ស្ត្រី​វ័យ ​៦៤​ឆ្នាំ​ ប្រកប​របរ​ជា​ ជាង​ប៉ះ​កង់ ​ដើម្បី​ចិញ្ចឹម​ម្តាយ​អាយុ​ ១០២​ឆ្នាំ​

​​នៅវេលា​ម៉ោង​ ៥​ទៀបភ្លឺ សំឡេង​មាន់រងាវ ​បាន​បន្លឺឡើង​ល្វើយៗ​ ពី​ត្រើយ​ខាងកើត​នៃ​ដង​ទន្លេ​បួន​មុខ កាត់​តាម​ស្បៃ​រាត្រីកាល​ត្រជាក់​ស្រិម ដើម្បី​ដាស់​ជនានុជន​ផងទាំងពួង ​ឱ្យ​ក្រោកពីដំណេក​ទៅធ្វើ​ស្រែចម្ការ និង​ប្រកបការងារ​ផ្សេងៗ​។​

នៅ​ត្រើយ​ខាងលិច​នៃ​ដង​ទន្លេចតុមុខ​ខាងត្បូង​វិមាន​ឯករាជ្យ អ៊ំស្រី ឡា​ច ម៉ុ​ត អាយុ​ ៦៤​ឆ្នាំ ក៏​ក្រោក​ពី​ព្រលឹម​ស្រាងៗ​ដែរ ដោយ​មិនចាំបាច់​ឱ្យ​មាន់រងាវ​ដាស់​គាត់​ឡើយ​។ គាត់​ចាប់ផ្តើម​អូស​ធុង​បូម​ខ្យល់ និង​សម្ភារៈ​ដទៃទៀត​ ចេញពីផ្ទះ​មក​ដា​ក់នៅ​ចិញ្ចើមថ្នល់ ​តាម​ដងផ្លូវ​ព្រះ​នរោត្តម សម្រាប់​ប្រកបមុខរបរ​ប្រចាំថ្ងៃ​របស់គាត់​ជាជាង​ប៉ះ​កង់ ដើម្បី​ចិញ្ចឹម​ម្តាយ​ចាស់ជរា​ដែលមាន​វ័យ​ ១០២​ឆ្នាំ​ទៅហើយ​។​
​ ​
«​រាល់ថ្ងៃ ខ្ញុំ​អាណិត​តែ​ម្តាយ ដែល​ចេះតែ​ឃ្លាន​។​» អ៊ំស្រី បាន​និយាយ​បណ្ដើរ យកដៃ​ទាំងពីរ​ព្យាយាម​គាស់​កង់​ម៉ូតូ​មុត​ដែកគោល ​ដែល​គេ​យកមក​ប៉ះ​បណ្តើរ​។ គាត់​បាន​និយាយ​បន្តថា​ ៖ «​កាលពី​ពេលមុន ម្តាយចិញ្ចឹម​យើង ឥឡូវ​យើង​ត្រូវ​ចិញ្ចឹម​គាត់​ម្តង​។ ប៉ុន្តែ គាត់​ក៏​ចាស់ ចំណែក​ខ្ញុំ​ក៏​ចាស់​ដែរ​។​»

​អ៊ំស្រី និយាយថា​ទោះបីជា​ម្តាយ​របស់គាត់​មាន​វ័យ​ច្រើន​ក៏ដោយ តែ​គាត់​ហាក់ដូចជា​មិនមាន​ជំងឺ​ដំកាត់​អ្វី​ធំដុំ​នោះទេ ក្រៅ​អំពី​គាត់​វង្វេងវង្វាន់​ម្តងៗ​។ គាត់​និយាយ​បន្ថែមថា ម្តាយ​របស់គាត់​ហាក់ដូចជា​ពិសា​អ្វីៗ​បាន​ទាំងអស់ ទាស់​តែ​រូប​អ៊ំស្រី​ធ្វើជា​ជាង​ប៉ះ​កង់​រកលុយ​មិនសូវ​បាន​។

