BREAKING NEWS
Search

អតីតមន្ត្រី​ជាន់ខ្ពស់ CNRP ផ្តួចផ្តើម​គំនិត​បង្កើត​គណ​បក្ស​ថ្មី​មួយទៀត ក្រោយពី​ទទួលបានសិទ្ធិ​ធ្វើ​នយោបាយ

​ភ្នំពេញ​ ៖ តាម​ប្រភព​ព័ត៌មាន​មួយចំនួន​បាន​បង្ហើប​ថា ថ្មីៗ​នេះ​មាន​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីតគណបក្ស​សង្គ្រោះ​ជាតិ (CNRP) មួយចំនួន បាន​ផ្តួចផ្តើម​គំនិត​បង្កើត​គណ​បក្ស​ថ្មី​មួយទៀត ក្រោយពី​ពួកគេ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ប៉ុន្តែ​គម្រោង​នេះ អាច​លេចចេញ​ជា​រូបរាង​នៅពេលណា​នោះ នៅ​មិនទាន់​នៅឡើយ​ទេ​។

បក្ស​ថ្មី​ដែល​គ្រោង​បង្កើតឡើង​នោះ​មាន​ឈ្មោះថា “​បក្ស​កែទម្រង់​“ ឬ “Reform Party” ហើយ​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ផ្តួចផ្តើម​នោះ​មាន ទី​១- លោក សុន ឆ័យ អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ ទី​២- លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្តតាកែវ ទី​៣- លោក មា​ជ សុវណ្ណារ៉ា អតីត​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​បើតាម​ប្រភព​មួយចំនួនទៀត​បាន​អះអាងថា ថ្មីៗ​នេះ ក្រុម​អ្នក​ផ្តួចផ្តើម​បាន​ប្តូរ​ពី “​គណបក្ស​កែទម្រង់​“ ឬ “Reform Party” ទៅជា “​គណបក្ស​ស្ថាបនា​”​។​

ទាក់ទង​បញ្ហា​នេះ កម្ពុ​ជាថ្មី​មិនអាច​ស្វែងរក​ការបញ្ជាក់​ពី​លោក សុន ឆ័យ និង​លោក មា​ជ សុវណ្ណារ៉ា បានទេ ប៉ុន្តែ​លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​២៩ ខែសីហា នេះ​ថា ក្រុម​របស់លោក​ពិតជា​បាន​ផ្តើម​ពិភាក្សា​លើ​បញ្ហា​នេះ​មែន ប៉ុន្តែ​នៅ​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ​។ លោក​បញ្ជាក់ថា “​មិន​មានអី​ទាន់​ច្បាស់លាស់​ទេ យើង​មិនទាន់បាន​ជជែក​គ្នា​ច្បាស់លាស់​នៅឡើយ ហើយ​ឃើញ​មាន​អ្នក​ជួយ​ផ្សព្វផ្សាយ​ជា​បណ្តើរៗ ពីព្រោះ​យើង​រង់​ចាំមើល​មន្ត្រី​ចាស់ៗ​មួយចំនួន​គាត់​សម្រេចចិត្ត​ចូលរួម​ដែរ​ឬ​អត់​? ប៉ុន្តែ​បើ​អាត់​ខាត់​ពេក​មនុស្ស​តិចពេក ក៏​មិនអាច​ធ្វើកើត​ដែរ​”​។​



លោក អ៊ូ ច័ន្ទ​រ័ត្ន បញ្ជាក់ទៀតថា “​ប្រហែលជា​អ្នក​ដែល​ស្នើ​សិទ្ធ​មួយចំនួន អ្នក​នៅក្នុង​ប្រទេសមួយ​ចំនួន និង​អ្នក​នៅតាម​ខេត្ត ដូច​ឯកឧត្តម សុន ឆ័យ ផង បើសិនជា​លោក​ស្នើ​សិទ្ធ​ចឹ​ង​ហើយ អាច​ជជែក​ជាមួយ​លោក​យ៉ាងម៉េច​”​។ ចំពោះ​ឈ្មោះ​គណបក្ស​វិញ លោក អ៊ូ ច័ន្ទ​រ័ត្ន ថា មិនទាន់​ដឹង​ទេ “​បានចាប់ផ្តើម​ហើយ ជជែក​គ្នា​តិចតួច តើ​កម្លាំង​ដែល​យល់​ស្របគ្នា​មាន​ប៉ុន្មាន ឬ​អ្នកខ្លះ​គេ​ត្រូវធ្វើ​ពហិការ​ហូត ស៊ីសង​ក​ម្មាំ​ង​ហ្នឹង​ទៅរួច​អត់​។​

