អត្ថបទ​វិភាគ​សៀវភៅ ​៖ ដំណើរ​ជីវិត​ពី​អគ្គ​និពន្ធ​នាយក​កាសែត ​រហូតដល់​ក្លាយជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ​

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា​ លោក​មិនមាន​ទ្រព្យ​ធន និង​លុយកាក់​ច្រើន​ទេ ប៉ុន្តែ​លោក​មិនមែនជា​មនុស្ស​ទ្រឹស្ដិស្មូរ​ឡើយ ហើយ​តែងតែ​ចង់​ជួយ​យក​អាសា​អ្នកដទៃ​ជានិច្ច​។​

«​នេះ​មកពី​ខ្ញុំ​មិន​កំណាញ់​។ ខ្ញុំ​មានតែ​កូន​មួយគត់ ហើយ​កូន​នេះ​មិនដែល​សុំ​លុយ​ឪពុកម្តាយ​ឡើយ ព្រោះ​គេ​ចេះ​រស់​ដោយ​ខ្លួនឯងបាន​។ ហេតុនេះ បើ​អាចជួយ​អ្នកទន់ខ្សោយ​បាន​ខ្លះ ក៏​ចេះតែ​ជួយ​ទៅ​។​» នេះ​គឺជា​ការ​លាតត្រដាង​អំពី​សន្តាន​ចិត្តសប្បុរស​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​ត្រូវបាន​រំលេច​នៅក្នុង​សៀវភៅ​ដែលមាន​ចំណងជើង​ថា «​ខៀវ កាញារីទ្ធ ជីវិត​ក្នុង​សមរភូមិ​ទស្សនៈ​ចម្រុះ​ពណ៌​» ដែល​និពន្ធ​ដោយ​អ្នកនិពន្ធ​មិន​សំចៃ​ពាក្យ និង​ពេលវេលា ឆាយ សុផល​។​

សៀវភៅ​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​នៅ​ថ្ងៃទី​១៥ ​ខែសីហា​ ឆ្នាំ​២០១៧​នេះ មាន​ ៣០០​ទំព័រ និង​ចែកជា​ប្រាំមួយ​ជំពូក​រៀបរាប់​ពី​ជីវិត​គ្រួសារ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ជីវិត​នយោបាយ និង​ការងារ​សង្គម​ផ្សេងៗ ក្នុង​ឆាកជីវិត​ដែល​អូសបន្លាយ​ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្ស​របស់​រៀមច្បង​ផ្នែក​សារព័ត៌មាន​មួយរូប​នេះ​។​

រឿង​អាថ៌កំបាំង​មួយ ត្រូវបាន​លាតត្រដាង​ឡើង​នៅ​ទំព័រ ​១៧​អំពី «​ពន្លក​ស្នេហ៍ និង​អាពាហ៍ពិពាហ៍​» របស់​ឯកឧត្តម ខៀវ កាញារីទ្ធ នៅពេល​លោក​ចាប់ផ្តើម​មានចិត្ត​ប្រតិព័ទ្ធ​ទៅលើ​លោកជំទាវ ទេព រង្សី ក្នុង «​ស្នេហ៍​គ្រា​ដំបូង​ដែល​បង​(​មិនសូវ​)​បាន​យល់​»​។ ទោះបីជា​យ៉ាងណា ឯកឧត្តម​មិនមែនជា​បុរស​ចិត្ត​ងាយ​ក្នុង​រឿង​ស្នេហា​នោះឡើយ បើតាម​សំណេរ​ក្នុង​សៀវភៅ​។​

«​គាត់​មិនសូវ​ចាប់អារម្មណ៍​នឹង​ខ្ញុំ​ទេ​។ គាត់​សួរ​ខ្ញុំ​ពីនេះ​ពី​នោះ ដោយ​មិន​មើលមុខ​ខ្ញុំ​ចំឡើយ​។​» អតីត​មហា​កញ្ញា ទេព រង្សី បាន​ប្រា​ប់លោក ឆាយ សុផល ដែល​ឆ្ងល់​មិនចេះ​ឈប់ ទាក់ទង​នឹង​គ្រាមួយ​ដែល​លោកស្រី​ត្រូវបាន​ម្តាយមីង​ឯកឧត្តម​នាំទៅ​ជួប​អតីត​កំលោះ ខៀវ កាញារីទ្ធ ដើម្បី​ពិគ្រោះ​យោបល់​អំពី​បំណង​របស់​លោកស្រី ​ដែល​ចង់ទៅ​រៀន​នៅក្រៅ​ប្រទេស នៅ​ដើម​ទសវត្សរ៍​ ៨០​។

