អត្ថបទ​ពណ៌នា ​៖ បងប្អូន​ពីរ​នាក់​ឈប់រៀន​ ទៅធ្វើ​ការ​នៅ​ថៃ ​តែមាន​និស្ស័យ​ បាន​ចូលរៀន​វិញ​

កាលពី​បួន​ឆ្នាំមុន កុមារី វ៉ង់ សុ​ឃឿ​ង និង​កុមារី សឿ សេង​ឃាង ដែលជា​បងប្អូនជីដូន​មួយ ​អាយុ ​១៤​ឆ្នាំ ដូចគ្នា កំពុង​រៀន​ថ្នាក់​ទី​៧​ ជាមួយ​មិត្តភក្ដិរ​របស់​ពួកគេ​ជាច្រើន​នាក់​នៅ​វិទ្យាល័យ​ហ៊ុនសែន​ឈ្នួ​រ​មានជ័យ ក្នុងស្រុក​ព្រះ​នេត្រ​ព្រះ​ ខេត្តបន្ទាយមានជ័យ យ៉ាង​សប្បាយរីករាយ​។​

ដូច​កុមារ​ជា​ច្រើ​ននាក់​ទៀត​ដែរ ពួកគេ​មាន​សេចក្តីប្រាថ្នា​រៀងខ្លួន នៅពេល​ពួកគេ​ធំ​ឡើង​។ សុ​ឃឿ​ង និយាយថា​នាង​ចង់​ធ្វើជា​គ្រូពេទ្យ ចំណែក​សុឃាង​ ប្រាប់ថា​នាង​ចង់​ធ្វើជា​គ្រូបង្រៀន​។​ បន្ទាប់ពី​ប្រឡង​ឆមាស​ទី​ពីរ​រួច គ្រូ​បាន​បូក​លទ្ធផល​ប្រចាំឆ្នាំ ហើយ​លទ្ធផល​បង្ហាញថា​ពួកគេ​នឹង​បាន​ឡើង​ថ្នាក់​ទី​៨ ​នៅពេល​ចូល​បវេសនកាល​ឆ្នាំក្រោយ ដែល​ធ្វើ​ឲ្យ​ពួកគេ​រំភើបចិត្ត​យ៉ាងខ្លាំង​។​

​ទោះបីជា​យ៉ាងណា ក្តីសង្ឃឹម​របស់​ពួកគេ​ត្រូវ​បាត់​បង់អស់ នៅពេល​ឪពុកម្តាយ​របស់គេ​ប្រាប់ថា​កុមារី​ទាំងពីរ​នាក់​ត្រូវ​ឈប់រៀន ហើយ​ទៅ​ស៊ីឈ្នួល​គេ​នៅ​ប្រទេស​ថៃ ដើម្បី​យកលុយ​មក​សងបំណុល​គេ​។ ដោយសារ​គ្រួសារ​ក្រីក្រ និង​ជំពាក់​លុយ​គេ សុ​ឃឿ​ង និង​សេង​ឃាង បានសម្រេច​ចិត្ត​បោះបង់​ការសិក្សា រួច​តាម​ឪពុកម្តាយ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។​

​«​ពេលព្រឹក​ចេញពីផ្ទះ ខ្ញុំ​ស្រក់​ទឹកភ្នែក​។ ពេល​ជិះ​ម៉ូតូ​កាត់មុខ​សាលា ខ្ញុំ​ក៏​យំ​តែម្តង​។​» (​សុ​ឃឿ​ង និយាយ​រំឭក​ឡើងវិញ ដោយ​រលីងរលោង​ទឹកភ្នែក​)​។ សេង​ឃាង និយាយ​បន្ថែមថា ​៖ «​ពេលនោះ ខ្ញុំ​សោកស្តាយ​ខ្លាំងណាស់​ដែល​ត្រូវ​ឈប់រៀន​។ ប៉ុន្តែ ខ្ញុំ​អាណិតម្តាយ​ខ្ញុំ ដែល​ជំពាក់​លុយ​គេ​។​»

