ស្វែងយល់​អំពី​ជំងឺ​បូស​អន្ទង់​
BREAKING NEWS
Search

ស្វែងយល់​អំពី​ជំងឺ​បូស​អន្ទង់​

មនុស្ស​ជាច្រើន​តែងតែ​គិតថា គាត់​មាន​ជំងឺ​ឫសដូងបាត​ នៅ​ពេល​ដែល​គាត់​មាន​រោគសញ្ញា​ផ្សេងៗ​នៅ​ម្ដុំ​បាត​(​ម្ដុំ​ទ្វារ​លាមក​) ក៏ប៉ុន្តែ​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន​នៅ​តំបន់​នេះ​។

ក​) បូស​អន្ទង់​ជា​អ្វី​?

​វា​គឺជា​បូស​កើត​នៅ​ម្ដុំ​ទ្វារ​លាមក ដែល​កើតឡើង​ដោយ​ការ​ស៊ី​ចាក់​រូង​ពី​ក្នុង​រន្ធ​បាត​ចេញ​មក​ខាងក្រៅ​។ ជំងឺ​នេះ​កើតមាន​ជាទូទៅ​ចំពោះ​មនុស្ស​ពេញវ័យ ក៏ប៉ុន្តែ​វា​ក៏​អាច​កើតមាន​លើ​ក្មេង​តូចៗ​ផង​ដែរ​។

ខ​)​រោគសញ្ញា​បូស​អន្ទង់​

– មាន​ដុំ​ពក​ហើម​និង​ឈឺ​នៅ​តំបន់​បាត​ដែល​ទើបតែ​កើតមាន​ថ្មីៗ​
– ឈឺចាប់​នៅ​ខាងក្នុង​បាត​ដែល​ទើបតែ​កើតមាន​ថ្មីៗ​
– មាន​ហូរ​ខ្ទុះ​នៅ​បាត​
– មាន​អារម្មណ៍​ថា​សើម​ជាប់​ជាប្រចាំ​នៅ​បាត​
– រមាស់​នៅ​បាត

​គ​)​មូលហេតុ​

​ជាធម្មតា​នៅ​ខាងក្នុង​រន្ធ​បាត​របស់​មនុស្ស​គ្រប់គ្នា គឺ​មាន​ក្រពេញ​ធម្មជាតិ​តូចៗ​ជាច្រើន​។ គេ​សន្និដ្ឋាន​ថា ​ជំងឺ​បូស​អន្ទង់​បណ្ដាលមកពី​ការ​ស្ទះ​រន្ធ​នៃ​ក្រពេញ​តូចៗ​ទាំងនេះ ដែល​បង្ក​ឲ្យ​មាន​ខ្ទុះ​ស៊ី​ចាក់​រូង​ចេញ​មក​ខាងក្រៅ​។​

ឃ​) វិធី​ព្យាបាល​

​ការ​ព្យាបាល​តែមួយគត់​ ដែល​មាន​ប្រសិទ្ធភាព​គឺ​ការវះកាត់​។ ការ​វះ​បូស​អន្ទង់​មាន​ពី​ប្រភេទ គឺ​ការ​វះ​បង្ហូរ​ខ្ទុះ​បន្ធូរបន្ថយ​ការឈឺចាប់ និង​ការ​វះ​ឲ្យ​ជាសះស្បើយ​។ ជំងឺ​នេះ​មិន​មាន​វិធី​ផ្សេងៗ​សម្រាប់​ព្យាបាល​ឲ្យ​ជាសះស្បើយ​ទេ ក្រៅពី​ការវះកាត់​។​

ង​) ផលវិបាក​នៃ​បូស​អន្ទង់​

– គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ ក្នុង​ករណី​ដែល​បូស​កំពុងតែ​ហើម​ឈឺ ហើយ​មិនបាន​វះ​បង្ហូរ​ខ្ទុះ​ចេញ លេប​ថ្នាំ​អូស​បន្លាយ​ពេលវេលា បូស​នោះ​អាច​រាលដាល​ធំ​ បង្ក​ឲ្យ​ស្លោក​ពេញ​តំបន់​បាត​(Gangrène de Fournier) និង​ឆ្លង​មេរោគ​ចូល​ក្នុង​ឈាម​ ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​។​ករណី​នេះ​ ងាយ​នឹង​កើតមាន​ជាពិសេស​ចំពោះ​មនុស្ស​ ដែល​ខ្សោយ​ប្រព័ន្ធ​ការពារ​ដូចជា​មនុស្ស​ចាស់ជរា អ្នកជំងឺ​ទឹកនោមផ្អែម។​ល​។​
– លាប់​សារ​ចុះ​សារ​ឡើង​ប្រសិនបើ​មិន​វះកាត់​ផ្ដាច់​ផ្លូវ​រូង និង​ប្រភព​ដើម​នៃ​បួស​ដែល​ស្ថិតនៅ​ខាងក្នុង​រន្ធ​បាត​។​
– ផល​រំខាន​ដែល​បណ្ដាលមកពី​ការឈឺចាប់ ការ​រមាស់ និង​ការ​ហូរ​ខ្ទុះ​ជាប្រចាំ​។​
“​ប្រសិនបើ​លោកអ្នក​មាន​បញ្ហា ឬ​រោគសញ្ញា​ដូចដែល​បាន​រៀបរាប់​ខាងលើ សូម​មេត្តា​ប្រញាប់​មក​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​បាន​នូវ​រោគវិនិច្ឆ័យ និង​វិធីសាស្ត្រ​ព្យាបាល ទាន់​ពេល​វេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​”​

ចុចអាន៖ ប្រេង​ក្រអូប ៥ ប្រភេទ​បណ្ដេញ​ស្រ្តេស​ចេញ​ពី​រាងកាយ ​ផ្ដល់​នូវ​ថាមពល​ពេញ​មួយ​ថ្ងៃ​