ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នារសៀលថ្ងៃទី១៧ កញ្ញានេះ បានអញ្ជើញទៅពិនិត្យមើលទីតាំងដែលរងគ្រោះអគ្គីភ័យ កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី១៧កញ្ញា ឆ្នាំ២០១៩ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ហើយក្នុងឱកាសនោះ លោកអភិបាលបានចូលបុណ្យសព៥លានរៀល ដើម្បីជាការរំលែកទុក្ខផងដែរ។
ពាក់ព័ន្ធនឹងគ្រោះអគ្គីភ័យនេះ បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា គ្រោះអគ្គីភ័យនេះផ្តើម ចេញពីផ្ទះដែលមានម្ចាស់ឈ្មោះ ហ៊ីម ហាយគីមមាស ភេទស្រី អាយុ២៤ឆ្នាំមុខរបរកម្មការនីរោងចក្រ។ គ្រោះអគ្គីភ័យនេះ បានបណ្តាលឲ្យយុវជនម្នាក់ឈ្មោះ ហ៊ីម ប៉ាសារី អាយុ២៥ឆ្នាំ ភេទប្រុសដែលជាជនពិការបានស្លាប់បាត់បង់ជីវិតក្នុង ភ្លើង និងក្មេងប្រុសម្នាក់ទៀតរងរបួស។ ផ្ទះមួយខ្នងថ្មក្រោម ឈើលើប្រក់ស័ង្កសី ទំហំ៤ម៉ែត្រគុណនឹង១២ម៉ែត្របានឆេះអស់ទាំងស្រុង និងឆេះអស់៥០%ចំនួន២ខ្នងផ្សេងទៀត។
អ្នកដឹងហេតុការណ៍បញ្ជាក់ថា គ្រោះអគ្គីភ័យនេះកើតឡើងដោយ មានមនុស្សលេងភ្លើងបណ្តាយឲ្យឆេះផ្ទះតែម្តង។ កម្លាំងអាជ្ញាធរខណ្ឌឫស្សីកែវរួមទាំងរថយន្តពន្លត់អគ្គីភ័យចំនួន១៦ គ្រឿងក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យ របស់ក្រុមហ៊ុនOCIC ចំនួន៦គ្រឿង,រថយន្តរបស់បុរីវិមានភ្នំពេញចំនួន២គ្រឿង, រថយន្តរបស់ក្រុមហ៊ុនប្រេងឥន្ទនៈកម្ពុជាតេលាចំនួន១គ្រឿង,និងរថយន្តរបស់ សាលាខណ្ឌឬស្សីកែវចំនួន១គ្រឿង បានចេញអន្តរាគមភ្លាមៗដើម្បីជួយសង្គ្រោះ ទើបអាចគ្រប់គ្រងស្ថានការនៃគ្រោះអគ្គីភ័យនេះបានទាំងស្រុងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃដដែល។
ក្នុងរយៈពេលថ្មីៗនេះ គ្រោះអគ្គីភ័យបានកើតមានឡើងផ្ទួនៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលផ្តើមចេញពីការធ្វេសប្រហែស៕
ស្រីរ័ត្ន