សេង​ឃាង និយាយថា​នាង​ធ្វើការ​នៅ​ហាង​លក់​ផ្កា​មួយកន្លែង នៅ​ទីក្រុង​បាងកក ដោយបាន​ប្រាក់​ចំនួន​ ៣០០​បាត​ក្នុង​មួយថ្ងៃ​។ នាង​និយាយថា​នាង​ត្រូវ​ធ្វើការ​ ១០​ម៉ោង​ក្នុង​មួយថ្ងៃ ចាប់តាំងពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង ​៦​ល្ងាច​។​ ​នាង​និយាយថា​៖ «​ការងារ​នឿយហត់​ណាស់ ព្រោះ​មិនមាន​ពេល​សម្រាក​។​»
​ ​
បន្ទាប់ពី​ធ្វើការ​បាន​ប្រាំ​មួយខែ សេង​ឃាង ​និយាយថា​នាង​បាន​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ នៅសល់តែ​ឪពុក និង​ម្តាយ​របស់​នាង​ដែល​នៅ​ស៊ីឈ្នួល​សម្អាត​ផ្ទះ​ឲ្យ​គេ​។ ពេលនេះ នាង​និយាយថា​ម្តាយ​របស់​នាង​ក៏​រកប្រាក់​បាន​ច្រើន​គ្រាន់បើ ហើយ​បាន​យកទៅ​សងបំណុល​គេ​ជិត​អស់​ដែរ​។ នៅពេល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ គ្រូ​ក៏​អនុញ្ញាត​ឲ្យ​នាង​ចូលរៀន​វិញ​។​

​នាង​និយាយ​បន្តថា ​៖ «​ពេល​នៅ​ប្រ​ទេស​ថៃ ខ្ញុំ​នឹក​មិត្ត​ភក្ដិ​ខ្ញុំ​ណាស់​។ ខ្ញុំ​មិន​នឹកស្មានថា​បាន​ត្រឡប់មក​ចូលរៀន​វិញ​នោះទេ​។​»

​ចំណែក​សុ​ឃឿ​ង ត្រូវ​ម្តាយ​នាង​នាំទៅ​ធ្វើការ​នៅ​កន្លែង​លក់​ផ្លែឈើ​មួយ​នៅ​បាងកក ដោយ​ទទួលបាន​កម្រៃ​ ៣០០​បាត​ក្នុង​មួយថ្ងៃ​ដែរ​។ ប៉ុន្តែ នាង​និយាយថា​នាង​ធ្វើការ​បានតែ​ប្រាំ​ខែ​ក៏​សុំ​ម្តាយ​ត្រឡប់មក​រៀន​នៅ​ស្រុក​ខ្មែរ​វិញ​។​ ​សុ​ឃឿ​ង​និយាយថា ​៖ «​ខ្ញុំ​ត្រូវ​ធ្វើការ​ធ្ងន់​រាល់ថ្ងៃ​។ ពេលខ្លះ ឡាំង​ផ្លែឈើ​ធ្លាក់​ពីលើ​ឡាន​ត្រូវ​ជើង​របស់ខ្ញុំ​។​»

​ដោយសារ​នាង​មិនមាន​លិខិតឆ្លងដែន នាង​និយាយថា​នាង​មិន​ហ៊ាន​ដើរលេង​ឆ្ងាយ​ពី​កន្លែង​លក់​ផ្លែឈើ​នោះឡើយ ព្រោះ​ខ្លាច​ប៉ូលិស​ថៃ ​ចាប់​បញ្ជូនមក​ស្រុក​ខ្មែរ​វិញ​។ នាង​និយាយថា​ ៖ «​ពេល​កំពុង​លក់​ផ្លែឈើ ខ្ញុំ​ឃើញ​សិស្សសាលា​ជនជាតិ​ថៃ​មក​ទិញ​ផ្លែឈើ​របស់ខ្ញុំ​។ ពេលនោះ ខ្ញុំ​មាន​អារម្មណ៍​ចង់​ត្រឡប់មក​រៀន​យ៉ាងខ្លាំង​។​»

​សុ​ឃឿ​ង​និយាយថា នាង​រីករាយ​ណាស់​ដែល​បាន​ត្រឡប់មក​រៀន​វិញ​ដូច​បំណង ហើយ​ម្តាយ​នាង​ក៏​អនុញ្ញាត​ឲ្យ​នាង​រៀន​រហូតដល់​បានការ​ងារ​ធ្វើ​ដែរ​។​ ក្តី​ប្រាថ្នា​កាលពី​ពេលមុន​របស់​កុមារី​ទាំងពីរ​ហាក់ដូច​ជាមាន​សង្ឃឹម​ច្រើន ដោយសារ​ពួកគេ​មាន​គ្រូ និង​នាយក​សាលា​ដែល​តែងតែ​ចាំ​ជួយ​គាំទ្រ​ពួកគេ​បន្ថែមទៀត​។​

