BREAKING NEWS
Search

ស្ពាន​ឆ្លងកាត់​ទន្លេ​សេកុង​ ក្នុង​ទឹកដី​ស្រុក​សៀម​ប៉ាង​ ចាប់ផ្ដើម​ស្ថាបនា ​ដោយ​កង​វិស្វកម្ម​ បាន​ជិត​១០%​ហើយ​

ស្ទឹងត្រែង ​៖ ​​ការ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​សេកុង​ នៅ​ជាប់​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-ឡាវ​ ក្នុង​ទឹកដី​ស្រុក​សៀម​ប៉ាង ​សម្រេច​បាន​ប្រមាណ​ជិត​១០%​ហើយ ​ហើយ​នេះ​ជា​ស្ពាន​ទី​៤​ដែល​ឆ្លងកាត់​ទន្លេ បន្ទាប់ពី​ខេត្ត​ស្ទឹងត្រែង មាន​ស្ពាន​សេកុង ស្ពាន​មេគង្គ និង​ស្ពាន​ទន្លេ​ស្រែពក ដែល​កំពុង​ធ្វើ​ចរាចរ​សព្វថ្ងៃនេះ។

ប្រភពពី​មន្ត្រី​កងវិស្វកម្ម​សាងសង់​ស្ពាន​បានឲ្យដឹងថា ​៖ ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​សៀម​ប៉ាង​ នឹង​មានការ​កែប្រែ​មុខមាត់​ថ្មី បន្ទាប់ពី​មានការ​យកចិត្តទុកដាក់ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ធ្វើការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​ ផ្លូវ ​ស្ពាន ​ទឹក​ ភ្លើង​។

មន្ត្រី​កង​វិស្វកម្ម​បាន​បន្ថែម​ថា​ ៖​ ប្រជាពលរដ្ឋ​បាន​នាំគ្នា​គាំទ្រ​ទាំងស្រុង ចំពោះ​ការសាងសង់​ផ្លូវ​ស្ពាន​នេះ ​ពីព្រោះ​មាន​អត្ថប្រយោជន៍​សំខាន់​បំផុត​ ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ ជៀសវាង​បាន​ពី​ការ​បង្កើត​ឡើង​នូវ​រឿងរ៉ាវ​បញ្ហា​ព្រំដែន និង​អាច​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​មានការ​រីកចម្រើន ជីវភាព​ប្រជាពលរដ្ឋ​សម្បូរ​សប្បាយ រុងរឿង​តទៅ​ថ្ងៃ​អនាគត។

លោក ​ស៊ី​ សួន​ អភិបាលស្រុក​សៀម​ប៉ាង ​បាន​បញ្ជាក់​ថា ​៖ ​ស្ពាន​នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត​សម្រាប់​ខេត្ត​ នៅ​ភូមិភាគ​ឦសាន បន្ទាប់ពី​មាន​ស្ពាន​សេកុង និង​ស្ពាន​មេគង្គ ឆ្លងកាត់​ទន្លេ​នៅ​ទី​រួម​ខេត្ត​ស្ទឹងត្រែង ក្រោម​ដំបូល​សន្តិភាព និង​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោក​បន្ថែម​ថា​ ៖ ​នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខនេះ ប្រជាពលរដ្ឋ​ នឹង​មាន​ផ្លូវ​ថ្មី​នេះ​មួយទៀត​ ធ្វើដំណើរ​បាន​តាម​ខ្សែបន្ទាត់​ព្រំដែន ហើយ​អាច​ឆ្លងកាត់​ស្ពាន​ថ្មី​នេះ​ទៅ​ដល់​ខេត្ត​រតនគីរី​ បន្ថែម​ទៀត។

លោក​ឧត្ដមសេនីយ៍ត្រី​ ម៉ៅ​ តា​រា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង ​បាន​បញ្ជាក់​ថា ​៖​ ក្នុង​សកម្មភាព​សាងសង់​ផ្លូវ​ស្ពាន​នេះ ទោះបី​កន្លងមក​មានការ​មិន​ពេញចិត្ត​ពី​ភាគី​ឡាវ​យ៉ាងណា​ក៏ដោយ តែ​ការ​ប្រកាន់​ជំហរ​ម៉ឺង​ម៉ាត់​របស់​យើង ​គឺ​យើង​ធ្វើការ​អភិវឌ្ឍ​តែ​នៅ​ក្នុង​ទឹកដី​យើង​តែប៉ុណ្ណោះ ហើយ​កម្លាំង​សមត្ថកិច្ច​យើង​ក៏បាន​ចូលរួម​ការពារ​សន្តិសុខ​បាន​ល្អ​ប្រសើរ។

សូមបញ្ជាក់ថា​ ៖​ នេះ​ជា​ស្ពាន​ឆ្លងកាត់​ទន្លេ​ទី​៤​ហើយ​នៅ​ខេត្ត​ស្ទឹងត្រែង ​ដែល​លើក​នេះ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ទឹកដី​ស្រុក​សៀម​ប៉ាង​ ខេត្តស្ទឹងត្រែង ​ស្ថិតនៅ​ខាងក្រោម​ចំណុច​បង្គោល​គីឡូម៉ែត្រ​លេខ​០៧៨​ ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ ​ឆ្លងកាត់​ទន្លេសេកុង​ ត​ភ្ជាប់​ផ្លូវ​អភិវឌ្ឍន៍​ព្រំដែន​ពី​ ខេត្តស្ទឹងត្រែង​ ទៅ​ខេត្ត​រតនគីរី និងសាងសង់ឡើង​ដោយ​ក្រុម​កង​វិស្វកម្ម​អង្គភាព​អគ្គ​បញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នៅក្នុង​ឆ្នាំ​២០១៧​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114