ស្ថានភាព​ហ្វឹកហាត់​របស់​ក្លិប​មួយចំនួន ក្នុង​លី​គ​កំពូល​កម្ពុជា ក្រោយ​ការប្រកួត​ត្រូវ​ពន្យារ​ពេល

ការប្រកួត​ដណ្ដើម​ពានរង្វាន់​បាល់ទាត់​ផ្លូវការ ក្នុងប្រទេស​កម្ពុជា ដែល​រួមមាន​លី​គ​កំពូល​កម្ពុជា (​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​) ពានរង្វាន់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​យុវជន​២​ផ្សេងទៀត ត្រូវបាន​សម្រេច​ផ្អាក​ជា​ផ្លូវការ​ទាំងអស់ ដើម្បី​បង្ការ​ការទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ (Covid19)។

ក្នុង​ឱកាស​ដែល​មិន​មាន​ការប្រកួត ក្លិប​មួយចំនួន​នៅក្នុង​លី​គ បាន​រៀបចំ​វិធានការ​ហ្វឹកហាត់​ផ្សេងៗ​គ្នា​ដែល​តាម​ទិន្នន័យ​ទទួល​បាន​ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) ដោយមាន​ដូចជា​៖ ក្លិប​ណាហ្គា​វើ​ល មិន​មាន​សកម្មភាព​ហ្វឹកហាត់​ឡើយ ចាប់តាំងពី​ចប់​ការប្រកួត​ជាមួយ​គិរីវង់​សុខ​សែន​ជ័យ​នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែមីនា ដែល​ការណ៍​នេះ គឺ​ត្រូវ​បាន​លោកគ្រូ មាស ចាន់ណា បញ្ជាក់​ថា ​មិនទាន់​ច្បាស់​អាច​វិល​មក​ហាត់​ជុំគ្នា​វិញ​នៅ​សប្ដាហ៍​ក្រោយ រយៈពេល​ពីរ​ ឬ​ បី​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ឬ​យ៉ាងណាទេ ព្រោះ​មិនដឹង​ថ្ងៃ​ចាប់ផ្ដើម​ប្រកួត​ជាថ្មី​។

​ចំណែក​លោក សុក វាសនា គ្រូ​បង្គោល​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​ឲ្យ​ដឹង​ថា មិនអាច​ចោលការ​ហ្វឹកហាត់​ទាំងស្រុង​ទេ ដោយ​គ្រាន់តែ​បាន​កាត់បន្ថយ​ថ្ងៃ ព្រោះ​ម្យ៉ាង​ចូលឆ្នាំ​ខ្មែរ​ក៏​ជិត​ចូល​មក​ដល់​ផង​។ ក្រុមការងារ​ក៏បាន​ឲ្យ​កីឡាករ​ហ្វឹកហាត់​ខ្លួនឯង បង្ការ​ការ​ធ្លាក់ចុះ​សមត្ថភាព​។

ក្លិប​បាន​រៀប​ចំ​ការ​ហ្វឹកហាត់​ដោយ​ខ្លួនឯង​សម្រាប់​កីឡាករ ដោយ​ផ្ញើ​លំ​ហាត់​តាម​អន​ឡាញ​។ លោក​ថា តាំងពី​ប្រកួត​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ ក្លិប​បាន​អនុញ្ញាត​ឲ្យ​កីឡាករ​សម្រាក​០៣​ថ្ងៃ ហើយ​រហូតដល់​ថ្ងៃ​ប្រកាស​របស់ CNCC ក៏បាន​បន្ត​ឈប់​ថែមទៀត ដោយ​ឲ្យ​កូនក្រុម​ហាត់​ជា​ឯកជន​វិញ​។ លោក​បន្តថា កីឡាករ​ទាំងអស់​នឹង​វិល​ត្រលប់មក​ក្លិប​វិញ​នៅ​ថ្ងៃ​ចន្ទ ទី​២៣ មីនា តែ​ក្នុង​ពេល​នោះ​ដែរ នឹងមាន​ការធ្វើ​តេស្ដ​ពិនិត្យ​សុខភាព​ពួកគេ​ជាមុនសិន​ដើម្បី​វាយតម្លៃ​មើលថា​តើ​អាច​ហាត់​ជុំគ្នា​វិញ​ឬ​យ៉ាងណា​។

សម្រាប់​សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​វិញ​ត្រូវ​បាន​លោក​អគ្គលេខាធិការ ខូវ ឆាយ បង្ហើប​ថា នឹង​សម្រាក​ហ្វឹកហាត់​ចំនួន​០៣​ថ្ងៃ គឺ​ពីថ្ងៃ​សុក្រ ទី​២០ មីនា នេះ​រហូតដល់​ថ្ងៃ​ចន្ទ ទី​២៣ មីនា​។

រី​ចំណែកឯ​ក្លិប បឹងកេត វិញ បាន​ត្រឡប់មក​ចាប់ផ្តើម​ការ​ហ្វឹកហាត់ នា​រសៀល​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០​នេះ ដោយ​តាម​ប្រភព​ពី​ក្លិប​បឹងកេត បាន​បង្ហើប​ថា កាលវិភាគ​ហ្វឹកហាត់​នឹង​កាត់បន្ថយ​ចំនួន​ថ្ងៃ ក្នុង​១​សប្តាហ៍៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114