BREAKING NEWS
Search

ស្លាប់​ម្នាក់ និងងកំពុង​សង្គ្រោះបន្ទាន់​ម្នាក់ ដោយសារ​ពុល​ស្រាថ្នាំ​ក្លែម​សាច់ឆ្កែ

កំពត ៖ បុ​រស​ម្នា​ក់ បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ និង​ម្នាក់ទៀត​កំពុងធ្វើការ​សង្គ្រោះបន្ទាន់​នៅឯមន្ទីរពេទ្យ​ប្រទេស​វៀតណាម ខណៈ​ជនរងគ្រោះ​ទាំងពីរបាន​ផឹកស្រា​ថ្នាំក្លែម​សាច់ឆ្កែជាមួយគ្នារួចមក​។ ចំពោះ​រឿង​រ៉ាវនេះ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​អ្នក​ផ្សំ​ថ្នាំបុរាណ​ម្នាក់​មក​សាកសួរ​ផងដែរ​។ ករណី​ដ៏​កម្រ​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​ ១៧​ និង​ ២០​ នាទី​ល្ងាច ថ្ងៃទី​១៤​ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុច​ ភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត​។

តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​ជួប​ករណី​ដូចខាងលើ ជនរងគ្រោះ​បាន​អង្គុយផឹកស្រា​ថ្នាំ​ក្លែម​សាច់​ឆ្កែ​ជាមួយគ្នា លុះ​បន្តិចក្រោយមក​ស្រាប់​ពី​ជនរងគ្រោះ​ទាំងពីរ​មាន​អាការៈ​ក្អួតចង្អោរ ឃើញ​សភាព​មិន​ស្រួល​ និង​មាន​សភាព​គួរ​ឲ្យ​បារម្ភ​ផង​នោះ ក្រុមគ្រួសារ​ក៏បានដឹក​ជនរងគ្រោះ​តាម​រថយន្តទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​តែម្តង ប៉ុន្តែដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​បុរស​ម្នាក់​ក៏បាន​ស្លាប់បាត់​បង់ជីវិត​។​

សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​ពុល​ស្រាថ្នាំ​ខាងលើ មានឈ្មោះ សំ វណ្ណា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ក្នុងភូមិឃុំ​កើតហេតុ​។ ​ដោយឡែក​បុរស​ដែល​កំពុងធ្វើការសង្គ្រោះបន្ទាន់មាន​ឈ្នោះ ហ៊ួ​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត​។

បើតាម​ការបំភ្លឺ​ពី​សំណាក់​គ្រូ​ផ្សំ​ថ្នាំបុរាណ​ម្នាក់ ឈ្មោះ ​អ៊ឹង ឈាន់ ហៅ ​កៅ បាន​និយាយថា មុន​ជួបករណីនេះ សំ វណ្ណា ​(​ជនរងគ្រោះ​)​ បាន​កុម្ម៉ង់​ឲ្យ​ខ្លួន​ផ្សំ​ថ្នាំខ្មែរ​យក​ត្រាំ​ស្រា​ផឹក​សម្រាប់​ការពាររោគ​ហឺត ទើប​ខ្លួន​បាន​ផ្សំ​ជូន​តាម​ការ​កុម្ម៉ង់ ក្នុងនោះ​មាន​ផ្កា​ស្លាក់ ដោយបាន​ប្រាប់​ទៅជនរងគ្រោះ​ថា ថ្នាំ​នេះ​បើ​យកមក​ត្រាំ​ស្រា​ត្រូវ​ទុក​រយៈពេល​ ១០​ ថ្ងៃ​ទើប​ពិ​សារបាន បើ​ហូប​ភ្លាមអាច​ពុល​ស្លាប់​មិនខានឡើយ​។​ អ្នក​ផ្សំ​ថ្នាំ​បាន​បន្តថា បន្ទាប់ពី​បាន​ផ្តាំ​រួចហើយ​ជនរងគ្រោះ​ក៏យក​ថ្នាំ​ទៅ​ត្រាំ​ស្រា ប៉ុន្តែ​ជនរងគ្រោះ​មិនបាន​អនុវត្តតាម​បណ្តាំ គឺ​ត្រាំ​ភ្លាម​ផឹក​ភ្លែត​តែម្តង ទើបបណ្តាល​ឲ្យ​ពុល​ស្លាប់​បែបនេះ​។

ទោះជា​យ៉ាងណា ករណី​ពុល​ស្រាថ្នាំ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​កំពុង​ជួយសង្គ្រោះ​ម្នាក់ខាងលើ សមត្ថកិច្ច​បាននិងកំពុង​បន្ត​ស្រាវ​ស្រាវដើម្បី​រក​មូលហេតុ​ពិត​។ បច្ចុប្បន្ន​សព​បុរស​រ​ងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​មកកាន់​លំនៅឋាន ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114