ស្រូវពង្រោះ​ច្រើន​ហិច​តា​ខ្វះ​ទឹក​ មន្ត្រី​ថា​ពឹង​លើទឹក​ភ្លៀង​បើ​ភ្លៀង​ធ្លាក់​ចំ​ប្រាកដជា​ងាប់​អស់
BREAKING NEWS
Search

ស្រូវពង្រោះ​ច្រើន​ហិច​តា​ខ្វះ​ទឹក​ មន្ត្រី​ថា​ពឹង​លើទឹក​ភ្លៀង​បើ​ភ្លៀង​ធ្លាក់​ចំ​ប្រាកដជា​ងាប់​អស់

បន្ទាយមានជ័យ ៖ ស្រូវពង្រោះ​ច្រើន​រយ​ពាន់​ហិច​តា​ខ្វះ​ទឹក​នៅ​ឃុំ​មួយចំនួន​នៅ​ស្រុក​មង្គល​បូរី មន្ត្រី​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​កសិកម្ម​ថា​ ស្រូវ​ទាំងអស់​នេះ​ពឹង​លើទឹក​ភ្លៀង​ទាំងស្រុង​បើ​គ្មាន​ភ្លៀង​ធ្លាក់​ត្រូវ​ទាំងអស់​នេះ​ ប្រាកដជាងាប់​អស់​ជាមិនខាន​ព្រោះ​ស្ទឹង​ប្រឡាយ គ្មាន​ទឹក​សម​ល្មម​នឹង​បូម​ស្រោចស្រព​ឡើយ នេះ យោង​មន្ត្រី​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០។

លោក​ឧបនាយក​រដ្ឋ​ម​ន្ត្រី​កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ពាក់ព័ន្ធ​ទៅ​ពិនិត្យមើល​ស្ថានភាព​ដំណាំ​ស្រូវ​ខ្វះ​ទឹក​នៅ​ភាគ​ខាងលិច​ឃុំ​សឿ​ ស្រុក​មង្គល​បូរី​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បង្ហាញ​ក្តី​បារម្ភ​ជាមួយ​កសិករ​នូវ​ស្ថានភាព​ខ្វះ​ទឹក​ហើយ​ណែនាំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​រក​មធ្យោបាយ​ដោះស្រាយ​បន្ទាន់​តាមរយៈ​ការ​បូម​បាច​ពី​ស្ទឹង អូរ ប្រឡាយ ឬក៏​មានតែ​រង់ចាំ​ទឹកភ្លៀង​ដដែល។

ក្នុងនោះ​ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​សន្យា​គាំទ្រ​ថវិកា​ស្តារ​ស្រះ​ទឹក​១០​កន្លែង ​នៅ​ស្រុក​នេះ​និង​ឲ្យ​ទាក់​ទង់​នឹង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ ដើម្បី​ជីក​អណ្តូង​ស្នប់​១០​កន្លែង​ តាមរយៈ​ជំនួយ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ឥណ្ឌា​ផង​និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផង។

លោក​រ័ត្ន ដា​ស៊ីណង់ អភិបាលស្រុក​មង្គល​បូរី​ប្រាប់​ឲ្យ​ដឹង​ថា ​ដោយសារតែ​ភ្លៀង​បង្អុរ​រាយប៉ាយ​មិន​ចំ ទើប​វា​បាន​បង្ក​ជា​គ្រោះ​រាំងស្ងួត ហើយ​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​រដូវវស្សា​នៅ​ភាគ​ខាងលិច​ឃុំ​សឿ​ប្រមាណ​៧.០០០​ហិច​តា ស្រូវ​នៅ​ឃុំ​ចំណោម​និង​ឃុំ​បត់​ត្រង់​ជាង​៣.០០០​ហិច​តា​ខ្វះ​ទឹក។​ ហើយ​ស្រូវ​ចាប់ផ្តើម​ស្វិត​រញម​ខ្លោច​ហើយ។

