BREAKING NEWS
Search

ស្រវឹងស្រា​.​ស បែកគំនិត ចាំ​គប់​កញ្ចក់​ឡាន​គេ ត្រូវ​នគរបាល​ស្រុក​ពួក ឃាត់ខ្លួន

សៀមរាប ​៖​ ស្រវឹង​ស្រាស បែកគំនិត​នាំគ្នា​ស្ទាក់​ចាំ​គប់​ឡាន​តាមផ្លូវ​រួច​គេចខ្លួន តែ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ពួក ស្រាវជ្រាវរ​ហួត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ទៅតាម​បណ្តឹង​របស់​ជនរងគ្រោះ​។

ពាក់ព័ន្ធ​ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​យក​ដុំថ្ម​គប់​កញ្ចក់​រថយន្ត​) កើតហេតុ​ម៉ោង​ប្រមាណ​ជា​០០ និង​៣០​នាទី​យប់ ឆ្លង​ចូល​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០២០ ចំណុច​លើ​ស្ពាន​បាក់​ផ្លូវជាតិ​៦ ស្ថិតក្នុង​ដី ភូមិ​ប៉ាក់​ប៉ាន់ ឃុំ​សសរស្ដម្ភ ស្រុក​ពួក ខេត្តសៀមរាប​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​ ក្រោយ​ទទួល​សេចក្ដីរាយការណ៍​ពី​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​ឈ្មោះ ញ៉យ រដ្ឋា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ ភូមិ​គ្រួស សង្កាត់​ស្លក្រាម ក្រុង​សៀមរាប រថយន្ត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ខ្មៅ ផ្លាកលេខ​ភ្នំពេញ 2P- 0827 បណ្ដាល​ឲ្យ​ខូចខាត បែក​កញ្ចក់​រថយន្ត​ទ្វារ​មុខ​ខាងស្ដាំ ដែលមាន​ដឹក​អ្នករួមដំណើរ​ចំនួន​៣​នាក់​ទៀត ទិសដៅ​ពី​លិចទៅ​កើត​តាម​បណ្ដោយ​ផ្លូវជាតិ​៦ (​គ្មាន​របួស​មនុស្ស​) ។​កម្លាំង​ស្រុក​ពួក បាន​សហការ​ជាមួយ​ប៉ុស្តិ៍​ចុះ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ​កំណត់​បាន​មុខសញ្ញា បាន​ជាក់លាក់​នៅមុខ​សញ្ញា​និង​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ទី​១.​ឈ្មោះ ហាន់ ធិ​ប ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ទី​២​ឈ្មោះ ហុន ភូ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ ភូមិ​ប៉ាក់​ប៉ាន់ ឃុំ​សសរ​ស្ត​ម ស្រុក​ពួក​។

លោក​បន្តថា ជនសង្ស័យ​២​នាក់​គេ​បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ខាងលើ​មែន ដោយ​ពួកគេ​ស្រវឹង​ស្រាស​.​មានគំនិត​ស្ទាក់​គប់​ចោល​ដុំថ្ម​ទៅលើ​រថយន្ត​កំពុង​ចរាចរ​លើ​ដងផ្លូវ ហើយ​ឈ្មោះ ហាន់ ធិ​ប ជា​អ្នកយក​ដុំថ្ម​គប់​ត្រូវ​កញ្ចក់​រថយន្ត​ជនរងគ្រោះ ឯ​ឈ្មោះ ហុន ភូ​ន បាន​កាន់​ថ្ម​តែ​មិនបាន​គប់​ទេ ក្រោយ​ប្រព្រឹត្ត​ពួកគេ​ជិះ​ម៉ូតូ​គេច​ទៅ​ដេក​ផ្ទះ​រៀងខ្លួន​។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​សាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
កុសល

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114