​ដោយសារតែ​គាត់​មាន​វ័យ​កាន់តែ​ជ្រេ​ទៅហើយ អ៊ំស្រី​និយាយថា​ការងារ​ជាជាង​ប៉ះ​កង់​មិនមែនជា​ការងារ​ងាយស្រួល​សម្រាប់​គាត់​នោះទេ ព្រោះ​ត្រូវ​អូស​ធុង​បូ​ប​ខ្យល់​ចេញពីផ្ទះ​ចម្ងាយ​ប្រហែល ​៥០​ម៉ែត្រ រួច​ព្រមទាំង​ត្រូវ​លើក​ម៉ូតូ​បញ្ឈរ ដោះ​ខ្ចៅ​ច្រេះ​ស៊ី​ជាប់គាំង និង​គាស់​សំបក​កង់​ទាំង​ញើស​ហូរ​រហាម​។​

​«​ធ្វើ​អ្វី​ក៏​ពិបាក​ដែរ ដោយសារ​យើង​ចាស់ ហើយ​កម្លាំង​ក៏​កាន់តែ​ខ្សោយ​។​» អ៊ំស្រី ឡា​ច ម៉ុ​ត បាន​ត្អូញត្អែរ ដោយ​ដក​ដង្ហើមធំ រួច​យកដៃ​ជូត​ញើស​លើ​ថ្ងាស និង​ផ្ទៃមុខ​របស់គាត់​។​

​ខណៈពេល​នេះ ម៉ោងជាង​ប្រាំបី​ទៅហើយ​។ យុវជន​ពាក់អាវ​ពណ៌​ផ្កាឈូក​ម្នាក់ បាន​អូស​ម៉ូតូ​មករក​គាត់ ដោយ​ដកដង្ហើម​ដង្ហក់ បន្ទាប់ពី​បណ្តើរ​ម៉ូតូ​ឆ្ងាយ​។​
​ ​«​កូន មានការ​អី​?» អ៊ំស្រី ស្រែកសួរ​ទៅ​យុវជន​រូបនោះ​។​
​ ​«​អ៊ំស្រី ​ជួយ​ប៉ះ​ម៉ូតូ​ឱ្យ​ខ្ញុំ​បន្តិច​។​» យុវជន​ឆ្លើយ​ទៅវិញ​។​
​ ​«​អីចឹង អូស​វា​ឡើងលើ​ចិញ្ចើមថ្នល់​មក ចាំ​អ៊ំ​ប៉ះ​ឱ្យ​។​» អ៊ំស្រី ប្រាប់​ទៅ​យុវជន​។​

​បន្ទាប់មក គាត់​ក៏​ចាប់ផ្តើម​គាស់​កង់​ម៉ូតូ​យ៉ាង​ស្វាហាប់ ទាំង​បាតដៃ​ទាំងពីរ​របស់គាត់​ប្រឡាក់​ដី និង​ប្រេងម៉ាស៊ីន​។ រួចហើយ គាត់​ក៏​ចាប់ផ្តើម​ប៉ះ​អ៊ុត​ពោះវៀន​ម៉ូតូ ​ដែល​មុត​ធ្លាយ​ដោយសារ​កិន​ដែកគោល​។​

​ពេលនោះ សម្លេង​ទូរ​ស័ព្ទ​របស់​យុវជន​លាន់ឮ​ឡើង​។ គេ​ក៏​ប្រញាប់​ចុច​ទទួល ដោយនិយាយ​ប្រាប់​គូសន្ទនា​ម្ខាង​ទៀតថា​ម៉ូតូ​របស់គេ​បែក​កង់ ហើយ​គេ​នឹង​ទៅដល់​កន្លែងធ្វើការ​បន្តិច​ទៀត​។​
​ ​«​អ៊ំស្រី សូម​ប៉ះ​កង់​ម៉ូតូ​ខ្ញុំ​ឱ្យ​លឿន​បន្តិច​មក ខ្ញុំ​ប្រញាប់​ទៅធ្វើ​ការ​។​» យុវជន បាន​តឿន​អ៊ំស្រី​។​
​ ​«​មិន​អី​ទេ​កូន អ៊ំ​ប៉ះ​រួច​ឥឡូវ​ហើយ​។​» អ៊ំស្រី ឆ្លើយតប​ទៅវិញ​យ៉ាង​សុភាព​។​
​ ​
មិនយូរប៉ុន្មាន អ៊ំស្រី​ក៏​ប៉ះ​កង់​ម៉ូតូ​របស់​យុវជន​រួច​។ យុវជន​រូបនោះ​ក៏​បង់ថ្លៃ​ប៉ះ​កង់​ឱ្យ​អ៊ំស្រី រួច​ក៏​ជិះ​ម៉ូតូ​ចេញទៅ​។ បន្ទាប់មក​អ៊ំស្រី ឡា​ច ម៉ុ​ត ក៏​ងាក​មក​បន្ត​រៀបរាប់​ពី​ជីវិត​របស់គាត់​តទៅទៀត​។​

