ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គុយ​ទទួលទាន​អាហារ​ពេល​ល្ងាច​ក្នុង​ទឹក​ជម្រៅ​ត្រឹម​ក​.​ ជើង​ដោយមាន​ត្រី​ម៉ាស្សា​ឲ្យ​នៅ​ភោជនីយដ្ឋាន​ឥណ្ឌូនេស៊ី

នៅពេល​គាត់​ទទួលទាន​ម្ហូប​បែប​ប្រពៃណី​ឥណ្ឌូនេស៊ី លោក Adi Karyanov បាន​រីករាយ​នឹង​រឿង​ពិសេស​ពីរ​យ៉ាង​ក្នុងពេល​តែមួយ​។ នោះ​គឺ​ការបរិភោគ​អាហារ​នៅ​ភោជនីយដ្ឋាន​ថ្មី​ដែលមាន​ត្រី​ព្យាបាល​ជើង​ឲ្យ។

តុ​និង​កៅអី​នៅឯ​ភោជនីយដ្ឋាន Soto Cokro Kembang ក្នុង​រដ្ឋធានី​វប្បធម៌ Yogyakarta របស់​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ត្រូវ​បានដាក់​នៅក្នុង​ទឹក​ជម្រៅ​ត្រឹម​ក​.​ជើង​ដែល​នៅ​ទីនោះ​មាន​ត្រី​តូចៗ​រាប់ពាន់​ក្បាល​ដែល​ច្បិច​ស្បែក​ងាប់​ចេញពី​ជើង​របស់​អ្នក​ទទួលទាន​អាហារ​ពេល​ល្ងាច​។​

លោក Karyanov បាន​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រី​ខាំ​ជើង​ខ្ញុំ​។ វា​ពិតជា​រសើប​ណាស់​ប៉ុន្តែ​វា​ល្អ​។ ពួកគេ​ធ្វើ​ឲ្យ​យើង​សប្បាយរីករាយ​ក្នុងការ​បរិភោគ​នៅទីនេះ​។ វា​ជា​ប្រភេទ​ប្លែក​បំផុត​”​។​

ហាង​ស្ប៉ា​ជាច្រើន​កន្លែង​ពាសពេញ​តំបន់​អាស៊ីអាគ្នេយ៍​បាន​អួតអាង​ថា ការយក​ត្រី​មក​ព្យា​យា​ល​គឺជា​វិធី​មិនមាន​ការបញ្ជាក់​ច្បាស់លាស់​ប៉ុន្តែ​ជា​វិធី​ថ្មី​ក្នុងការ​ព្យាបាល​ជម្ងឺ​ស្បែក​ផ្សេងៗ​។​
​ប៉ុន្តែ​ម្ចាស់​ភោជនីយដ្ឋាន​ឈ្មោះ Imam Nur ដែល​បើក​កាលពី​ខែមិថុនា​បានបង្ហាញ​គំនិត​មួយទៀត​ដោយ​ផ្តល់ជូន​ការព្យាបាល​នេះ​រួមជាមួយ​ម្ហូប​បែប​ប្រពៃណី​ជ្វា​របស់គាត់​។​

លោក Nur បាន​សរសើរ​ដល់​ឪពុក​របស់គាត់​ចំពោះ​គំនិត​បង្កើត​ភោជនីយដ្ឋាន​បើកចំហ​នេះ​ដែលមាន​ត្រី Red Nile Tilapia ប្រហែល​៧,០០០​ក្បាល​ហែល​ជុំវិញ​ភ្ញៀវ​របស់ខ្លួន​។​

លោក​និយាយថា “​ពីដំបូង​ឡើយ យើង​បើក​ភោជនីយដ្ឋាន​នេះ​សម្រាប់តែ​អ្នកស្រុក​ដែល​រស់នៅ​ក្បែរៗ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្វីដែល​កំពុង​កើតឡើង​នៅពេលនេះ​គឺ​ហួស​ពីអ្វី​ដែល​យើង​បានគ្រោង​ទុក​។ វា​បាន​ក្លាយទៅជា​ទេសចរណ៍​ម្ហូបអាហារ​។ មនុស្ស​ជាច្រើន​មកពី​ទីក្រុង​ផ្សេងៗ​បានមក​ទីនេះ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ ការដាក់​ត្រី​ឲ្យ​ចូលក្នុង​សេវា​នេះ​ដើម្បី​យក​ស្បែក​ងាប់​ចេញ​គឺ​មិនមែន​គ្មាន​ភាពចម្រូងចម្រាស​នោះទេ​។​

ទីក្រុង​មួយចំនួន​នៅ​តំបន់​អាមេរិក​ខាងជើង​និង​អឺរ៉ុប​បាន​ហាមឃាត់​រឿងនេះ​ដោយសារ​មានការ​ព្រួយបារម្ភ​អំពី​ការផ្ទុះ​ឡើង​នៃ​បាក់តេរី​ខណៈដែល​អង្គកា​រ People for the Ethical Treatment of Animals (PETA) បាន​ព្រមាន​ទាំង​ហានិភ័យ​សុខភាព​និង​ភាព​សាហាវព្រៃផ្សៃ​ដែល​អាច​កើតមាន​ចំពោះ​សត្វ​៕ AFP
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114