BREAKING NEWS
Search

ហេតុផល​ដែល​លោក Conor Nestor សម្រេច​ឱ្យ​កីឡាករ សឿ​យ វិសាល កាន់តំណែង​ប្រធាន​ក្រុម​រដូវ​កាល​នេះ

​លោកគ្រូ​បង្វឹក Conor Nestor គ្រូបង្វឹក​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បានសម្រេច​ជ្រើស​រើស​យក​កីឡាករ សឿ​យ វិសាល ឲ្យ​កាន់​តួនាទី​ជា​ប្រធាន​ក្រុម​សម្រាប់​រដូវ​កាល​២០១៩​នេះ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) និង ពានរង្វាន់​សម្តេច​តេ​ជោ​ហ៊ុន សែន​។

លោក Conor បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​បានសម្រេច​ជ្រើសរើស​កីឡាករ សឿ​យ វិសាល ជា​ប្រធាន​ក្រុម «​សម្រាប់​ខ្ញុំ​អ្នក​ពាក់​ស្លាក​ប្រធាន​ក្រុម​មិន​សំខាន់​នោះ​ទេ បើសិនជា​ពុំ​មាន​កីឡាករ​១១​នាក់​នៅ​លើ​ទីលាន​ធ្វើការ និង​ទំនួល​ខុសត្រូវ ចឹ​ង​យើង​មិនអាច​ជោគជ័យ​បាន​នោះទេ​។ វិសាល ដែល​ពាក់​ស្លាក​ប្រធាន​ក្រុម​ទាំង​នៅ​ក្លិប និង​ក្រុម​ជម្រើសជាតិ មាន​ភាព​ជឿជាក់ និង​ពុំ​សូវ​ទទួលរង​សម្ពាធ​។ សម្រាប់​ការ​គិត​របស់ខ្ញុំ​ទៅលើ​គេ​ផ្ទាល់​តែម្តង​វា​ជា​ការ​ល្អ​សម្រាប់​រូបគេ​ក្នុង​ការ​ពាក់​វា។ ហើយ​ខ្ញុំ​រំពឹង​ថា​ បើសិន​ជា​មាន​កីឡាករ​វ័យក្មេង​លេង​នៅ​លើ​ទីលាន រូបគេ​នឹង​ធ្វើ​ការណែនាំ និង​មាន​ទំនួល​ខុសត្រូវ​។ ខ្ញុំ​សប្បាយចិត្ត​ពេល​មាន​រូបគេ​ប្រធាន​ក្រុម ហើយ​ខ្ញុំ​ក៏​ជឿជាក់​ថា ​ក្នុង​ក្លិប​របស់​យើង​មាន​កីឡាករ​ជាច្រើន​អាច​ធ្វើជា​ប្រធាន​ក្រុម​»​។

យោង​តាម​ការ​បញ្ជាក់​នៅ​លើ​វិ​ប​សាយ​ផ្លូវការ​របស់​ខ្លួន​ថា ​សម្រាប់​ការចាត់តាំង​របស់​លោក​គ្រូបង្វឹក Conor Nestor គឺ​ក្រៅពី​កីឡាករ សឿ​យ វិសាល ជា​ប្រធាន​ក្រុម នោះ​កីឡាករ ជា សំណាង ជា​ប្រធាន​ក្រុមទី​២ ហើយ​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ប្រធាន​ក្រុមទី​៣ និង កីឡាករ ណុប តុលា ប្រធាន​ក្រុមទី​៤​។

​សូម​រំលឹក​ថា​ ក្រោយ​ទទួល​បាន​៣​ពិន្ទុ​ក្នុង​ជ័យជម្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុង​សប្ដាហ៍​ដំបូង បាន​រុញ​ឲ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើងឈរ​ចំណាត់ថ្នាក់​លេខ​២​ប្រចាំ​តារាង​ពោលគឺ​នៅ​ពីក្រោម​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ដែល​ឈរ​លេខ​១ ពោលគឺ​ខុសគ្នា​ត្រង់​គ្រាប់​បាល់​ចំណេញ​ដែល​ទាត់​ចូល​ទី​គូប្រកួត​។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប ដោយ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​នៅ​ម៉ោង​៣និង៣០​នាទី ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114