិត​ពី​ធ្វើអំពើ​ល្អ​ បែរ​ជា​មក​ធ្វើអំពើ​មិន​គប្បី​ ដែល​សង្គម​កំពុង​ស្អប់ខ្ពើម​បំផុត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114