BREAKING NEWS
Search

ស្ទះ​ចរាចរណ៍​​ជាង​៣​ម៉ោង​លើ​ផ្លូវជាតិ​លេខ​៨ ​ដោយសារ​ជន​មិន​ស្គាល់​មុខ​ដុត​កង់ឡាន​ចាស់ៗ

ព្រៃវែង ៖​ កក​ស្ទះ​ចរាចរណ៍​ប្រមាណ​ជាង​៣​ម៉ោង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ ដោយសារ​តែមាន​ជន​មិន​ស្គាល់​មុខ​ បាន​ធ្វើ​សកម្មភាព​លួច​ដុត​គំនរ​កង់ឡាន​ចាស់ៗ​ ដែល​គេ​ចាក់​គរ​ចោល​នៅ​ក្បែរ​​​ចិញ្ចើម​ផ្លូវជាតិ​លេខ​៨។

ហេតុការណ៍​នេះ ​បង្ក​​ការ​​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា​ ឆ្នាំ​២០១៧ ​ស្ថិត​ក្នុង​ភូមិ​ត្នោត​ .​ឃុំ​រកា​.​ស្រុក​ពារាំង​.​ ខេត្តព្រៃវែង ​បង្ក​ឲ្យ​មាន​អណ្ដាត​ភ្លើង​ឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​មកដល់​លើផ្លូវ​ ធ្វើ​ឲ្យ​អ្នកដំណើរ​តាម​យានយន្ត​តូច​ធំ​ ដែល​ឆ្លងកាត់​ផ្លូវជាតិ​ទាំង​ទៅ​ទាំង​មក ​មិន​ហ៊ាន​បើក​ឆ្លងកាត់​ ព្រោះ​ខ្លាច​គ្រោះថ្នាក់​ ហើយ​ក៏​​​ឈប់​កកកុញ​ម្ខាងៗ​រាប់​គីឡូ​ដី​បណ្ដាល​ឲ្យ​ស្ទះ​ចរាចរណ៍​ជាង​បី​ម៉ោង​ ទើប​ធ្វើដំណើរ​បាន​ ក្រោម​ការ​ជួយ​អន្តរាគមន៍​របស់​រថយន្ត​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា ​នៅ​ម៉ោង​ប្រហែល​៦​ព្រឹក ​ថ្ងៃ​ដដែល​ គេ​ឃើញ​មាន​រថយន្ត​ម៉ាក​យី​ឌុប​ ធុន​ធំ​មួយ​គ្រឿង​ មិន​ចាំ​ស្លាក​លេខ​ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ បាន​ដឹក​សំបក​កង់ឡាន​ចាស់ៗ​ជាច្រើន​ពេញ​រថយន្ត​ យក​មក​ចាក់ចោល​នៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​៨​ត្រង់​ចំណុច​ខាងលើ ​ហើយ​ក៏​បើក​រថយន្ត​ចេញទៅ​បាត់​។​ លុះដល់​ម៉ោង​ប្រហែល​៧​ព្រឹក​ថ្ងៃ​ដដែល​ ស្រាប់តែ​ឃើញ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ធ្វើ​ឲ្យ​អ្នកដំណើរ​ភ័យខ្លាច​មិន​ហ៊ាន​ឆ្លងកាត់​ ហើយ​បាន​ឈប់​ចត​រថយន្ត​ម៉ូតូ​យ៉ាង​ណែន​តាន់តាប់​បន្ត​កន្ទុយ​គ្នា​ម្ខាងៗ​ជិត​បី​គីឡូម៉ែត្រ ​ព្រោះ​សមត្ថកិច្ច​មិន​ឲ្យ​ឆ្លងកាត់​ខ្លាច​មាន​គ្រោះថ្នាក់។

លោក​ស៊ឹម​ .​កុសល​ អធិការ​ស្រុក​ពារាំង ​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ និង​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ស្រេង ​.​ជា​ ស្នងការ​ខេត្ត​ លោក​ក៏បាន​ដឹកនាំ​កម្លាំង​បញ្ចេញ​រថយន្ត​បាញ់​ពន្លត់​អគ្គិភ័យ​ចុះទៅ​ជួយ​អន្តរាគមន៍​រៀបចំ​សណ្ដាប់ធ្នាប់ ​លើ​ដង​ផ្លូវ​ និង​បាញ់​ទឹក​ពន្លត់​រហូតដល់​ម៉ោង​ប្រហែល​ជាង​១១ ​ទើប​ទប់ទល់​សភាពការណ៍​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​បាន។

លោក​អធិការ​បញ្ជាក់​បន្ថែមថា​ ករណី​នេះ​ បង្កឡើង​ដោយសារ​តែ​មាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត​សំបក​កង់ឡាន​ចាស់ៗ​ ដែល​គេ​បោះចោល ​ទើប​មាន​អណ្ដាតភ្លើង​ឆាបឆេះ​បែបនេះ​ទៅ​។​ ប៉ុន្តែ​ទោះបីជា​យ៉ាងណា ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងគ្រោះ​និង​ប៉ះពាល់​ដល់​សម្បត្តិ​សាធារណៈ​ធ្ងន់ធ្ងរ​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114