BREAKING NEWS
Search

អត្រា​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ​និង​ការ​ជក់បារី​នៅ​កម្ពុជា​មាន​ការ​ធ្លាក់ចុះ

ភ្នំពេញ ​៖ ​តាម​លទ្ធផល​អង្កេត​ស្រាវជ្រាវ​តាមដាន​កត្តា​គ្រោះថ្នាក់ នៃ​ជំងឺមិនឆ្លង​នៅ​កម្ពុជា​ឆ្នាំ​២០១៦​ដែល​បានធ្វើការ​ផ្សព្វផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ បាន​បង្ហាញថា​អត្រា​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង​បាន​ថយចុះ​ពី​៥៣​ភាគរយ​នៅ​ឆ្នាំ​២០១០​មក​នៅត្រឹមតែ​៤៧.៨​ភាគរយ​ និង អត្រា​អ្នក​ជក់បារី​បាន​ថយចុះ​ពី ២៩.៤​ភាគរយ​មក​នៅត្រឹម​២២.១​ភាគរយ​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​២៥​ដល់​៦៤​ឆ្នាំ។

តាម​លទ្ធផល​ដដែល​ក៏បាន​បង្ហាញថា​ ការហូប​ផ្លែឈើ​មិន​គ្រប់​ដែល​កាលពី​ឆ្នាំ​២០១០​មាន​រហូតដល់​ទៅ​៨៤​ភាគរយ​នោះ ​ក៏បាន​ថយចុះ​មក​នៅត្រឹម​៥១.៩​ភាគ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៦។

តែ​ទោះបីជា​យ៉ាងណាក៏ដោយ​លទ្ធផល​ស្រាវជ្រាវ​នោះ​ក៏បាន​បង្ហាញ​ពី​ភាព​ប្រឈម ផងដែរ​ពោល​គឺមាន​ពលរដ្ឋ​អាយុ​ចាប់ពី​២៥​ឆ្នាំ​ដល់​៦៤​ឆ្នាំ​ប្រមាណ​២១.៩​ភាគរយ​មាន​លើស​ទម្ងន់​កើនឡើង​ជាង​៦​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១០​ ដែលមាន​ត្រឹមតែ​១៥. ៤​ភាគរយ​ប៉ុណ្ណោះ។ រីឯ​អ្នកមាន​ជំងឺលើសឈាម​វិញ​ក្នុងចំណោម​មនុស្ស​មាន​វ័យ​ចាប់ពី​២៥​ដល់​៦៤​ដូចគ្នា​មាន​ចំនួន​១៤.២​ភាគរយ​ក្នុង​នោះ​មនុស្ស​វ័យ​ចំណាស់​ ដែលមាន​អាយុ​ចន្លោះ​ពី​៦០​ទៅ​៦៩​ឆ្នាំ​មាន​រហូតដល់​៣៤.៨​ភាគរយ ការ​ឡើង​ជាតិ​ស្ករ​ ឬ​ជំងឺ​ទឹកនោមផ្អែម​មាន​៩.៦%​ក្នុង​នោះ​មាន​២០​ភាគរយ​កើត​លើ​ក្រុម​មនុស្ស​មាន​អាយុ​ពី​៦០​ដល់​៦៩​ឆ្នាំ​និង​ការ​ឡើង​ជាតិ​ខ្លាញ់​ក្នុង​ឈាម​លើស​ពី​កម្រិត​ធម្មតា​មាន​រហូតដល់​ទៅ​៤៥.១​ភាគរយ។

លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ សកលវិទ្យាធិការ​នៃ​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន ប្រាប់​ពី​មូល​ហេតុថា​ ការកើនឡើង​នៃ​ជំងឺ​ទាំងនេះ​គឺ​ដោយសារ​មាន​កក្តា​មួយចំនួន​ដូចជា​ការ​ហូបចុក​មិនបាន​ត្រឹមត្រូវ អសកម្ម​ក្នុងការ​ហាត់ប្រាណ ប្រើប្រាស់​ថ្នាំជក់​និង​ការ​សេព​ដោយ​បំពាន​គ្រឿង​ស្រវឹង ហានិភ័យ​ដែល​បណ្តាលមកពី​ការបំពុល​បរិយាកាស ការបំពុល​បរិស្ថាន​និង​ការ​បម្រែបម្រួល​អាកាសធាតុ​ជាដើម​។​

