ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​តារា​ចម្រៀង លាន អា​ព្រី​ល​គីនីន ស្ងាត់ៗ​ធ្វើ​ឲ្យ​កក្រើក​អ្នក​សិល្បៈ​ជាថ្មី​ ស្រប​ពេល​ថ្ងៃ​ភ្ជាប់​ពាក្យ​កូនប្រុស

ភ្នំពេញ ​៖​ បន្ទាប់ពី​បាត់​មុខ​ស្ងប់ស្ងាត់​ពី​អាជីព​សិល្បៈ​មួយសន្ទុះ​ធំ​ទៅ​ស្រវា​មុខ​ជំនួញ​អតីត​តារាចម្រៀង​ជើងចាស់​លោក លាន អា​ព្រី​ល​គីនីន បាន​ធ្វើ​ឲ្យ​មហាជន​ និង​អ្នក​សិល្បៈ ​មានការ​ចាប់អារម្មណ៍​ជាថ្មី​ ក្រោយពេល​តារា​រូបនេះ ​បានរៀបចំ​ពិធី​ភ្ជាប់​ពាក្យ​កូនប្រុស​រូបរាង​សង្ហា​របស់​ខ្លួន។

ការ​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​របស់​តារា​ចម្រៀង​ជើងចាស់​រូប​នេះ​ ដោយសារតែ​ស្ងាត់ៗ​ ស្រាប់តែ​មាន​កូន​ប្រុស​ពេញវ័យ​រូប​សង្ហា​ភ្ជាប់​ពាក្យ​ជាមួយ​នារី​គូស្នេហ៍ ​និង​អញ្ជើញ​ភ្ញៀវ​សុទ្ធតែ​អ្នក​សិល្បៈ​ល្បីៗ​និង​បុគ្គល​មាន​ឋានៈ​នៅ​ក្នុង​សង្គម​ចូលរួម​អបអរ​យ៉ាង​កក្រើក​បុរី​វិមាន​ភ្នំពេញ​កាលពី​ថ្ងៃទី​០៣​ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងមកនេះ។

​បើតាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ចង្កោម​អ្នកសិល្បៈ​ ដែល​បាន​ទៅ​ចូលរួម​ពិធី​ភ្ជាប់ពាក្យ​របស់​កូនប្រុស​លោក លាន អា​ព្រី​ល​គីនីន បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា​ កូនកំលោះ​ដែល​ត្រូវជា​កូនប្រុស​លោក លាន អា​ព្រី​ល​គីនីន មានឈ្មោះ លាន គ្រី​ស​ម៉ៃ​កូ និង​កូនក្រមុំ​ឈ្មោះ វង្ស កា​នី​ដា​។​ ពិធី​នេះ​បានធ្វើ​ឡើង​យ៉ាង​សប្បាយរីករាយ​ជាមួយ​ទិដ្ឋភាព​នៃ​ភ្ញៀវ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ស្ទើរ​គ្មាន​បាត់​មុខ​ន​រណា​ម្នាក់​ឡើយ។

ប្រភព​​​​​ដដែល​បាន​បន្ថែម​ទៀត​ថា​ នៅក្នុង​ពិធី​នោះ ​ទាំង​កូនកំលោះ​និង​ក្រមុំ ព្រមទាំង​ឪពុក​-​ម្តាយ​សងខាង​សុទ្ធតែ​បង្ហាញ​ទឹកមុខ​ញញឹម​ស្ទើរ​បិទមាត់​មិន​ជិត​ដូចគ្នា​ ព្រោះតែ​មានការ​ផ្តល់​កិត្តិយស​ចូលរួម​ពី​សំណាក់​សិល្បករ​-​សិល្បការិនី​ល្បីៗ​រួម​ជំនាន់​ និង​អ្នក​ទើប​ចូល​ជំនាន់​ក្រោយ ​ដែល​ធ្លាប់​រាប់អាន​គ្នា​កន្លងមក។

សូមបញ្ជាក់ថា​ គិត​មកទល់ពេលនេះ​ លោក លាន អា​ព្រី​ល​គីនីន បាន​ផ្តាច់ខ្លួន​ពី​អាជីព​សិល្បៈ​មាន​រយៈពេល​៣​ឬ​៤​ឆ្នាំ​មក​ហើយ​ ក្រោយ​ជោគជ័យ​លើ​មុខ​ជំនួញ​ បើកហាង​លក់​សម្លៀកបំពាក់​និង​សាលារៀន​ឯកជន​របស់ខ្លួន៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114