ហ្វុ​យ​សូ ព្រលះ​ជាមួយ​ម៉ូតូ របួស​២​នាក់ ឯ​អ្នក​បើក​រថយន្ត បិទ​សាប៊ូ​ទាំង​យប់​

បាត់ដំបង ៖ យុវជន​២​នាក់ បាន​រងរបួស​​ដេក​ស្ដូកស្ដឹង​នៅលើ​ទ្រូងផ្លូវ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​រថយន្ត​ធុន​យក្ស ជាមួយនឹង​ម៉ូតូ​ដែល​ពួកគេ​កំពុងធ្វើដំណើរ ដោយ​បច្ចុប្បន្ន​អ្នកបើកបរ​រថយន្ត បាន​គេចខ្លួន​បាត់ស្រមោល ឯ​ជនរងគ្រោះ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ដោយ​មិនទាន់​ដឹង​អំពី​មូល​ហេតុ នៃ​ការ​ប៉ះទង្គិច​គ្នា​នេះ​នៅឡើយ។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច បាន​លើកឡើងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥០​​នាទី ព្រលប់​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​អន្លង់​វិល​ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង មាន​ករណី​គ្រោះ​ថ្នាក់​រវាង​រថយន្ត​ម៉ាក​ហ្វុ​យ​សូ ពណ៌​ស ពាក់​ស្លាក​លេខ​ប៉ៃលិន 3A-0317 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​) ជា​មួយ​នឹង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាកលេខ បាត់ដំបង 1H-2630 បើកបរ​ដោយ​ ឈ្មោះ ពឺត តុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ មុខរបរ​កម្មករ ​មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ។​

របាយការណ៍​បាន​បន្តថា នៅ​មុនពេល​កើតហេតុ ​គឺ​រថយន្ត​នោះ​បាន​បើកបរ​ពី​បាត់ដំបង ទៅ​ភ្នំពេញ លុះ​ទៅដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ គេ​នៅ​មិនទាន់​ដឹងថា តើ​ភាគី​ណា​រំលោភ​សិទ្ធិ​លើ​ភាគី​ណា​នោះ​ទេ ក៏​ស្រាប់តែ​មានការ​ប៉ះទង្គិច​គ្នា​ប្រាវ​តែម្តង។ ជា​លទ្ធផល​គេ​សង្កេត​ឃើញ​ថា អ្នកបើក ម៉ូតូ បាន​រងរបួស​ធ្ងន់ រីឯ​អ្នករួមដំណើរ​ឈ្មោះ ពៅ សំ​ប៊ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ (​របួសស្រាល​) ដោយ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់ដំបង ដោយឡែក រថយន្ត និង​ម៉ូតូ បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល ស្រុក​សង្កែ ជា​បណ្ដោះអាសន្ន៕


អត្ថបទ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114