ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន១១ខ្សែ ប្រវែងសរុប១៦,៣៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការហើយ

នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក សួង ហេង រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន១១ខ្សែ ប្រវែងសរុប១៦,៣៧៤គីឡូម៉ែត្រ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន១១ខ្សែនេះមានប្រវែងសរុប១៦,៣៧៤គីឡូម៉ែត្រ ដែលក្នុងនោះរួមមានការពង្រីកកំណាត់ផ្លូវ កំណាត់ផ្លូវជាតិលេខ៤ ពី២គន្លង ទៅ ៦គន្លង ខ័ណ្ឌដោយសួនច្បារតាមបណ្ដោយទ្រូងផ្លូវ ដែលមានប្រវែងសរុប ៦,៧០គីឡូម៉ែត្រ និងស្ថាបនាផ្លូវថ្នល់ក្នុងក្រុងចំនួន១០ខ្សែ ប្រវែងសរុប ៩,៦៧៤គីឡូម៉ែត្រផងដែរ។

លោក​រដ្ឋលេខាធិការបានមានប្រសាសន៍ថា ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ខ្ពស់ និងមានចក្ខុវិស័យ មុតស្រូច និងវែងឆ្ងាយក្នុងការប្រែក្លាយខេត្តភាគនិរតីដែលមានសក្ដានុពលមួយនេះឱ្យក្លាយទៅជាទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រស្អាត និនិងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបណង៕