BREAKING NEWS
Search

ហាង​ទំនិញ​នៅ​​ចិន ​ផ្តល់ “​បន្ទប់​សម្រាក​ឲ្យ​ប្តី​” ខណៈដែល​ប្រពន្ធ​របស់​ពួកគេ ​ដើរ​ទិញ​ឥ​វ៉ាន់​

​វា​ជា​ទស្សនីយភាព​ដ៏​ល្បីល្បាញ​មួយ​ នៅ​ជុំវិញ​ពិភពលោក ខណៈដែល​បុរស​ជាច្រើន​នាក់​ ធុញទ្រាន់​នៅពេល​ប្រពន្ធ​របស់​ពួកគេ ​ដើរ​ទិញ​ឥ​វ៉ាន់ នៅក្នុង​ផ្សារ​ទំនើប។​

ក៏ប៉ុន្តែ​ប្រទេស​ចិន​ អាច​នឹងមាន​ដំណោះស្រាយ​ដែល​គេ​ហៅថា “​បន្ទប់​សម្រាក​សម្រាប់​ប្តី​”។ ខណៈពេលដែល​ប្រពន្ធ​របស់​ពួកគេ​ដើរ​ផ្សារ អ្នក​ប្រើ​អាច​ចូលទៅក្នុង​បន្ទប់​កញ្ចក់​ រួមជាមួយ​នឹង​កៅអី​ម៉ាស្សា​ ដែលមាន​ផាសុកភាព និង​អេក្រង់​សម្រាប់​លេង​ហ្គេម​កុំព្យូទ័រ ឬ​មើល​ទូរទស្សន៍។​

អ្នក​បង្កើតបាន​និយាយថា បន្ទប់​តូច​នេះ ​គឺមាន​ជា​លើកដំបូង​នៅ​ប្រទេស​ចិន ហើយ​ពួកគេ​បាន​ដំឡើង​បួន​កន្លែង ​នៅក្នុង​ផ្សារ​ទំនើប​ នៅ​ទីក្រុង​សៀង​ហៃ​ក្នុងតម្លៃ ៤០,០០០ យ័ន (៦,០០០ ដុល្លារ​) ។​ អ្នក​អាច​កក់​ទុក​មុន​បាន​ តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ ហើយ​វា​មិនមាន​ការចំណាយ​អ្វី​ឡើយ ​ក្នុងការ​ប្រើប្រាស់​នៅពេលនោះ។​

លោក Owen Wei អ្នកគ្រប់គ្រង​គម្រោង ​នៅ​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក Ingrem ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀង​ហៃ​ បាន​ឲ្យ​ដឹងថា ប្រសិនបើ​បាវចនា​លើកដំបូង​នេះ​ បង្ហាញ​ពី​ភាព​ពេញនិយម​ ពួកគេ​នឹងដាក់​លក់​នៅតាម​ផ្សារ​ទំនើប​នៅក្នុង​ទីក្រុង។​

លោក​បាន​ប្រាប់ AFP នៅឯ​ផ្សារ​ទំនើប Global Harbor ដែលមាន​ប្តី​ម្នាក់​ដេក​ ក្នុង​បន្ទប់​សម្រាក​នៅក្បែរនោះ ​ដោយ​និយាយថា “​បុរស​មួយចំនួន​មិន​ចង់ទៅ​ផ្សារ ឬ​ស្នាក់នៅ​ជាមួយ​ប្រពន្ធ​របស់​ពួកគេ​ទេ ហើយ​ចូលចិត្ត​លេង​ហ្គេម ឬ​មើល​ទូរទស្សន៍​” ។​

ស្វាមី​ម្នាក់​និយាយថា គាត់​ចូលចិត្ត​ការផ្ដល់ជូននេះ ខណៈដែល​លោក Liu Tianguo និយាយថា ប្រពន្ធ​របស់គាត់ ​មិន​យល់ព្រម​ចំពោះ​គម្រោង​នេះឡើយ។​

លោក Liu បាន​និយាយថា “​ខ្ញុំ​បាន​ប្រាប់​ប្រពន្ធ​របស់ខ្ញុំ​ថា ខ្ញុំ​នឹង​នៅទីនេះ។ អ្នក​ទៅ​ផ្សារ ហើយ​អ្នកនឹងអាច​រក​ខ្ញុំ​នៅទីនេះ​” ។ “​វា​មាន​ផាសុខភាព ហើយ​ខ្ញុំ​អាច​សម្រាក​ នៅពេលដែល​នាង​ចំណាយ​ប្រាក់​របស់ខ្ញុំ។ នាង​មិន​អី​ទេ​ជាមួយ​វា ដរាបណា​ខ្ញុំ​មិន​នៅទីនេះ​យូរពេក​” ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684