ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រី​ស្អាត អាណា​រ៉ូ​ស ប្រកាស​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​ក្រសួង

ភ្នំពេញ ​៖​ កញ្ញា អាណា​រ៉ូ​ស កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ​ត្រូវ​បាន​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ចេញ​លិខិត​កោះហៅ​ឲ្យ​ចូលរួម​ប្រជុំ​ស្ដាប់​ការណែនាំ​អប់រំ​ពី​ក្រសួង​ ក្រោយពេល​បែក​ធ្លាយ​វីដេអូ​ថត​សម្តែង​ស្រើបស្រាល​ឱប​ថើប​ច្របាច់​បឺត​មាត់​គ្នា​ជាមួយ​តារា​ប្រុស​លោក យុទ្ធ ឋានៈ រហូត​ផ្ទុះ​ការរិះគន់​ផ្អើល​ពេញ​បណ្ដាញ​សង្គម។ ចំណែក​ឯ​លោក យុទ្ធ ឋានៈ ក៏​ត្រូវ​បាន​ក្រសួង​កោះហៅ​ដូចគ្នា។

ស្រប​ពេល​ជាមួយគ្នា ​ដែល​ក្រសួង​ចេញ​លិខិត​កោះហៅ​នេះ​ដែរ​ តារា​ស្រី​សិច​ស៊ី អាណា​រ៉ូ​ស បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា​ថា​ លិខិត​ដែល​ក្រសួង​កោះហៅ​នោះ​គឺ​នាង​មិនទាន់​បាន​ទទួល​ផ្ទាល់ដៃ​ទេ​ តែមាន​គេ​ផ្ញើ​សារ​ចូល​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក ​និង​ឃើញ​ការ​ចុះផ្សាយ​នៅ​លើ​បណ្ដាញ ​សារព័ត៌មាន​មួយ​ចំនួន​ផង​ដែរ។

កញ្ញា អាណា​រ៉ូ​ស បាន​បន្ត​ទៀត​ថា​ នាង​នឹង​ចូលខ្លួន​តាម​ការ​អញ្ជើញ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​នៅ​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ខាងមុខនេះ ​ដោយ​គ្មាន​ការ​ភិតភ័យ ​ឬ​ពន្យារពេល​ឡើយ​។​ ម្យ៉ាងទៀត​នាង​ក៏​យល់ព្រម​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង ​ដែល​ជា​អាណាព្យាបាល​លើ​តារា​សិល្បៈ​ចំពោះ​ករណី​នៃ​ការ​ថត​សិច​ស៊ី​ស្រើបស្រាល​ពោល​គឺ​ខ្លួន​នឹង​បញ្ឈប់​រាល់​សកម្មភាព​ថត​បែបនេះ​ទៀតហើយ។

តារា​ស្រី​កញ្ញា​អាណា​រ៉ូ​ស​ បានបញ្ជាក់​បន្ថែមថា ​ខ្លួន​ពិតជា​សូម​ការ​អភ័យទោស​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ​ចំពោះ​ការ​បែក​ធ្លាយ​វីដេអូ​ថត​ស្រើបស្រាល​ដែល​ពុំមែន​ជា​ចេតនា​របស់​នាង​ធ្វើឡើង​ ដើម្បី​ចង់​ទាញ​ភាព​ល្បីល្បាញ​នោះ​ទេ។ លើស​ពី​នេះ អាណា​រ៉ូ​ស ក៏​ប្រកាស​ថា ​ខ្លួន​ត្រូវតែ​ស្តាប់​និង​ធ្វើតាម​ការណែនាំ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ដោយ​កា​រពេញចិត្ត​ទទួលយក​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ។

សូម​បញ្ជាក់​ថា ​បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ថត​សិច​ស៊ី​ស្រើបស្រាល​ឱបថើប​គ្នា​បង្ក​ការរិះគន់​និង​មិន​ពេញចិត្ត​ពី​ទស្សនិកជន​នោះ​ ទីបំផុត​តួ​សម្តែង​ប្រុស​-​ស្រី​គឺ​កញ្ញា អាណា​រ៉ូ និង​លោក យុទ្ធ ឋានៈ ពេលនេះ​ត្រូវបាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ​បានចេញ​លិខិត​កោះហៅ​ទៅ​ព្រមាន អប់រំ​ណែនាំ​ចំពោះ​សកម្មភាព​នៃ​ការថត​សម្តែង​របស់​ពួកគេ។

នៅក្នុង​លិខិត​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់ថា ​កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​ទប់ស្កាត់​ផល​ប៉ះពាល់​ចំពោះ​ប្រពៃណី វប្បធម៌​ជាតិ និង​សីលធម៌​សង្គម​ក្នុង​វិស័យ​ភាពយន្ត​។​ ការកោះហៅ​របស់​ក្រសួង​ខាងលើនេះ ​ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ទស្សនិកជន​ខ្មែរ​ជាច្រើន​ បាន​ស្នើ​​ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ឲ្យ​ចាត់វិធានការ​ក្នុង​ការ​កោះហៅ​តារា​ប្រុស​-​ស្រី​កញ្ញា អាណា​រ៉ូ​ស និង​លោក យុទ្ធ ឋានៈ ទៅ​អប់រំ​ណែនាំ​ឬ​បញ្ឈប់​សកម្មភាព​បែបនេះ​ទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114