BREAKING NEWS
Search

ស្ថាប័ន​ចំនួន​ពីរ រួមគ្នា​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​

ភ្នំពេញ ៖ រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ និង​ក្រសួងទេសចរណ៍ ​សហកា​រ​រួមគ្នា​ ដើម្បី​ជំរុញ​វិស័យ ទេសច​រ​ណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ នេះ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​រាជបណ្ឌិត្យសភាកម្ពុជា​ ក្រោយពី​ជំនួប​ពិភាក្សា​រវាង​លោក​បណ្ឌិត​សភា​ចា​រ្យ ​សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ​និង លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បាន​ធ្វើឡើង​នៅ​ទីស្ដីការក្រសួង​។​

មន្ត្រី​ដដែល​រូប​នោះបាន​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​នោះ​ ស្ថាប័ន​ទាំងពីរ បាន​ឯកភាព​សហការ​អនុវត្ត​ការងារ​រួមគ្នា​លើ​៤​ចំណុច​រួមមាន ​៖
១. រៀបចំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លើ​វិស័យ​ទេសចរណ៍​តាម​ស្តង់ដារ​អាស៊ាន ដោយ​បណ្ដុះបណ្ដាល​នៅ​រាជបណ្ឌិត្យសភាកម្ពុជា។ ដំណើរការ​បណ្ដុះបណ្ដាល​នេះ នឹង​អនុវត្ត​ក្រោយពេល​កូ​វីដ​-១៩ បញ្ចប់​។​
២. បង្កើត​មជ្ឈមណ្ឌល China Ready Centre នៅ​រាជបណ្ឌិត្យសភាកម្ពុជា​។​
៣. ស្ថាប័ន​ទាំងពីរ​ នឹង​ចុះ​អនុស្សរណៈ ​នៃ​ការយោគយល់​គ្នា​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ និង​៤. ក្រសួងទេសចរណ៍​ និង​រាជបណ្ឌិត្យសភាកម្ពុជា នឹង​បង្កើត​ឲ្យ​មាន​នូវ​ការសិក្សា​ស្រាវជ្រាវ​, បណ្តុះ​បណ្តាល​, និង​ការអនុវត្ត​ជាក់ស្ដែង ទៅលើ​វិស័យ​ទេសចរណ៍​នេះ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា រាជបណ្ឌិត្យសភា​កម្ពុជា (​រ​.​ប​.​ស​.​ក​.) ជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល ​ស្ថិត​ក្រោម​អាណាព្យាបាល​បច្ចេកទេស ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ និង​ស្ថិត​ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ​ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ រ​.​ប​.​ស​.​ក​. មាន​បេសកកម្ម​ដឹកនាំ​គ្រប់គ្រង អភិវឌ្ឍន៍​ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស បណ្ដុះបណ្ដាល និង​អភិវឌ្ឍន៍​ធនធាន​បញ្ញាញាណ​ជាន់ខ្ពស់​របស់​ជាតិ​៕

សូមចុចអាន ៖ ខេត្ត​កំពត​ជា​គោលដៅ​ទេសចរ​បរទេស​​ទាំង ៥២ នៅ​ឆ្នាំ ២០២០


អត្ថបទ ៖ ​វ​ត្តី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114