អភិបាល​ខេត្ត​កំពង់ធំ​ ចូលរួម​ពិធី​ឡើងអ្នកតា​តាម​ជំនឿ​អ្នកភូមិ​ និង​លើកកម្ពស់​ការ​ថែរក្សា​ទំនៀម​ទម្លាប់​ប្រពៃណី​ដូនតា

កំពង់ធំ​ ៖​ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ រួមទាំង​មន្ត្រីរាជការ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ឡើង​អ្នក​តា ​ដែលជា​ជំនឿ​របស់​អ្នកភូមិ​ជា​យូរលង់​ណាស់​មកហើយ និង​ជា​ទំនៀមទម្លាប់​ប្រពៃណី​តាំងពី​បុរាណ​មក​ផងដែរ ដែល​អ្នកស្រុក​សម័យមុន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការ​បន់ស្រន់​ដល់​អ្នកតា ម្ចាស់​ទឹក​ ម្ចាស់​ដី ម្ចាស់​ព្រៃ​ព្រឹក្សា អាច​ធ្វើ​ឲ្យ​អ្នកភូមិ មាន​សេចក្តីសុខ សេចក្តីចម្រើន បញ្ចៀស​ផុត​ពី​ឧបទ្រពចង្រៃ កុំ​ឲ្យ​កើត​ជំងឺ​ឈឺថ្កាត់​ដល់​អ្នកភូមិ។

លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ មិន​ត្រឹម​តែ​មាន​ឧបនិស្ស័យ​ និង​ជំនឿ​នោះ​ទេ​ ថែម​ទាំង​បាន​ចូលរួម​គាំទ្រ​ឲ្យ​បងប្អូន​ខ្មែរ និង​បងប្អូន​ជនជាតិភាគតិច បន្ត​ថែរក្សា​ទំនៀមទម្លាប់ ប្រពៃណី​តាំងពី​ដូនតា​នេះ​បន្តទៀត ដែលជា​ការចូលរួមចំណែក ក្នុងការ​ថែរក្សា​អភិរក្ស​មរតក វប្បធម៌ របស់​ជាតិ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ទៀត។ ជាពិសេស​នោះ ការ​ថែរក្សា​ទំនៀមទម្លាប់​វប្បធម៌​សម័យ​ដើម គឺជា​វិស័យ​មួយ​អាច​ទាក់ទាញ​នូវ​វិស័យ​ទេសចរណ៍ សម្រាប់​ជួយ​អភិវឌ្ឍ​​សង្គមជាតិ និង​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន​ផងដែរ​។​

​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក​ សុខ លូ និង​សហការី បាន​ចូលរួម​ក្នុង​ពិធី​ឡើង​លោកតា​ជ័យ ដែលជា​ប្រជាពលរដ្ឋ ឲ្យ​ឈ្មោះថា​ជា​លោកតា ចាស់​ស្រុក ស្ថិតនៅ​ភូមិ​ជ័យ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ដែល​មាន​លោកតា លោកយាយ ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួម​យ៉ាង​អធិកអធម ក្នុង​ឱកាស​នេះ​ផងដែរ។ ក្នុង​ឱកាស​នោះ ​លោក​អភិបាលខេត្ត​កំពង់ធំ បាន​ឧបត្ថម្ភ​ពិធី​ឡើងអ្នកតា ចំនួន​២​លាន​រៀល រួមទាំង​អង្ករ និង​ភេសជ្ជៈ​ជាច្រើន​ផងដែរ។​

លោក សុខ លូ បាន​មានប្រសាសន៍ ផ្ដាំផ្ញើ​ដល់​លោកតា លោកយាយ និង​ប្រជាពលរដ្ឋ​ថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ផ្តល់​ពាក្យស្លោក​មួយ​ដល់​បងប្អូន​ប្រជា​ជាតិ​ខ្មែរ ថា អគុណ​សន្តិភាព ដូច្នេះ​បើ​មិនមាន​សន្តិភាព យើង​មិន​អាចមក​ទីនេះ​បានទេ ខ្ញុំ​ក៏​មិន​អាច​ឈរ​នៅទីនេះ ជួប​មុខ ពុក​ម៉ែ​បងប្អូន លោកតា លោកយាយ ស្នង​រូប​បានទេ នេះ​គឺ​ដោយសារតែ​ប្រទេស​យើង​មាន​សន្តិភាព អញ្ចឹងទេ​ធ្វើ​ម៉េច​ពុក​ម៉ែ​បងប្អូន ខិតខំ​ថែរក្សា​សន្តិភាព សុខ​សន្តិភាព ដែល​យើង​មាន​សព្វថ្ងៃនេះ ឲ្យ​បាន​យូរ​អង្វែង​បន្តទៅទៀត។ នេះ​គឺជា​សេចក្តី​ប៉ងប្រាថ្នា​របស់​រា​ជ​រដ្ឋា​ភិបាល​របស់​យើងទាំងអស់គ្នា សង្ឃឹមថា​ថ្ងៃ​ក្រោយ​ បើ​យើង​រក្សា​សន្តិភាព​បាន គឺ​កូនចៅ​របស់​ពុក​ម៉ែ​បងប្អូន ថ្ងៃក្រោយ ​គឺ​មិន​ជួប​សេចក្តី​លំបាក​វេទនា​នោះ​ទេ ប្រាកដជា​ស្គាល់​នូវ​សុខសន្តិភាព មិន​ជួប​ការ​លំបាក​ទៀត​ទេ យើង​ត្រូវ​រួមគ្នា​រក្សាសុខ​សន្តិភាព ក្រោម​ការដឹកនាំ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​នាវា​សន្តិភាព​ឆ្ពោះទៅរក​ការអភិវឌ្ឍ​រីកចម្រើន៕​


​អត្ថបទ ៖ ប៊ុន រដ្ឋា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114