ប៉ុន្តែ​លោក​ភាវ រ័ត្ន ប្រធានការិយាល័យ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ស្រុក​មង្គល​បូរី​ប្រា​ថា​ស្រូវពង្រោះ​ទាំងនោះ​ខ្វះ​ទឹក ហើយ​រង​ផលប៉ះពាល់​កម្រិត​ស្រាល​ប៉ុណ្ណោះ​បើ​មាន​ភ្លៀង​ធ្លាក់ចំ ស្រូវ​នឹង​រស់ ហើយ​ល្អ​ឡើងវិញ​ហើយ។ លោក​ភាវ រ័ត្ន និយាយ​បន្តថា មន្ត្រី​ជំនាញ​វាយតម្លៃ​ឃើញថា​ផ្ទៃដី​ស្រូវវស្សា​ពូជ​សែន​ក្រអូប​នៅ​ភូមិសាស្ត្រ​ភូមិប​ល្ល័​ង្គ​ជ្រៃ អូរ​ជួប​ថ្មី​ឃុំ​សឿ​ដែល​ខ្វះ​ទឹក​មកពី​វា​ជា​ដី​ទួល​ឬ​ដី​ខ្ទើយ ដែល​ទឹក​មិន​ដក់​ផង ហើយ​ភ្លៀង​ក៏​មិន​ចំ​ផង។

លោក​ភាវ រ័ត្ន បាន​បន្ត​ថា​ តួលេខ​ស្រូវ​ខ្វះ​ទឹក​នៅ​នៅ​ឃុំ​សឿ​ស្មៀនឃុំ​ថា​មានតែ​ប្រមាណ​១០០​ហិច​តា​តា​ប៉ុណ្ណោះ។​ ឯ​នៅ​ភូមិ​សំរោង​ឃុំ​បត់​ត្រង់ ស្រូវពង្រោះ​បាន​១០០​ហិច​តា​បាន​ខូចខាត​ដោយ​គ្រោះរាំងស្ងួត​។ តែ​កសិករ​ម្ចាស់​ស្រែ​បាន​ភ្ជួរ​ចោល ហើយ​ព្រោះ​ជាថ្មី​រួចហើយ ។​ទោះជា​យ៉ាងណា​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​នេះ​បាន​និយាយ​ស៊ី​សង្វាក់​គ្នា​ថា ស្រូវ​ដែល​ខ្វះ​ទឹក​ទាំងនោះ​នឹង​ពុំ​អាច​ទទួល​ទឹក​ពី​ស្ទឹង​មង្គល​បូរី​ឬ​ពី​ប្រឡាយ​ដើម្បី​បូម​បាច​ឡើយ ព្រោះ​ជលសា​ស្ត្រ​ទាំងនោះ មាន​ទឹក​បន្តិចបន្តួច ហើយ​ករណី​ដែល​ក្រុមការងារ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ កសិករ​ដឹកនាំ​ដោយ​លោក​ពិន សេង​ហាប់ អភិបាលរង​ស្រុក​មង្គល​បូរី​ទៅ​នាំ​ទឹក​ពី​ភូមិសាស្ត្រ ​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​នោះ ក៏​មិនបាន​ទឹក​អី​ច្រើន ក្រៅពី​ទឹក​សម្រាប់​ប្រើប្រាស់​និង​ហូបចុក​ប៉ុណ្ណោះ។

ម្យ៉ាងទៀត ទឹកស្ទឹង​មង្គល​បូរី​នេះ នៅ​ភូមិសាស្ត្រ​ឃុំ​ព្រៃ​ខ្ពស់​និង​ឃុំ​ល្វា​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង ត្រូវ​កសិករ​ស្ទាក់​ដាក់​ទុយោ​ម៉ា​ស៊ីន​បូម​ច្រើន​ស្អេកស្កះ​ដូច​ស្និតចេក​អស់​ទៅ​ហើយ។ ​ទោះជា​យ៉ាងណា មន្ត្រី​ទាំង​២​ស្ថាប័ន​ទទួលស្គាល់​និង​មាន​មោទនភាព​ថា ផ្ទៃដី​ស្រូវ​ដែល​ខ្វះ​ទឹកភ្លៀង​មាន​តិចតួច​ទេ បើ​ប្រៀបធៀប​នឹង​ផ្ទៃដី​ស្រូវវស្សា​៥០.០០០​ហិច​តា​នៅ​ឃុំ​ទាំង​១៣​ក្នុងស្រុក​មង្គល​បូរី ហើយ​ស្រូវ​ទាំងនោះ ទទួល​ទឹកភ្លៀង ហើយ​លូតលាស់​មាន​ដើមដង​ល្អ ស្រូវ​ទាំងនោះ​ជា​ស្រូវស្រាល​ពូជ​សែន​ក្រអូប​ចំនួន​៤៥.០០០​ហិច​តា​លើ​ស្រូវ​សរុប​ទូទាំង​ស្រុក​ចំនួន​៥០.០០០​ហិច​តា៕
គង្គា​

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114