អង់គ្លេស បារាំងនិងអាល្លឺម៉ង់ចោទប្រកាន់អ៊ីរ៉ង់ជាផ្លូវការពីបទរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ប្រទេសសហភាពអ៊ឺរ៉ុបចំនួន៣កាលពីថ្ងៃអង្គារបានចាប់ផ្តើមដំណើរការចោទប្រកាន់ប្រទេសអ៊ីរ៉ង់សម្រាប់ការខកខានមិនបានគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ ក្នុងការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការចោទប្រកាន់នេះបានបង្កឲ្យមានកំហឹងនិងការគំរាមកំហែងពីទីក្រុងតេហេរ៉ង់ចំពេលភាពតានតឹងកំពុងកើនឡើងខ្ពស់។

ស្របពេលជាមួយគ្នានោះ ប្រទេសរុស្ស៊ីក៏បានថ្កោលទោសចំពោះទង្វើរបស់អឺរ៉ុបផងដែរដោយព្រមានថា វាជាហានិភ័យបង្កឲ្យមានការកើនឡើងនៃជម្លោះថ្មី។

ចក្រភពអង់គ្លេស បារាំងនិងអាល្លឺម៉ង់បានទទូចថា ពួកគេនៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងនេះដែលត្រូវខូចខាតរួចទៅហើយដោយសារតែការចាកចេញរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនសូមគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសទាំងបី។ អ្នកនាំពាក្យដដែលបានបន្ថែមថា “សម្ពាធការទូតនិងសេដ្ឋកិច្ចបន្ថែមទៀតត្រូវបានធានា”។

ប៉ុន្តែនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក៏បានបង្ហាញផងដែរថា លោកប្រហែលជាពេញចិត្តចំពោះកិច្ចព្រមព្រៀងដ៏ទូលំទូលាយថ្មីមួយដែលត្រូវចរចាជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ជំនួសឲ្យកិច្ចព្រមព្រៀងឆ្នាំ២០១៥នេះ។

ការសម្រេចចិត្តចាប់ផ្តើមការចោទប្រកាន់ដែលពោរពេញដោយជម្លោះនេះបានកើតឡើងចំពេលមានភាពតានតឹងកើនឡើងខ្ពស់រវាងលោកខាងលិចនិងប្រទេសអ៊ីរ៉ង់បន្ទាប់ពីការសម្លាប់មេបញ្ជាការកំពូលលោក Qasem Soleimani ក្នុងការវាយប្រហារពីអាកាសរបស់សហរដ្ឋអាមេរិកនិងការសារភាពដោយទីក្រុងតេហេរ៉ង់ថា ខ្លួនច្រឡំដៃបាញ់ទម្លាក់យន្ដហោះអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសអឺរ៉ុបទាំង៣បាននិយាយថា អ៊ីរ៉ង់បាននិងកំពុងកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះចាប់តាំងពីខែឧសភាឆ្នាំមុនមកម្ល៉េះ។

សេចក្តីថ្លែងការណ៍របស់ពួកគេបាននិយាយថា “ដូច្នេះ យើងមិនមានជម្រើសទេក្រៅពីការសម្រេចចិត្តអនុវត្តការចោទប្រកាន់នេះ”៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