​«​បងប្រុស​ខ្ញុំ​ជា​គ្រូបង្រៀន ដូច្នេះ​ខ្ញុំ​ចង់​ធ្វើជា​គ្រូពេទ្យ​។​» (​នាង​និយាយ​ប្រកបដោយ​ទំនុកចិត្ត​ខ្លួនឯង​។​)

​ខុសពី​សុ​ឃឿ​ង សេង​ឃាង​និយាយថា​នាង​ចង់​ធ្វើជា​គ្រូបង្រៀន ដូចជា​ជីតា​របស់​នាង​ ដែល​បាន​ចូល​និវត្ត​ទៅហើយ​។ នាង​និយាយ​ដោយ​ញញឹម​ថា ​៖ «​យាយ​ខ្ញុំ​ប្រាប់ថា​តា​ខ្ញុំ​ជា​គ្រូបង្រៀន ដូច្នេះ​គាត់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​គ្រូ​ដែរ​កុំ​ឲ្យ​ដាច់​ខ្សែ​គ្រូ​។​»
​ ​
ទោះបីជា​យ៉ាងណាក្តី បើតាម​សម្តី​របស់​លោកគ្រូ ជិន ឆោម អាយុ​ ៣៧​ឆ្នាំ ជា​នាយក​វិទ្យាល័យ​ហ៊ុនសែន​ឈ្នួ​រ​មានជ័យ មិនមាន​សិស្ស​ច្រើន​ទេ ​ដែល​បាន​ត្រឡប់មក​ចូលរៀន​វិញ បន្ទាប់ពី​ពួកគេ​ឈប់រៀន​ទៅធ្វើ​ការ​នៅ​កន្លែង​ផ្សេងៗ​។​

លោកគ្រូ ជិន ឆោម និយាយថា​គាត់​តែងតែ​ព្យាយាម​បញ្ចុះបញ្ចូល​ឪពុកម្តាយ​សិស្ស ដើម្បី​កុំ​ឲ្យ​កូន​ឈប់រៀន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ កន្លងមក​គាត់​និយាយថា​ការប្រឹងប្រែង​របស់គាត់​ភាគច្រើន​មិនបាន​សម្រេច​ឡើយ​។ លោកគ្រូ​រំឭកថា​មាន​សិស្ស​ នៅ​វិទ្យាល័យ​របស់គាត់​ម្នា​ក់រៀ​ន​ថ្នាក់​ទី​៨ បានមក​អង្វរ​គាត់​ឲ្យ​ជួយ​និយាយ​ជាមួយ​ម្តាយ​របស់គេ​កុំ​ឲ្យ​បង្ខំ​គេ​ឲ្យ​ឈប់រៀន​។​

លោកនាយក​សាលា​និយាយថា ​៖ «​ខ្ញុំ​បាន​ទៅ​ពន្យល់​ម្តាយ​របស់គេ​ជាច្រើនលើក ប៉ុន្តែ​ទីបំផុត​គាត់​ឲ្យ​កូន​គាត់​ឈប់​រៀន​ទាល់តែ​បាន​។ គាត់​លួច​យក​កូន​ទៅ​តាង​ពី​ម៉ោង​បួន​ជិត​ភ្លឺ ខ្លាច​ខ្ញុំ​មក​ទាន់​។​»

ទោះបីជា​យ៉ាងណា លោកគ្រូ ជិន ឆោម និយាយថា​គ្រូបង្រៀន អាជ្ញាធរ និង​សហគមន៍ ត្រូវ​បន្ត​អប់រំ​ដល់​សិស្ស និង​មាតាបិតា​របស់​គេ​អំពី​តម្លៃ​នៃ​ការសិក្សា​របស់​កូន​របស់គេ ព្រម​ជាមួយ​នឹង​ការជួយ​ឧបត្ថម្ភ​ផ្សេងៗ​ដល់​សិស្ស​ក្រីក្រ ដើម្បី​ជំរុញ​សិស្ស​កុំ​ឲ្យ​បោះបង់​ការសិក្សា​។​

​លោកគ្រូ​និយាយថា ​៖ «​ពេលនេះ ឪពុកម្តាយ​សិស្ស​យល់​កាន់តែច្រើន​អំពី​សារៈសំខាន់​ក្នុងការ​ឲ្យ​កូន​គាត់​មក​រៀន​។ ពួកគេ​ភាគច្រើន​លែង​ឲ្យ​កូន​ឈប់រៀន ហើយ​សុខចិត្ត​ផ្ញើ​លុយ​មកជួយ​កូន​វិញ ពេល​ពួកគាត់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​៕​»



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684