​អ៊ំស្រី ឡា​ច ម៉ុ​ត និយាយថា​គាត់​មាន​ស្រុកកំណើត​នៅ​ឃុំ​ព្រៃ​កណ្តៀង ខេត្តព្រៃវែង ប៉ុន្តែ​គាត់​បានមក​រស់នៅ​ភ្នំពេញ ​តាំងពី​ក្រោយ​របប​ប៉ុលពត​ដួលរលំ ជាមួយ​ប្តី​របស់គាត់​ដែល​ធ្វើការ​នៅ​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ​ផ្នែក​សំណង់​។

​អ៊ំស្រី និយាយថា​គាត់​មានកូន​ប្រាំពីរ​នាក់ ដែល​ក្នុងនោះ​រួមមាន​កូន​ពីរ​ផង​។ គាត់​និយាយថា​កូន​របស់គាត់​ប្រាំ​នាក់​បាន​រៀបការ និង​មានគ្រួសារ​រួចទៅហើយ នៅសល់តែ​កូនស្រី​អាយុ​ ១៦​ឆ្នាំ​ម្នា​ក់រៀន​ថ្នាក់​ទី​១១ និង​កូនប្រុស​អាយុ​ ១៤​ឆ្នាំ​ម្នា​ក់រៀន​ថ្នាក់​ទី​៨​។ អ៊ំស្រី​និយាយថា​កូន​របស់គាត់​ដែល​រៀបការ​ហើយ​ទាំង​ប្រាំ​នាក់​សុទ្ធសឹង​ធ្វើការ​នៅ​ក្រសួង​អប់រំ ប៉ុន្តែ​ពួកគេ​គ្រាន់តែ​អាចជួយ​ផ្គត់ផ្គង់​លុយកាក់​ដល់​គាត់​បន្តិចបន្តួច​ប៉ុណ្ណោះ​។​
​ ​
«​ធ្វើ​ម៉េច​គ្នា​មាន​ប្រាក់ខែ​តិច ហើយ​ត្រូវ​ចិញ្ចឹម​កូនចៅ​របស់គេ​ផងដែរ​។​» អ៊ំស្រី បាន​និយាយ​។​

​អ៊ំស្រី ឡា​ច ម៉ុ​ត និយាយថា​តាំងពី​ប្តី​របស់គាត់​បានមក​ធ្វើការ​នៅ​ភ្នំពេញ ជីវភាព​របស់គាត់​មិនសូវ​ជា​យ៉ាប់យ៉ឺន​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​អ្វីៗ​បាន​ប្រែប្រួល​អស់​បន្ទាប់ពី​ប្តី​របស់គាត់​បាន​ស្លាប់ទៅ កាលពី​បួន​ឆ្នាំមុន​ដោយ​រោគាពាធ ហើយ​អ៊ំស្រី​ក៏​បន្តធ្វើ​ការងារ​ជាជាង​ប៉ះ​កង់​បន្ត​ ពី​ប្តី​របស់គាត់ ដែល​បាន​ចាប់យក​របរ​នេះ​ចិញ្ចឹមជីវិត​បន្ទាប់ពី​គាត់​ចូល​និវត្ត​មក​។
​ ​
អ៊ំស្រី​និយាយថា​គាត់​អាច​រក​កម្រៃ​ពី​ការងារ​ជាជាង​ប៉ះ​កង់​នេះ បាន​ប្រហែល​បី​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ លើកលែង​ថ្ងៃ​ខ្លះ​ ដែល​គាត់​អាច​រកបាន​បួន​ម៉ឺន​រៀល នៅពេល​គាត់​ប៉ះ​កង់​ដាច់​។​
​ ​
ដោយ​សម្លឹង​ថយក្រោយ​ងាកមើល​ឆាកជីវិត​របស់គាត់​ ដែល​បានអូសបន្លាយ​ជាង​កន្លះ​សតវត្ស អ៊ំស្រី​ចាប់ផ្តើម​រៀបរាប់ និង​ប្រៀបធៀប​ស្ថានភាព​គ្រួសារ​របស់​អ៊ំស្រី និង​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា ចាប់តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​មក​។​

