ស្ត្រី​ម្នាក់ ​​​ននៀល​ដី​យំ​ស្រែក​រៀបរាប់​ ​រឿង​កូន​បង្កើត ​និង​កូន​ប្រសា ​មើល​ងាយ​គាត់

ភ្នំពេញ ​៖​ ស្ត្រី​​ជា​ម្ដាយ ​ម្នាក់ ​ចង់​ឲ្យ​កូន​​​រៀបការ​តាម​ប្រពៃណី​​ ​កុំ​ឲ្យ​អ្នកស្រុក​អ្នក​ភូម​ពេបជ្រាយ តែ​មិន​នឹក​ស្មាន​ថា ​​ត្រូវ​កូន​​បង្កើត ​និង​បង្កើត​ប្រសា ​ដែល​ចុះ​អេតាស៊ីវិល​ជាមួយ​គ្នា​មិន​ទាន់​រៀប​ការ ​​​​ឲ្យ​លុយ​​​១​ម៉ឺន​ដុល្លារ ​ដើម្បី​កុំ​ឲ្យ​គាត់​មក​រក​​ពួកគេ​ទៀត ​ទើប​គាត់​​ហួសចិត្ត ​ដេក​ននៀល​ដី​យំ​ស្រែក​រៀបរាប់​រឿង​នេះ​តែម្ដង។

ហេតុការណ៍​នេះ ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ ក្នុង​បុរី​ធូ​លន ស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ស្ត្រី​ជា​ម្ដាយ ​ឈ្មោះ នាង ពៅ អាយុ​៥០​ឆ្នាំ ​​បាន​និយាយ​ទាំង​ហួសចិត្ត​ថា រូប​គាត់​រស់នៅ​ខេត្ត​កោះកុង ចំណែក​កូនស្រី​មានឈ្មោះ ​អ៊ុក ស្រី​ម៉ា អាយុ​២០​ឆ្នាំ មុខរបរ​ជា​អ្នកលក់​ឡេ រស់នៅ​ជាមួយ​ប្តី​ឈ្មោះ​ ឃាង ឆាយ​អៀង មុខរបរ​ជា​មេធាវី។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្តាយ​ឲ្យ​ដឹងថា កូនស្រី​របស់​គាត់​បាន​ភ្ជាប់​ពាក្យ​តាំងពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ ដោយ​កូនប្រសា​របស់​គាត់​បាន​សន្យាថា នឹង​រៀបការ​នៅ​ឆ្នាំ​២០២០។ ស្ត្រី​ជា​ម្តាយ​បាន​អះអាង​ថា ពេល​ដែល​ភ្ជាប់​ពាក្យ​នោះ កូនស្រី​របស់​គាត់​មាន​អាយុ​ទើបតែ​១៧​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​កូនប្រសា​ប្រុស​បាន​នាំ​កូន​គាត់​ទៅ​ចុះ​អេតាស៊ីវិល ​និង​បាន​សុំ​កូនស្រី​របស់គាត់​ទៅ​រស់​នៅ​ជាមួយ ដើម្បី​រកស៊ី​មួយ​រយៈ​ពេល​សិន។ បន្ទាប់ពី​មក​រស់នៅ​ជាមួយ​ប្តី, ​​កូនស្រី​ គាត់​ហាក់​ដូចជា​បាន​ផ្តាច់​ទំនាក់ទំនង​រវាង​កូន​ និង​ម្តាយ ពេល​ទាក់ទង​តាម​ទូរស័ព្ទ​ ជួន​លើក ជួន​មិន​លើក។

ប្រភព​ដដែល​បាន​បន្តទៀតថា បន្ទាប់ពី​ភ្ជាប់​ពាក្យ​មក​មាន​រយៈពេល​ជិត​៣​ឆ្នាំ​មកហើយ និង​ជិត​ដល់​ឆ្នាំ​កំណត់​រៀបការ​ទៀតផង ទើប​គាត់​ទូរស័ព្ទ​សួរ​កូនស្រី​រឿង​រៀបការ តែ​កូនស្រី​ប្រាប់ថា គេ​ទើបនឹង​ទិញ​ផ្ទះ ​ហើយ​ទិញ​រថយន្ត​អស់​លុយ​ហើយ។ ស្ត្រី​ជា​ម្តាយ​បាន​និយាយថា គាត់​ខ្មាស​អ្នកស្រុក​ណាស់​កូន​គេ​ភ្ជាប់ពាក្យ ក្រោយ​កូន​គាត់​ផង​គេ​រៀបការ​អស់ហើយ ទើប​គាត់​សម្រេចចិត្ត​ធ្វើដំណើរ​ពី​ស្រុក​កំណើត មកជា​មួយ​ម្តាយ​ចាស់​ម្នាក់ទៀត មក​រក​កូនស្រី​ដល់​ផ្ទះ​នៅ​ភ្នំពេញ ដោយមាន​អ្នក​រួម​ការងារ​ជាមួយ​កូន​បាន​នាំ​គាត់​មកដល់​ផ្ទះ។

ពេលមកដល់​ឃើញ​កូន​មាន​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ មាន​រថយន្ត​ទំនើប​ជិះ គាត់​មិន​ហ៊ាន​ចូល​ផ្ទះ​កូន​ទេ ​ពេល​នោះ​កូន​ទាំង​២​ពីរ​របស់​គាត់ បាន​ហៅ​គាត់​ចូល​ក្នុង​ផ្ទះ តែ​គាត់​មិន​ហ៊ាន​ចូល​ទេ គាត់​បាន​សួរនាំ​រឿង​រៀបការ ស្រាប់តែ​កូនប្រសា​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅលើ​គាត់ ​ហើយ​ឲ្យ​លុយ​មួយ​១​ម៉ឺន​ដុល្លារ ​ដើម្បី​កុំ​ឲ្យ​គាត់​មក​រក​កូន​ទៀត ដោយ​​បោះ​សម្ដី​ថា “​មក​នឹង​មក​រក​តែ​លុយ ហើយ​ចោទ​គាត់​ថា ជា​ម្ដាយ​មុខ​លុយ “។ ពាក្យ​ទាំងនេះ ធ្វើ​ឲ្យ​គាត់​ខឹង គាត់​បាន​ជេរ​ទៅ​កូនបង្កើត​និង​កូនប្រសា​វិញ រហូត​ឈ្លោះប្រកែក​គ្នា​ទៅវិញទៅមក ដោយសារ​គាត់​ខឹង​ចិត្ត​ពេក​បាន​ដេក​ននៀល​ដី​យំ​ស្រែក​រៀបរាប់​នៅមុខ​ផ្ទះ​កូន ក៏ត្រូវ​កូនប្រសា​ដែលជា​មេធាវី​​ ​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍​ភ្លាមៗ​ផង​ដែរ និង​បម្រុង​ឲ្យ​ប៉ូលិស​ចាប់គាត់​ទៀតផង។​

ពាក់ព័ន្ធ​នឹង​ករណី​នេះ ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្មី​ មិន​អាច​សុំ​ការ​បកស្រាយ​ពី​ភាគី​កូនប្រសា​ និង​កូន​បង្កើត​ពីរ​នាក់​នោះ​បានឡើយ ​ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ។ អង្គភាព​យើង​រង់ចាំ​បកស្រាយ​ជានិច្ច៕

អត្ថបទ ៖ វិទូ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114