លោក​សាស្ត្រាចារ្យ​បាន​បន្តថា​ លទ្ធផល​នេះ​បាន​ធ្វើឡើង​តាមរយៈ​ការស្រាវជ្រាវ​កាលពី​ឆ្នាំ​២០១៦​ដោយបាន​ប្រមូល​ទិន្នន័យ​ពី​ប្រជាជន​ចំនួន​២៨៨០​នាក់ មកពី​ទូទាំងប្រទេស​តាមរយៈ​ការជ្រើសរើស សំណាក​ដោយ​វិធីសាស្ត្រ multi-stage cluster sampling ដោយមាន​បី​ជំហាន​៖ ជំហាន​ទីមួយ ជាការ​សម្ភាសន៍ ដើម្បី​ប្រមូលយក​ព័ត៌មាន ទាក់ទង​នឹង​កត្តា​ឥរិយាបថ​គ្រោះថ្នាក់​ផ្សេងៗ និង​ប្រវត្តិ​សុខភាព​ដែល​ទាក់ទង​នឹង​ជំងឺ​មិន ឆ្លង ជំហាន​ទី​ពីរ គឺមាន​ការពិនិត្យ​វាស់វែង​នៅលើ​រាងកាយ ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​សម្ពាធ​ឈាម កម្ពស់ ទម្ងន់ និង​បរិមាត្រ​ចង្កេះ និង​ត្រគាក ជំហាន​ទី​បី គឺ​ការ​បូម​ឈាម​ដើម្បី​ពិនិត្យមើល​កំរិត​ស្ករ និង ខ្លាញ់​សរុប​ក្នុង​ឈាម។

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ទៀត​ថា ​ការសិក្សា​នេះ​ ត្រូវ​បាន​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​តាម​បែប Cross sectional study ដែល​បាន​ជ្រើសរើស​ប្រជាជន ដែល​មាន​អាយុ​ពី ១៨ ដល់​៦៩​ឆ្នាំ ចូលក្នុង​ការសិក្សា​ស្រាវជ្រាវ ដោយ​ប្រើប្រាស់​ពិធីសារ​គោល ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO STEPwise approach to chronic disease risk factor Surveillance)។

លោក​សាស្ដ្រាចារ្យ​បាន​ឲ្យ​ដឹង​ទៀត​ថា ការសិក្សា​ក្នុង​ជុំ​ទី​ពីរ​នេះ បាន​ប្រមូល​ទិន្នន័យ​ពី​ប្រជាជន​ចំនួន​២៨៨០​នាក់ មកពី​ទូទាំងប្រទេស​តាមរយៈ​ការ​ជ្រើសរើស សំណាក​ដោយ​វិធីសាស្ត្រ multi-stage cluster sampling ដោយមាន​បី​ជំហាន​៖ ជំហាន​ទីមួយ ជាការ​សម្ភាសន៍ ដើម្បី​ប្រមូល​យក​ព័ត៌មាន ទាក់ទង​នឹង​កត្តា​ឥរិយាបថ​គ្រោះថ្នាក់​ផ្សេងៗ និង​ប្រវត្តិ​សុខភាព​ដែល​ទាក់ទង​នឹង​ជំងឺ​មិន ឆ្លង ជំហាន​ទី​ពីរ គឺ​មាន​ការពិនិត្យ​វាស់វែង​នៅ​លើ​រាងកាយ ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​សម្ពាធ​ឈាម កម្ពស់ ទម្ងន់ និង​បរិមាត្រ​ចង្កេះ និង​ត្រគាក ជំហាន​ទី​បី គឺ​ការ​បូម​ឈាម​ដើម្បី​ពិនិត្យមើល​កម្រិត​ស្ករ និង ខ្លាញ់​សរុប​ក្នុង​ឈាម។

សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ បាន​បន្ថែមទៀតថា ការសិក្សា​នេះ​មាន​គោលបំណង​ធំៗ​ចំនួន បួន​គឺ​៖ ទី​១- ដើម្បី​ពិពណ៌នា​អំពី​កំរិត​នៃ​កត្តា​គ្រោះថ្នាក់​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ជំងឺមិនឆ្លង ក្នុងចំណោម​មនុស្សពេញវ័យ ដែលមាន​អាយុ​ពី​១៨ ទៅ​៦៩​ឆ្នាំ​នៅ​កម្ពុជា​, ទី​២-​ដើម្បី​តាមដាន​ទំហំ និង​ទិសដៅ​នៃ​ការវិវត្ត​របស់​កត្តា​គ្រោះថ្នាក់​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ជំងឺមិនឆ្លង​នៅ​កម្ពុជា​, ទី​៣ ដើម្បី​ផ្តល់​ព័ត៌មាន​គាំទ្រ​ដល់​ការ​ធ្វើផែនការ និង​វាយតម្លៃ​លើ​ការអនុវត្ត​នូវ​កម្មវិធី និង​គោលនយោបាយ ដែល​ទាក់ទង​នឹង​ការកាត់បន្ថយ​ជំងឺមិនឆ្លង​នៅ​កម្ពុជា និង​ទី​៤​គឺ ដើម្បី​ប្រមូល​នូវ​ទិន្នន័យ សម្រាប់​ការ​ព្យាករ​​នូវ​តំរូវការ​សេវា​សុខាភិបាល​នាពេល​អនាគត។

លោក​សាស្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ការសិក្សា​ស្រាវជ្រាវ គឺជា​សសរស្ដម្ភ​មួយ​យ៉ាងសំខាន់ ក្នុងការ​ប្រមូល​ឲ្យ​បាន​នូវ​ព័ត៌មាន គ្រប់​ជ្រុងជ្រោយ សម្រាប់​កំណត់​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​សុខាភិបាល ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​សុខភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​។​ ​
លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង​បាន​បន្តទៀតថា «​លទ្ធផល​នៃ​ការស្រាវជ្រាវ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ដ៏​មាន​សារៈសំខាន់​មួយ​នៅ​កម្ពុជា អំពី កត្តា​គ្រោះថ្នាក់​របស់​ជំងឺមិនឆ្លង បានធ្វើ​ឡើង​ជាង​រៀង​៥​ឬ​៦​ឆ្នាំ​ម្ដង ដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន​លម្អិត​ជុំវិញ​នៅ​បញ្ហា​ប្រឈម​ផ្សេងៗ យក​មក​ដោះស្រាយ និង​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បម្រើ​នូវ​ភាពចាំបាច់​ដែល​ប្រជាពលរដ្ឋ​ត្រូវការ ពិសេស​នោះ គឺ​សុខុមាលភាព​របស់​ប្រជាជន​តែម្ដង​»។

គួរបញ្ជាក់​ថា ​នេះ​ជាការ​ស្រាវជ្រាវ​ជុំ​ទី​ពីរ​ហើយ​បន្ទាប់ពី​ការស្រាវជ្រាវ​ជុំទីមួយ បានធ្វើ​ឡើង​ដោយសាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​ដូចគ្នា​កាលពី​ឆ្នាំ​២០១០​កន្លងទៅ​នេះ​ហើយ​តាម​គម្រោង​ក្រសួងសុខាភិបាល​គ្រោង​នឹង​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​នៅ​ជុំ​ទី​៣​បន្តទៀត​ដែល​នឹង​ប្រព្រឹត្តិ​ទៅនា​ឆ្នាំ​២០២៤​ខាងមុខនេះ​។​

យ៉ាងណាក៏ដោយ​លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ​បាន​អះអាងថា​ការស្រាវជ្រាវ​នៅ​ជុំ​ទី​៣​អាចធ្វើ​ទៅបាន​លុះត្រា​តែមាន​ថវិកា​ជាមុនសិន​ដែល​កន្លងទៅ​មានការ​គាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114