​«​សម័យ​សង្គមរាស្ត្រនិយម​របស់​សម្តេច​តា សម្តេច​យាយ ល្អ​ណាស់ (​ពោលគឺ​) ខ្ញុំ​មាន​អ្វីៗ​ហូប​គ្រប់គ្រាន់​។​» អ៊ំស្រី ឡា​ច ម៉ុ​ត ចាប់​ផ្តើមនិយាយ​។​
​ ​
ក្នុងសម័យ​លន់​ណុល អ៊ំស្រី​និយាយថា​គាត់​បាន​ប្រកបរបរ​ធ្វើស្រែ​ចម្ការ ​ជាមួយ​ក្រុមគ្រួសារ​របស់​គាត់ ដូចជា​ប្រជាពលរដ្ឋ​ដទៃទៀត​ ក្នុង​ខេត្តព្រៃវែង​ដែរ​។ ប៉ុន្តែ គាត់​និយាយថា​របប​ដែល​អាក្រក់ និង​ឃោរឃៅ​បំផុត​នោះ គឺ​របប​ខ្មែរក្រហម​ ដែល​បាន​បង្ខំ​ឱ្យ​អ៊ំ​ធ្វើការ​ធ្ងន់ធ្ងរ​ស្ទើរតែ​គ្មាន​ពេល​សម្រាក និង​ដោយ​មិនមាន​អ្វី​បរិភោគ​គ្រប់គ្រាន់​ឡើយ​។​

​«​នៅសល់តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ ពួក​ប៉ុលពត​នឹង​យក​គ្រួសារ​អ៊ំ​ទៅ​សម្លាប់​ទាំង​អស់ហើយ​។​» អ៊ំស្រី ឡា​ច ម៉ុ​ត បាន​រំឭក​ឡើងវិញ​។ អ៊ំស្រី និយាយ​បន្តថា ​៖ «​ចៃដន្យ កងទ័ព​(​រណ​សិ​រ្យ​)​បាន​ចូល​មកដល់ រួច​ពួក​ខ្មែរ​ក្រហម​រត់​អស់​ទៅ​។​»

​អ៊ំស្រី បាន​និយាយថា​អ៊ំស្រី​ពេញចិត្ត​ចំពោះ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន ​ខ្លាំងណាស់ លើកលែង​តែមាន​បញ្ហា​គ្រឿងញៀន​បន្តិច​។​

​«​ខ្ញុំ​មិន​ភ្លេចគុណ​សម្តេច​ហ៊ុនសែន​ ទេ ដែល​បាន​នាំ​សន្តិភាព​ជូន​ប្រទេស​កម្ពុជា​។​» អ៊ំស្រី ឡា​ច ម៉ុ​ត បាន​និយាយ ដោយ​លើកដៃ​សំពះ​ឡើងលើ រួច​បន្តថា ​៖ «​ខ្ញុំ​មិន​ចង់ឃើញ​សង្គ្រាម​ទៀត​ទេ​។​»

​ត្រឡប់មក​មុខ​របប​បច្ចុប្បន្ន​របស់គាត់​វិញ អ៊ំស្រី​និយាយថា​គាត់​មិន​ចង់​ធ្វើ​ការងារ​ជាជាង​ប៉ះ​កង់​នោះឡើយ ប៉ុន្តែ​គាត់​មិនមាន​ជម្រើស​ណា​ដែល​ប្រសើរ​ជាង​នេះឡើយ​។

«​ខ្ញុំ​ចាស់​ហើយ គ្មាន​នរណា​គេ​យក​ខ្ញុំ​ទៅធ្វើ​ការ​ជាមួយ​គេ​ទេ​។ ដូច្នេះ មានតែ​ខ្ញុំ​ត្រូវ​បន្ត​ប៉ះ​កង់​តទៅទៀត​។​» អ៊ំស្រី ឡា​ច ម៉ុ​ត បាន​និយាយ ដោយ​ទឹកមុខ​ស្រងូតស្រងាត់ មុននឹង​អ្នកយកព័ត៌មាន​ជម្រាបលា​អ៊ំស្រី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684