លោកជំទាវ​បន្តថា ​៖ «​គាត់​ដូចជា​វាយឫក​បន្តិច​នាពេលនោះ តែ​ម្តាយ​គាត់​រាក់ទាក់ ហើយ​បង្ហាញ​ពី​ក្តី​ស្រឡាញ់ និង​ពេញចិត្ត​ចំពោះ​ខ្ញុំ​។​»

ក្នុងនាម​ជា​អគ្គ​និពន្ធ​នាយក​កាសែត​កម្ពុជា និង​ជា​តំណាងរាស្ត្រ​ផង​នោះ ឯកឧត្តម ខៀវ កាញារីទ្ធ ពិតជា​មិនមែនជា​បុរស​ចិត្ត​ងាយ ដូចជា​អ្នកនិពន្ធ​របស់​យើង​នោះឡើយ​។ ទោះបីជា​យ៉ាងណាក្តី ក្រោយមក​បុរស​បេះដូង​ដែក​យើង មិនអាច​ទប់ទល់​នឹង​សម្រស់​កញ្ញា​និស្សិត​មហាវិទ្យាល័យ​ពេទ្យ​នោះឡើយ រហូតដល់​យល់ព្រម​ឱ្យ​អ្នក​ម្តាយ «​សុំ​ផ្លូវ​ដើរ ជណ្តើរ​ឡើង​» រួច​ចូល​រោង​មង្គលការ​ប្រាំ​ឆ្នាំក្រោយ​នៅ​ថ្ងៃទី​៦ ​ខែមេសា ​ឆ្នាំ​១៩៨៥ ដោយមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​មក​កាត់សក់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ផង​។​

សៀវភៅ​របស់​អ្នកនិពន្ធ ឆាយ សុផល ក៏បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ ​អំពី​ជីវិត​យុវវ័យ និង​ការសិក្សា​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ ដែល​បានបញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ​នៅ​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​១៩៧៥ និង​នៅ​ឆ្នាំ​២០១១ លោក​ទទួលបាន​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ពី​សាកលវិទ្យាល័យ​កម្ពុជា លើ​កិច្ចការ​ទំនាក់ទំនង និង​ព័ត៌មាន​។​

ប៉ុន្តែ នៅ​ចន្លោះ​យុវវ័យ​ដ៏​សែន​រីករាយ និង​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​សែន​សោមនស្ស ជោគវាសនា​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ធ្លាក់ចុះ​ទៅក្នុង​បាត​ជ្រោះ​ដ៏​សែន​ជ្រៅ​ក្នុង​របប​ខ្មែរក្រហម ចាប់ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩​ ដោយ​ឯកឧត្តម​ត្រូវ​ពួក​ខ្មែរក្រហម​បង្ខំ​ឱ្យធ្វើ​ការ​ធ្ងន់ៗ ដូច​ប្រជាជន​ខ្មែរ​ដទៃទៀត​ដែរ​។​

នៅ​ទំព័រ​ទី​១៣៣ អ្នកនិពន្ធ​ចាប់​ផ្តើ​មរៀបរាប់​អំពី​ការងារ​ឯកឧត្តម​រដ្ឋ​មន្ត្រី​ជា​តំណាងរាស្ត្រ និង​អគ្គ​និពន្ធ​នាយក​កាសែត​កម្ពុជា ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៩ និង​១៩៩០​។ តាមពិតទៅ ឯកឧត្តម​បាន​ប្រា​ប់លោក ឆាយ សុផល​ថា លោក​ត្រូវបាន​រដ្ឋាភិបាល​ផ្តល់​ជម្រើស​ដល់​ទៅ​ពីរ​នៅពេលនោះ គឺ​លោក​អាច​ជ្រើសរើស​ធ្វើជា​អ្នកសារព័ត៌មាន ឬ​មន្ត្រីការទូត​។ ប៉ុន្តែ និស្ស័យ​ស្រឡាញ់​អក្សរសាស្ត្រ និង​ការងារ​និពន្ធ បាន​ជំរុញ​ឱ្យ​លោក​សម្រេចចិត្ត​ធ្វើជា​អ្នកសារព័ត៌មាន​។​

