BREAKING NEWS
Search

ស្រូវប្រាំង​ជាង​៤០០​ហិកតា​នៅ​ឃុំ​កំពង់ព្រះ​គគីរ ក្រៀម​ស្វិត​ខ្វះ​ទឹក​ត្រូវ​បាន​ក្រុមការងារ​សម្តេច គង់​សំអុល ដាក់​ម៉ាស៊ីន​បូមទឹក​ជួយសង្គ្រោះ

កំពង់ឆ្នាំង ​៖ ប្រជាកសិករ​នៅ​ក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ជាង​១០០​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២០ នេះ​បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយ​រីករាយ ខណៈ​ដែល​ស្រូវប្រាំង​ក្នុង​ស្រែ​របស់​ពួកគាត់​ជាង​៣០០​ហិកតា​ ដែល​កំពុង​ក្រៀម​ស្វិត ត្រូវ​បាន​ក្រុមការងារ​សម្តេច​ឪ តាមរយៈ​សម្តេច​ចៅ​វាហ្វាំង គង់ សំអុល ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្តកំពង់ឆ្នាំង បាន​ដឹក​បញ្ជូន​ម៉ាស៊ីន​បូមទឹក ចំនួន​០៥​គ្រឿង មក​ដាក់​ជួយ​បូម​ទឹក​ពី​ទន្លេ​ដាក់​ស្រែ​របស់​ពួកគាត់​រយៈពេល​៣​ថ្ងៃ​កន្លង​មក​នេះ។

លោក ឈួន រ៉ា អនុប្រធាន​សហគមន៍​នេសាទ ឃុំ​កំពង់ព្រះ​គគីរ​តំណាង​ឲ្យ​ប្រជាកសិករ ជាង​១០០​គ្រួសារ​នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២០​នេះ បាន​និយាយ​ឲ្យ​ដឹង​ថា ប្រជាកសិករ​នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ជាង​១០០​គ្រួសារ​នៅ​ក្នុង​រដូវប្រាំង​ឆ្នាំនេះ បាន​នឹង​កំពុង​ធ្វើស្រែ​ប្រាំង ចំនួន​៣១៥​ហិកតា។ ចំណែក​ដីស្រែប្រាំង ជាង​១០០​ហិក​តា​ទៀត នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​នេះដែរ ជា​របស់​ប្រជាកសិករ​នៅក្នុង​ឃុំ​ផ្សារ និង​ឃុំ​មេលំ ដែល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ស្រូវ​បាន​ក្រៀម​ស្វិត​ដោយសារតែ​អត់​ទឹក។

លោក ឈួន រ៉ា បាន​បន្ត​ថា ដោយ​ពិនិត្យ​ឃើញ​ផល​លំបាក និង​ការ​ខ្វះខាត​របស់​ប្រជាកសិករ​នៅ​ក្នុង​ភូមិ​កោះ​តា​ម៉ូ​វ តាម​សំណើ​របស់​ប្រជាកសិករ ក្រុមការងារ​សម្តេចឪ តាម​រយៈ​សម្តេច​ចៅ​ហ្វាវាំង គង់ សំអុល កាលពី​ថ្ងៃទី​០៣ ខែមករា នេះ​បាន​ដឹក​ម៉ាស៊ីន​បូមទឹក​ចំនួន​០៥​គ្រឿង ក្នុង​នោះ​មាន​ធំ​០២​គ្រឿង និង​តូច​០៣​គ្រឿង មក​ដាក់​បូម​ទឹក​ពី​ទន្លេ​បញ្ចូល​មក​ក្នុង​ប្រឡាយ​មេ ដើម្បី​ឲ្យ​ប្រជាកសិករ​ដាក់​ម៉ាស៊ីន​តូចៗ​បូម​ទឹក​បន្ត បញ្ចូល​ស្រែប្រាំង​រៀងៗ​ខ្លួន។ បើ​គិត​មកដល់ពេលនេះ ដី​ស្រែប្រាំង​ប្រមាណ​៦០% បាន​សង្គ្រោះ​រួចហើយ និង​នៅ​៤០% ទៀត ប្រមាណ​៣​ទៅ​៤​ថ្ងៃ​ទៀត និង​មានទឹក​ពេញ​ស្រែ​ហើយ។

តំណាង​ប្រជាកសិករ​ភូមិ​កោះ​តា​ម៉ូ​វ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ សម្តេច​ចៅ​ហ្វាវាំង គង់ សំអុល និង​ក្រុម​សម្តេចឪ ដែល​បាន​ដាក់​ម៉ាស៊ីន​ជួយសង្គ្រោះ​ស្រូវប្រាំង​ពួកគាត់ ក៏ដូចជា​បានផ្តល់​បាយ​ជូន​ពួកគាត់​អញ្ចឹង​ដែរ និង​ដែល​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក ក្នុង​ពេល​ខ្វះ​ទឹក​ធ្វើស្រែ​ប្រាំង​ជា​រៀងរាល់ឆ្នាំ ក្រុមការងារ​សម្តេចឪ និង​សម្តេច​ចៅ​ហ្វា​វាំង​ តែង​ចុះ​មក​ដាក់​ម៉ាស៊ីន​ជួយ​បូម​ទឹក​ដាក់​ស្រែ រហូតដល់​ប្រជាកសិករ​ប្រមូល​ផល​រួចរាល់។

ប្រជាកសិករ​ទាំងអស់ ​សូម​ជូនពរ​សម្តេចចៅ​ហ្វាវាំង គង់ សំអុល និង​ក្រុមការងារ​សម្តេចឪ សូម​ជួបប្រទះ​តែ​និង​សេចក្តី​សុខ​គ្រប់ប្រការ និង​មាន​ជោគជ័យ​គ្រប់​ការងារ​ភារកិច្ច ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​រស់​នៅ​ក្នុង​សុខ​សន្តិភាព និង​មាន​ជីវភាព​ធូរធារ​ប្រសើរ​ឡើង៕
ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114