BREAKING NEWS
Search

ស្រី​ស្អាត​យក​សម្រស់​ទាក់ទាញ​ម៉ូយមក​ទិញ​ថ្នាំ ​ទី​បំផុត​ជាប់​ខ្នោះ​

​ភ្នំ​ពេ​ញ ៖ ​ស្ត្រី​ស្រស់ស្អាត​ម្នាក់​ ត្រូវ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចាក់អង្រែលើ​ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២០​និង​៥០​នាទី​យប់​ ថ្ងៃទី​១៨​ ខែមេសា​ ឆ្នាំ​២០១៧​ នៅ​ចំណុច​សំណង់​មិន​រៀបរយ ​ផ្លូវ​៦០ម៉ែត្រ​ ក្រុមទី​៨ ​ភូមិ​ព្រែក​តា​គង់ ​សង្កាត់​ចាក់អង្រែ​លើ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ខ​ណៈពេលដែល​ស្ត្រី​រូប​នោះ​កំពុង​យក​ថ្នាំញៀន​ទៅ​លក់​ឲ្យ​ម៉ូយ​។

​តាម​ប្រភព​ព័ត៌មាន​ពី​លោក​វរ​សេនីយ៍​ត្រី ម៉េង វិមាន​តា​រ៉ា អធិការរង​នគរបាល​ខណ្ឌ​មាន​ជ័យ ​បាន​ឲ្យ​ដឹងថា ​ស្ត្រី​ស្រស់ស្អាត​ដែល​នគរបាល​ឃាត់ខ្លួន​ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ​សាន ស្រី​ទូច អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​៧​ សង្កាត់​ចាក់អង្រែលើ ​ខណ្ឌ​មានជ័យ ​រាជធានីភ្នំពេញ​។

​លោក​អធិការរង​បាន​បន្តថា​ នៅមុន​ពេល​ឃាត់ខ្លួន​ គឺ​កម្លាំង​ នគរបាល​ខណ្ឌ​ និង​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​ បាន​ចុះ​ល្បាត​ការពារ​មូលដ្ឋាន ​នៅ​ចំណុច​សំណង់​មិន​រៀបរយ ​ជាប់​ផ្លូវ​៦០​ម៉ែត្រ​ ក៏​ប្រទះឃើញ​ស្ត្រី​ស្រស់ស្អាត​ខាងលើ​កំពុង​ឈរ​តែ​ម្នាក់ឯង​ ហើយ​កម្លាំង​នគរបាល​បានធ្វើ​ការសាកសួរ​ ស្រាប់តែ​ស្ត្រី​រូបនោះ​រត់គេចខ្លួន ​ប៉ុន្តែ​នគរបាល​បាន​ចាប់ខ្លួន​ និង​ឆែកឆេរ​ក្នុង​កាបូបស្ពាយ ​រកឃើញ​ថ្នាំញៀន​ក្រាម​ពណ៌ស​ថ្លា​ ចំនួន​១៧​កញ្ចប់​។

​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួន​ និងរកឃើញ​ថ្នាំញៀន​រួចមក​ ស្ត្រី​សង្ស័យ​ក៏បាន​ឆ្លើយ​សារភាពថា​ ថ្នាំញៀន​ទាំង​១៧​កញ្ចប់​ជា​របស់ខ្លួន ​ដែល​យកមក​លក់​ឲ្យ​ម៉ូយ ​តែ​ចៃដន្យ​ត្រូវ​នគរបាល​ចាប់ខ្លួន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114