ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ជា​មេ​តុងទីន ​ដែល​ចាប់ខ្លួន​ពី​បទ​ឆបោក​ ត្រូវ​បាន​ដោះលែង​ហើយ

ភ្នំពេញ ៖ ​ស្ត្រី​ជា​មេ​តុងទីន​នៅ​ច្បារអំពៅ ​ដែល​ប្រជាពលរដ្ឋ​ជា​កូន​តុងទីន​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ​ខែ​វិច្ឆិកា​នោះ ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព ​បន្ទាប់ពី​ប្តី​ជា​មន្ត្រី​នគរបាល​ បាន​ទៅ​ធានា​ និង​បាន​យកប្រាក់​ទៅ​សង​ដល់​កូនបំណុល​ដែល​ជំពាក់​ច្រើន ​និង​ប្រាក់​នៅសល់ ​ត្រូវបាន​សង​​តាម​ដំណាក់កាល​រាល់​ខែ​រហូតដល់​សង​អស់។

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​វិច្ឆិកា ​នេះ​ថា ​ស្ត្រី​ជា​មេ​តុងទីន​ឈ្មោះ​ឆន សុវណ្ណ កើត​ឆ្នាំ​១៩៨៤ ​មាន​ស្រុកកំណើត​ភូមិ​១​សង្កាត់​លេខ​៤​ទីរួម​ខេត្ត​កំពង់ឆ្នាំង​ ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​កណ្តាល​ សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជា​ម្ចាស់បំណុល​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ពី​បទ​ឆបោក​នោះ ​ត្រូវ​បាន​ដោះលែង​ហើយ ​បន្ទាប់ពី​ប្តី​របស់​ស្ត្រី​មេ​តុងទីន​ ដែល​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​ចេញមុខ​មក​ធានា​ និង​បាន​យក​ថវិកា​មួយ​ចំនួន​មក​សង​ដល់​កូនបំណុល​បាន​ខ្លះៗ​មក។ ប៉ុន្តែ​ប្រាក់​នៅសល់​នឹង​ត្រូវ​បានចេញ​សំណង​រាល់​ខែ​រហូតដល់​អស់។

នគរបាល ​បាន​បញ្ជាក់​ថា ​ក្នុង​ពេល​​ចាប់ខ្លួន​ស្ត្រី​មេ​តុងទីន​​​ កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​កន្លងទៅ​នេះ ​គឺ​មាន​កូនបំណុល​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ មក​ដាក់​ពាក្យ​បណ្តឹង​ ក្រៅពីនោះ​មិនទាន់​បានដឹង​ពី​ការចាប់ខ្លួន​នេះ​ទេ​។​ ដោយ​កូនបំណុល​បាន​ដឹង​ត្រឹមតែ​ថា​ ស្ត្រី​ជា​មេ​តុងទីន​រូប​នេះ​ បាន​គេច​ខ្លួន​តាំងពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ។

ដោយឡែក ​កូនបំណុល​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​ថា ​ពួកគាត់​យោគយល់​ដល់​ប្តី​ដែល​ចេញ​មុខ​មក​ធានា​សង​ដល់​កូនបំណុល​ ហើយ​ម្យ៉ាង​ទៀត ​កូនបំណុល​អាណិត​ដល់​ប្តី​ ដែល​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ​សុខចិត្ត​ចេញ​សំណង​រាល់​ពេល ​បើកប្រាក់​ខែ​របស់​អង្គភាព​រដ្ឋ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114