BREAKING NEWS
Search

អគារ​សិក្សា​ថ្មី​នៃ​សាលាបឋមសិក្សាយុគន្ធរ​ ជាអំណោយ​របស់សម្តេច​ កសាង​ប្រមាណ​៣០%ហើយ

កំពង់ឆ្នាំង​៖ អគារ​សិក្សា​ថ្មី​មួយ​ខ្នង​ធ្វើ​អំពី​បេតុង សាងសង់​ឡើង​ឲ្យ​ផុត​ទឹកទន្លេ ផ្តល់​ជូន​សិស្សានុសិស្ស​សាលាបឋមសិក្សា​យុគ​ន្ធរ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សាងសង់​ប្រមាណ ៣០% ហើយ ដែល​នេះ​ជា​ការ​អះអាង​របស់​លោក សាំង គីម​ស៊ន មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បានឲ្យដឹង​ នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា។

លោក​មេឃុំ​ឆ្នុកទ្រូ បាន​បន្ត​ថា បន្ទាប់ពី​សាលាបឋមសិក្សា​យុគន្ធរ ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ត្រូវ​បាន អគ្គីភ័យ​ឆេះ​អស់ទាំង​ស្រុង​កាល​ពី​ពេល​កន្លងទៅ ធ្វើ​សិស្សានុសិស្ស​ខ្វះ​សាលារៀន​នៅ​រៀន​នៅក្នុង​សាល​ឆាន់​វត្ត​យុគន្ធរ​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ពេលនេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន បានសម្រេច​ផ្ដល់​ថវិកា​កសាង​អគារសិក្សា​នេះ​ឡើងវិញ ដោយ​ត្រូវ​សាងសង់​ធ្វើ​អំពី​បេតុង​រឹងមាំ សង់​ឡើង​ខ្ពស់​ផុត​ទឹកទន្លេ​ឡើង ចំនួន​១​ខ្នង​៦​បន្ទប់ ដែល​មកដល់ពេលនេះ​បាន​សាងសង់​បាន​ប្រមាណ​៣០% ហើយ។

លោក សាំង គឹម​ស៊ន ក្នុងនាម​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ជំនួសមុខ​ឲ្យ​ប្រជាពលរដ្ឋ មាតាបិតា​សិស្ស សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដែល​បាន​ជួយឧបត្ថម្ភ​មក​សាង​អគារសិក្សា​ថ្មី​១​ខ្នង ដល់​សាលាបឋមសិក្សា​យុគន្ធរ សូម​សម្តេច ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​៥​ប្រការ​ គឺ​អាយុ​វណ្ណៈ សុ​ខៈ​ពលៈ កុំបី​ឃ្លាងឃ្លាត​ឡើយ។

សូម​បញ្ជាក់​ថា សាលាបឋមសិក្សា យុគន្ធរ ពី​ដើមឡើយ ជា​សាលារៀន​ដែល​សង់​ឡើងលើ​ផ្ទះ​ឈើ​បណ្តែត​ទឹក​មាន​ចំនួន​៣​ខ្នង ក្រោយពេល​ប្រជាពលរដ្ឋ​ត្រូវ​បាន​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក ឡើង​មក​រស់នៅ​លើគោក​សាលាបឋមសិក្សា​មួយ​នេះ ត្រូវ​បាន​អូស​ដាក់​លើគោក​ផង​ដែរ គឺ​ដា​ក់នៅ​ជិត​វត្ត​យុគ​ន្ធរ ប៉ុន្តែ ចៃដន្យ​អាក្រក់​សាលារៀន​ឈើ​ទាំង​៣​ខ្នង​នេះ​ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​ខ្ទេច​អស់ទាំង​ស្រុង កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៩ តែម្តង បន្ទាប់មក​សិស្សានុសិស្ស​ក៏បាន​បង្ខំចិត្ត​ទៅ​សុំ​ព្រះសង្ឃ​វត្ត​យុគន្ធរ រៀនសូត្រ​នៅក្នុង​សាលាឆាន់​ជា​បណ្ដោះអាសន្ន រហូតដល់​សព្វថ្ងៃ។

ប្រជាពលរដ្ឋ​សង្ឃឹមថា ពេល​សាលា​ថ្មី​មួយ​នេះ​បាន​សាងសង់​រួចហើយ សិស្សានុសិស្ស​ជា​កូនចៅ នឹង​មានបាន​ចូលរៀន​យ៉ាង​សុខសាន្ត​ក្នុង​សាលារៀន​ថ្មី​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន ដើម្បី​ក្រេបជញ្ជក់​យកចំណេះ​វិជ្ជា សម្រាប់​កសាង​អនាគត​របស់ខ្លួន​បានល្អ​ជា​ពុំខាន​ឡើយ ៕
ឈៀង ថា​រិ​ទ្ធ

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114