BREAKING NEWS
Search

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​តាមរយៈ​ក្រសួងការបរទេស​អញ្ជើញ​យុវជន​កម្ពុជា​ផ្នែក​សារព័ត៌មាន​ទៅ​ទស្សនកិច្ច​ប្រទេស​ជប៉ុន​រយៈពេល​៩​ថ្ងៃ​

ភ្នំពេញ ៖​ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១​ ខែធ្នូ​នេះ ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ក្រសួងការបរទេស​ជប៉ុន និង​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​២១​រូប ដែល​កំពុង​សិក្សា​លើ​មុខជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ សារព័ត៌មាន ​ដើម្បី​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន​រយៈពេល​៩​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៤ ដល់ទី​១២ ខែធ្នូ​ក្រោម​កម្មវិធី​បណ្តាញ​ផ្លាស់ប្តូរ​សិស្ស​និស្សិត​និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស អាស៊ី​ខាងកើត ដែល​ហៅ​កាត់​ថា​JENESYS 2017​។

ក្រុម​យុវជន​នឹង​ទៅ​ទស្សនកិច្ច​នៅ​ស្ថាប័ន​សារ​ព័ត៌មាន​បោះពុម្ពផ្សាយ​កាសែត និង ស្ថាប័ន ផ្សព្វផ្សាយ​ផ្សេងទៀត និង​ចូលរួម​ផ្លាស់​ប្តូរ​ចំណេះដឹង​និង​បទពិសោធន៍​ជាមួយ​និស្សិត ក្រោយ​បរិញ្ញាបត្រ​លើ​ជំនាញ​សារព័ត៌មាន​នៅ​ខេត្ត​ហុក​កៃ​ដូ​។ ពួកគាត់​ក៏​នឹង​មាន​ឱកាស​ទៅ ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​ជាច្រើន​។ សូម​មើល​តារាង​ព័ត៌មាន​លម្អិត​ស្តីពី​កាលបរិច្ឆេទ​ដែលមាន​ភ្ជាប់​។

កម្មវិធី JENESYS 2017 មាន​គោលបំណង​ជំរុញ​ការ​យល់ដឹង និង​ការ​កសាង​ទំនុក​ចិត្ត​ទៅវិញទៅមក​ក្នុងចំណោម​ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ចូលរួម និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​នា​ពេល​អនាគត​។ តាមរយៈ​កម្មវិធី​នេះ ក្រសួងការបរទេស​ជ​ប៉ុន​បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​ជាង​២០០០​នាក់ ហើយ​តាំងពី​ឆ្នាំ​២០០៧​មក​។

យើងខ្ញុំ​សង្ឃឹមថា​អ្នកចូលរួម​នឹង​អាច​យល់ដឹង​អំពី​ប្រទេស​ជប៉ុន​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ព្រមទាំង​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន​ឲ្យ​បាន​ទូលំទូលាយ​ទៅកាន់​ប្រជាជន កម្ពុជា បន្ទាប់ពី​វិល​ត្រលប់​មកវិញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114