អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កម្ពុជា​នឹង​ប្រារព្ធ​ទិវា ស្រោមអនាម័យ​អន្តរជាតិ​នៅ​សួនច្បារ​ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល

​ភ្នំពេញ​ ៖​ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ កម្ពុជា (AHF Cambodia) នឹង​ប្រារព្ធ​ទិវា ស្រោមអនាម័យ​អន្តរជាតិ​ឆ្នាំ​២០២០​នៅ​ថ្ងៃ​ទី​១៥ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​សួនច្បារ​ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ដោយមាន​អ្នកចូលរួម​ប្រមាណ​១៥០​នាក់​មកពី​អង្គការ​ដៃគូ​សហការ និង​សហគមន៍​នានា​។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ទិវា ស្រោមអនាម័យ​អន្តរជាតិ​នេះ​គឺជា​ថ្ងៃ​ដែល​យើង​បង្ហាញ​ពិភពលោក​ឲ្យ​បាន​ដឹង​ថា ស្រោមអនាម័យ «​តែងតែ​ទាន់សម័យ​» និង​ហេតុអ្វី​បានជា​យើង​ត្រូវការ​តស៊ូ​មតិ​ជាបន្ទាន់ ក្នុង​ការ​លើកកម្ពស់​ដល់​ការ​ទទួល​បាន​ស្រោមអនាម័យ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ថ្ងៃ ទិវា​ស្រោមអនាម័យ​អន្តរជាតិ​(ICD) ។

​នៅ​ក្នុង​ទិវា​នោះ​ក៏​មាន​ការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ឥតគិតថ្លៃ ការចែក​ស្រោមអនាម័យ​ដល់​អ្នកចូលរួម​ក៏ដូចជា​សាធារណៈ​ជន​ព្រមទាំង​មាន​រៀបចំ​ការ​ប្រគំ​តន្ត្រី​ដោយមាន​ការចូលរួម​សម្ដែង​ដោយ​កំពូល​តារា​ចម្រៀង កញ្ញា​ទេព បូ​ព្រឹក្ស និង​តារា​ជា​ច្រើន​រូប​ទៀត​
​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ កម្ពុជា​បាន​អំពាវនាវ​សូម​ចូលរួម​ផ្សព្វផ្សាយ​សារ​ដ៏​មាន​សារៈសំខាន់​នេះ​ជាមួយ​យើង​ទាំង​អស់​គ្នា តាមរយៈ​ការចូលរួម​ដោយ​សប្បាយរីករាយ ការ​តស៊ូ​មតិ និង​ទទួលយក​ស្រោមអនាម័យ LOVE របស់ AHF ដោយ​ឥតគិតថ្លៃ​៕

 

អត្ថបទ៖ សំអឿន​