ស្ពានថ្ម​ថ្មី នៅមុខ​សាលាខេត្ត​បាត់ដំបង តម្លៃ​ជិត​១​លាន​ដុល្លារ ត្រូវ​បើក​ការដ្ឋាន​សាងសង់​

បាត់ដំបង​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០ បាន​បើក​ដ្ឋា​ន​សាងសង់​ស្ពានថ្ម​ថ្មី នៅ​ទន្ទឹមនឹង​ស្ពានថ្ម​ចាស់​ផ្នែក​ខាងលើ ពីមុខ​សាលាខេត្ត ដែល​ត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជិត ១​លាន​ដុល្លារ ។​
ស្ពានថ្ម​ថ្មី​នេះ ត្រូវបាន​សាងសង់​ដោយ​កងវិស្វកម្ម នៃ​ក្រសួងការពារជាតិ មាន​ចម្ងាយ ៦​ម៉ែត្រ ពី​ស្ពានថ្ម​ចាស់ ដែលមាន​ទំហំ​៨​ម៉ែត្រ ជាង​បណ្ដោយ​១០០​ម៉ែត្រ ជា​អំណោយ​សប្បុរស​ជា​អនិកជន​នៅ​ប្រទេស​ស្វី​ស តាមរយៈ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែលមាន​ដើមកំណើត​នៅ​ខេត្តបាត់ដំបង​ផ្ទាល់ ។
​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ស្ពាន​ថ្មី​នេះ​មាន​រចនាបថ​សំណង់​ស្ថាបត្យកម្ម​ដូច​ស្រដៀង​គ្នា និង​ស្ពានថ្ម​ចាស់​ដដែល​ផងដែរ វៀរលែងតែ​គ្រឹះ​ខាងក្រោម ហើយ​ស្ពាន​នេះ សាងសង់ឡើង ដើម្បី​ចូលរួម​កាត់បន្ថយ​ការស្ទះ​ចរាចរណ៍​នៅក្នុង​ក្រុង​បាត់ដំបង ហើយ​ពេល​សង់​រួច នឹងដាក់​ឲ្យ​ធ្វើដំណើរ​ជា​ឯកទិស ចេញទៅ​ខាងក្រៅ​ក្រុង ។​
​ឯកឧត្តម​បាន​បន្ថែមថា ចំពោះ​ស្ពានថ្ម​ចាស់ សង់​ឡើង​កាលពី​ឆ្នាំ​១៩១៦ ក្នុងសម័យ​អ​ណា​និគម​និយម​បារាំង មាន​អាយុកាល ១០៤​ឆ្នាំ​ហើយ​នោះ គឺ​រក្សាទុក​ឲ្យ​នៅ​ដដែល ហើយ​ក្រសួង​ពាក់ព័ន្ធ នឹងធ្វើ​ការជួសជុល​កែលម្អ​ឡើងវិញ​ផងដែរ ។​
​គួរ​បញ្ជាក់ថា ស្ពានថ្ម​ថ្មី និង​ស្ពានថ្ម​ចាស់ គឺ​ត្រូវ​ប្រើ​រយៈពេល​ជាង ៦​ខែ នឹងត្រូវ​បញ្ចប់​ការសាងសង់ និង​ជួសជុល​កែលម្អ ដោយ​មិនត្រូវ​រង់ចាំ​ធ្វើការ​ពន្យា​ពេល ឬក៏​បង្អង់​ទុក​យូរ​បានឡើយ ព្រោះ​ពេល​ទំនប់​ទប់ទឹក “​សាលា​តា​អន​” ស្ថិតក្នុង​ស្រុក​ឯក​ភ្នំ សាងសង់​ចប់​រួចរាល់ ទឹកស្ទឹង​សង្កែ​នឹងមាន​ទឹក​ជ្រៅ ដូចនេះ​ការសាងសង់​ជួប​ការលំបាក​ទាំង​ការសាងសង់ និង​ការជួសជុល ៕​

អត្ថបទ៖ សៅ សារិទ្ធ