ចំពោះ​សំណួរ​ថា តើ​គណបក្ស​ដែល​គ​ក្រោង​បង្កើត​ថ្មី​នេះ មាន​ជំហរ​យ៉ាងម៉េច ឬ​បន្ត​ជំហរ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ? លោក អ៊ូ ច័ន្ទ​រ័ត្ន អះអាងថា “​អ្នក​ដែលមាន​និន្នាការ​ប្រឆាំង​ហ្នឹង មិន​ខ្វល់​ថា CNRP ឬ​មិន CNRP អី​នោះទេ សំខាន់​រូបភាព CNRP នោះ​មាន​ប៉ុណ្ណា ? ប្រសិនបើ​មាន​មេដឹកនាំ​នៅក្នុង​មន្ត្រីជាន់ខ្ពស់​ហ្នឹង​ច្រើន អាហ្នឹង​អាចទៅរួច ធ្វើ​ម៉េច​ឲ្យ​អ្នកគាំទ្រ​នោះ​ទុកចិត្តបាន អាច​ចូល​រួមមាន ឬ​អាច​ចូលរួម​ក្នុងការ​ប្រកួត​បាន បើសិនជា​តិចតួច​ពេក ហើយ​បើ​មើលទៅ​អ្នក​ដែលមាន​សក្កា​នុព​ល​ហ្នឹង​មិន​ច្រើន​ទេ វា​ពិបាក​”​។​

សូមបញ្ជាក់ថា លោក អ៊ូ ច័ន្ទ​រ័ត្ន ស្ថិតនៅ​ក្នុងចំណោម​អតីតមន្ត្រី​ជាប់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ចំនួន​១១​នាក់ ដែល​បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ចំណែក​លោក សុន ឆ័យ អតីត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​កាលពី​ថ្មីៗ​នេះ ជាមួយ​អតីតមន្ត្រី​ជាប់​ខ្ពស់​ចំនួន​២​រូប​ទៀត គឺ​លោក វ៉ា សាម៉ុន អតីត​សមាជិក​ក្រុមការងារ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តកំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក តាវ គឹម​ឈន អតីត​សមាជិក​ក្រុមការងារ ខេត្តកំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​



គួរ​បញ្ជាក់ថា ក្រុមមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​មានដូចជា​: ១. លោក គង់ បូរ៉ា ២. លោក ជីវ កត្តា ៣. លោក រៀល ខេ​ម​រិ​ន្ទ្រ ៤. លោក គង់ គាំ ៥. លោក កង គឹម​ហាក់ ៦. លោក អ៊ូ ច័ន្ទ​រ័ត្ន ៧. លោក ច័​ន្ធ សិលា ៨. លោកស្រី ទេព សិទ្ធី ៩. លោក ស៊ិន សុវណ្ណនី ១០. លោក សុន ឆ័យ ១១. លោក វ៉ា សាម៉ុន ១២.​លោក តាវ គឹម​ឈន​។ ក្នុងចំណោម​អតីតមន្ត្រី ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ គឺមាន​មួយចំនួន​បាន​បង្កើត​គណបក្ស​ដោយ​ខ្លួនឯង ធ្វើ​ឲ្យ​អតីតមន្ត្រី​ជាន់ខ្ពស់​ទាំង​អស់​បែកខ្ញែក​គ្នា ដោយ​ពួកគេ​មិន​សង្ឃឹមថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បាន​រស់​ឡើងវិញ​។​

អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​ប្រកាស​រំលាយ​នៅ​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧ ។ គណបក្ស​នេះ ត្រូវបាន​ក្រសួងមហាផ្ទៃ​ដាក់ពាក្យ​ប្តឹង​ស្នើសុំ​រំលាយ​ទៅតាម​បណ្តឹង​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ទ្រង់ រណ​ឬ​ទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា របស់លោក​ពេជ្រ ស្រស់ ហើយ​មន្ត្រីជាន់ខ្ពស់​រប​ស់​គណបក្ស​នេះ​ចំនួន​១១៨​នាក់​ត្រូវបាន​ដកសិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​ចំនួន​៥​ឆ្នាំ​៕ កោះ​កែវ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114