«​ព្រោះ​ខ្ញុំ​មានបំណង​ឱ្យ​មនុស្ស​បានដឹង​ពី​សភាពការណ៍​នានា​។ នៅក្នុង​របប ​ប៉ុលពត ប្រជាជន​រស់ក្នុង​សភាព​ភ័យខ្លាច គ្មាន​បានទទួល​ព័ត៌មាន​អ្វី​ទាំងអស់ គឺ​រស់ក្នុង​សភាព​ខ្មៅ​ងងឹត​។​» ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ក្នុង​សៀវភៅ ដោយ​បន្ថែមថា ​៖ «​មាន​ព័ត៌មាន ប្រជាជន​ពិតជា​បាន​ស្វែងយល់​ពីអ្វី​ដែល​ល្អ និង​អាក្រក់​នៅក្នុង​ជីវិត​។​»

ក្រោយពី​រដ្ឋាភិបាល​ដក​បញ្ឈរជើង​ដោយ​ច្រឡំ​អស់​រយៈពេល​ពីរ​ឆ្នាំ​មក នៅ​ឆ្នាំ​១៩៩២ ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបាន​រដ្ឋាភិបាល​តែងតាំង​ជា​អ្នកនាំពាក្យ និង​ទីប្រឹក្សានាយករដ្ឋមន្ត្រី ដោយ​លោក​បាន​សុំ​ស្នើ​ដាក់​លក្ខខណ្ឌ​មួយ​ផង​។​

«​បើ​ឱ្យ​ខ្ញុំ​ធ្វើជា​អ្នកនាំពាក្យ សូម​កុំឱ្យ​ខ្ញុំ​និយាយ​នូវ​អ្វីដែល​ខ្ញុំ​មិន​ជឿ ព្រោះ​បើ​ខ្ញុំ​មិន​ជឿ តើ​ឱ្យគេ​ជឿ​ខ្ញុំ​យ៉ាងដូចម្តេច​?» ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ប្រាប់​ទៅ​លោកនាយក​រដ្ឋមន្ត្រី​នៅពេលនោះ នៅលើ​ទំព័រ​១២៩​ ដែល​ចាប់​ផ្តើមនិយាយ​អំពី​ជីវិត​នយោបាយ​របស់លោក បន្ទាប់ពី​បើក​សករាជ​ថ្មី​នៃ​វិស័យ​សារព័ត៌មាន នៅពេលដែល​លោក​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ឆ្នាំ​២០០៣​។​

មុននឹង​បញ្ចប់​សៀវភៅ​របស់លោក ដោយ​រាយ​នាម​អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចាប់តាំងពី​ឆ្នាំ​១៩៤៥ មក ចាប់ពី​ជំពូក​ទី​៤ លោក ឆាយ សុផល បាន​រៀបរាប់​អំពី​ទស្សនៈ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​វិស័យ​សារព័ត៌មាន កា​រលើ​ស្ទួយ​វិស័យ​កីឡា វិស័យ​សិ​ល្បៈ និង​កិច្ចការ​សង្គម​របស់លោក ក្នុងការ​លើកស្ទួយ​ព្រះពុទ្ធសាសនា និង​ការកសាង​សាលារៀន ក៏ដូចជា​ការជួយ​ដល់​ជនក្រីក្រ និង​កុមារ​ពិការ​។​

«​ចំណេះវិជ្ជា វា​ជា​បញ្ហា​ស្ម័គ្រស្មាន​ច្រើនណាស់ ដែល​ទាមទារ​ឱ្យ​យើង​ប្រឹងប្រែង​ខ្លួនឯង ត្រូវ​ស្វែងយល់ និង​ចេះ​ជួយ​គ្នា​ទៅវិញទៅមក រៀនសូត្រ​ជា​ក្រុម និង​ជួយ​គិតគូរ​គ្នា​ជា​ក្រុម ទើប​យើង​មានការ​រីកចម្រើន​។​» ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបាន​អ្នកនិពន្ធ​ស្រង់​ប្រសាសន៍​របស់លោក ពេល​លោក​ចុះទៅ​ជួប​កុមារកំព្រា និង​កុមារ​ពិការ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្តថា ​៖ «​នៅពេល​យើង​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ យើង​អាចជួយ​ខ្លួនឯង ក្រុមគ្រួសារ មិត្តភ័ក្ដិ បងប្អូន ជាពិសេស​ចូលរួមចំណែក​កសាង និង​អភិវឌ្ឍ​សង្គមជាតិ ឱ្យ​កាន់តែ​រីកចម្រើន​បាន​ថែមទៀត​៕​»



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684