ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​តារា​សិល្បៈ​ជើងចាស់​លោក គឹ​ន ចាន់​រតនា ចាប់ដៃគ្នា​ជាមួយ​ភរិយា​ ផ្តើម​សិល្បៈ​ជាថ្មី

ភ្នំពេញ​ ៖​ ថ្វីត្បិតតែ​ការ​ហក់​ចូលប្រឡូក​ក្នុង​អាជីព​ជា​តន្ត្រីករ​និង​វិវឌ្ឍ​ខ្លួន​ក្លាយជា​តារាចម្រៀង ក្នុង​វង់​តន្ត្រី​អក​កេស​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​តែ​លោក គឹម ចាន់​រតនា និង​អ្នកស្រី ជិន វណ្ណា​រី មិនមាន​ឱកាស​ដណ្ដើម​បាន​ទីផ្សារ​ល្បី​កេរ្តិ៍ឈ្មោះ​ខ្លាំង​ដូច​តារា​ប្រុស​-​ស្រី​ផ្សេងៗ​ទៀត​ក៏ពិតមែន​ ប៉ុន្តែ​បន្ទាប់ពី​អ្នកសិល្បៈ​ពីររូប​នេះ ​បាន​បោះបង់​សិល្បៈ​មួយ​សន្ទះ​ហើយ​ក្លាយខ្លួនជា​អ្នកជំនួញនោះ ​​​ ​​ពេលនេះ​បានប្រកាស​ហក់​ចូល​សិល្បៈ​ជាថ្មី​ឡើងវិញ។

តាម​ការ​កត់សម្គាល់​កន្លង​មក​គឺ​ធ្លាប់​មាន​ការ​ចុះផ្សាយ​ជា​បន្តបន្ទាប់​ជុំវិញ​ករណី​ម្ចាស់​ជំនួញ​ដីធ្លី លោក គឹម ចាន់​រតនា គឺជា​អតីត​តន្ត្រីករ​ ខណៈដែល​អ្នកស្រី ជិន វណ្ណា​រី​ជា​ភរិយា​ក៏​ជា​អ្នកចម្រៀង​ដែល​ជោគជ័យ​លើ​មុខ​ជំនួញ​បច្ចុប្បន្ន​។​ ប្រវត្តិ​របស់​អ្នក​ទាំងពីរ​ បាន​តស៊ូ​ក្នុង​អាជីព​សិល្បៈ​យ៉ាង​លំបាក​ទម្រាំ​ក្លាយខ្លួនជា​អ្នកជំនួញ​ដីធ្លី​នាពេល​ចុងក្រោយ​។​

ស្របពេល​ដែល​មុខ​ជំ​នួញ​កាន់តែ​ជោគជ័យ​នេះដែរ​ អតីត​តារា​សិល្បៈ​ជា​ប្ដី​ប្រពន្ធ​ពីររូប​នេះ ក៏បាន​ប្រកាស​ដំណើរការ​ផលិតកម្ម​ចម្រៀង​មួយ​ដើម្បី​ផ្តល់ឱកាស​ឲ្យ​តារា​ក្មេងៗ​ជំនាន់​ក្រោយ​បាន​បញ្ចេញ​សមត្ថភាព​ និង​បាន​ផលិត​បទ​ចម្រៀង​ជា​សំនៀង​របស់ខ្លួន​ដើម្បី​រម្លឹក​​​អាជីព​សិល្បៈ ដែល​អ្នក​ទាំងពីរ​ប្រាប់ថា​គឺជា​ស្ពាន​ចម្លង​ជីវិត​ក្នុង​គ្រាក្រ​។

ជាក់ស្ដែង​ក្រោយពី​អន្ទង​ចិត្ត​មហាជន ឲ្យ​ឃើញ​ពី​ការប្រឹងប្រែង​ក្នុង​សិល្បៈ​តាមរយៈ​បទ​”​ទំនួញ​អក​ឈ្មោល​” លោក គឹម ចាន់​រតនា ក៏​បញ្ចេញ​បទ​”​អូន​កូន​អ្នកណា​?” ដោយ​ជ្រើស​យក​ភរិយា​ជា​តួ​សម្ដែង​ផងដែរ​។ តន្ត្រីករ​រូបនេះ បញ្ជាក់ថា លោក​ផលិត​បទ​ចម្រៀង​ដោយ​បកស្រាយ​សំនៀង​ខ្លួនឯង ដោយសារតែ​ស្រលាញ់​អាជីព​ចម្រៀង និង​ចង់​ផលិត​បទ​ដែល​លោក​ស្រឡាញ់ ទុកជា​អនុស្សាវរីយ៍​ប៉ុណ្ណោះ​។

លោក​បន្តទៀតថា​ កាលពី​នៅ​ប្រឡូក​សិល្បៈ​លោក​គ្រាន់តែ​ជា​អ្នក​លេងភ្លេង​ប៉ុណ្ណោះ ចំណែក​ភរិយា​ទើប​ជា​អ្នកចម្រៀង​អាជីព​។ លោក​និង​ភរិយា​គម្រោង​ចេញ​បទ​បកស្រាយ​រួមគ្នា ក្រោយពី​ចេញ​បទ​”​អូន​កូន​អ្នកណា​” ដែលជា​បទ​សា​រ៉ា​វ៉ាន់​សម្រាប់​អបអរ​បុណ្យអុំទូក​នេះ​ផង​។ គួរ​បញ្ជាក់​ថា លោក គឹម ចាន់​រតនា គឺជា​អតីត​តន្ត្រីករ ខណៈ​ភរិយា​គឺជា​អ្នកចម្រៀង​ក្នុង​វង់​អក​កេស​មួយ កាលពី​ប្រមាណ​១០​ឆ្នាំ ដោយ​សូម្បីតែ​ឈ្នួល​បង់​ផ្ទះ ក៏​សឹង​មិន​ចង់​មាន​ផង​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114