ស្ត្រី​ដែល​បង្ហោះវីដេអូ​ថា ហូប​ពង​មាន់​ស្ងោ​ការពារ​កូរ៉ូណា​នោះ​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ហើយ
BREAKING NEWS
Search

ស្ត្រី​ដែល​បង្ហោះវីដេអូ​ថា ហូប​ពង​មាន់​ស្ងោ​ការពារ​កូរ៉ូណា​នោះ​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ហើយ

​សៀមរាប ៖ ស្ត្រី​ម្នាក់​ដែល​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសបុក និង TikTok ថា​ហូបពង​មាន់​ស្ងោ​ម្នាក់​មួយ​គ្រាប់​ដើម្បី​ការពារ​ជំងឺកូរ៉ូណា​នោះ ​ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់​ខ្លួនហើយ។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ស្ត្រី​ឃាត់​ខ្លួន​នេះ​មាន​ឈ្មោះសុខ ឡី ​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ដោយសារ​ស្ត្រី​រូប​នេះ​បាន​បង្ហោះ​វីដេអូ​ក្នុង ហ្វេសបុក​និង TikTok ថា “​នៅ​ស្រុក​ខ្ញុំ​មានកូន​ង៉ា​ទើប​កើត​បាន​២​ថ្ងៃ ហើយក៏​ចេះ​និយាយ​ប្រាប់ថា​ ក្នុងថ្ងៃនេះ​ត្រូវ​ស្ងោ ពង​ញ៉ាំ​ម្នាក់​មួយ​គ្រា​ប់ ដើម្បី​ការពារ​ជំងឺ​កូរ៉ូណា។ ហើយ​អ្នកស្រុក​ខ្ញុំគេ​នាំគ្នា​ផ្អើល​ទៅ​មើល​គ្រប់គ្នា ហើយ​នាំគ្នា​ទិញ​ពង​ស្ងោញ៉ាំ ហើយ​ឥឡូវ​រក​ទិញ​ពងមាន់​អត់​បាន​។ ធម្មតា​កូនង៉ា​១​ខួប​ទើប​ចេះ​និយាយ តែ​អា​នឹង​កើត​បាន​២​ថ្ងៃ​ចេះ​និយាយ អ្នក​ទាំងអស់គ្នា​គួរតែ​ជឿ​ត្រូវ​អត់ បើ​ខ្ញុំ ខ្ញុំ​ជឿ​ម៉​ង់ ព្រោះ​ឃើញ​ម៉​ង់ ឡើង​មួយ​ភូមិ​ផ្អើល​ទៅ​មើល ”។

ស្ត្រី​រូប​នេះ​បាន​បង្ហោះ​ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០២០ ហើយ​ត្រូវ​បាន​គេ​យក​វីដេ​អូ​នេះ​ទៅ ផ្សព្វ​ផ្សាយ​បន្ត រហូតដល់​មាន​អ្នក មើល 647,100 នាក់ ក្នុង TikTok ហើយ video ត្រូវ​បាន​គេ​យកមក​បង្ហោះ​បន្ត​ក្នុង Facebook និង​មាន​អ្នកមើល​ដល់ 21,017 នាក់។ សរុប 668,117 នាក់​បាន​មើល Video នេះ​។

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​ឯកភាព ពី​លោកស្នងការ​នគរបាល​ខេត្តសៀមរាប និង​សម្របសម្រួល​នីតិវិធី ពី​លោក​កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប កម្លាំង​នគរបាល​ផែន​ការងារ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ឈាន​ដល់​ឃាត់​ខ្លួន​ស្ត្រី​រូប​នេះ ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ កុំ​ឲ្យ​ជ្រុល​ច្របល់ ប៉ះពាល់ ដល់​សេដ្ឋកិច្ច​សង្គម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114