ព័ត៍មានទាន់​ហេតុការណ៏
Search

អត្រា​នៃ​ភាព​ពិការ​ភ្នែក ​នៃ​មនុស្ស​ចាស់​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​២,៥%​នៅ​ឆ្នាំ​២០១៩​នេះ

ភ្នំពេញ​ ៖​ យោងតាម​លទ្ធផល​ការអង្កេត​រហ័ស​ស្តីពី​ភាព​ពិការភ្នែក​ដែល​អាច​ជៀសវាង​បាន​នៅ​កម្ពុជា​ដែល​បាន​បង្ហាញ​កាលពីពេល​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹងថា ​អត្រា​នៃ​ភាព​ពិការភ្នែក​នៃ​មនុស្ស​ចាស់​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ​បាន​ធ្លាក់ចុះ​ពី​២,៨%​ក្នុង​ឆ្នាំ​២០០៧​មក​ត្រឹម​២,៥%​ក្នុង​ឆ្នាំ​២០១៩​នេះ​។

លោក​សាស្ត្រាចារ្យ ងី ​ម៉េង​ ប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​ និង​ជា​ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹងថា​ បច្ចុប្បន្ននេះ ​ប្រទេស​កម្ពុ​ជាមាន​អ្នក​ពិការ​ភ្នែក​ចំនួន​៦០៨៦៥​នាក់​ស្មើនឹង​០,៣៧% អ្នកមាន​គំហើញ​ចុះខ្សោយ​ខ្លាំង​ចំនួន​៦១៩៣០​នាក់​ និង​គំហើញ​ខ្សោយ​មធ្យម​ចំនួន​៣១៨៤០១​នាក់​ដែល​តម្រូវ​ឲ្យ​ធ្វើការ​ព្យាបាល​និង​កែលំអរ​គំហើញ​តាមរយៈ​ការផ្តល់​វ៉ែនតា​ដើម្បី​ឲ្យ​ពួកគេ​មាន​គំហើញ​ឡើងវិញ​និង​ការអប់រំ​សុខភាព​ភ្នែក​ដើម្បី​ឲ្យ​ពួកគេ​កាន់តែ​យល់ដឹង​ពី​សារៈសំខាន់​នៃ​សុខភាព​ភ្នែក​និង​អាច​ទៅរក​សេវា​នៅ​ជិត​មូលដ្ឋាន​ដែល​ពួកគេ​ស្នាក់នៅ​ក៏ដូចជា​ជួយ​កាត់បន្ថយ​នៃ​បន្ទុក​នៅក្នុង​គ្រួសារ​និង​ភាពក្រីក្រ​។

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ទៀត​ថា ​ដើម្បី​ជួយ​សម្រួល​ដល់​ការថែទាំ​ភ្នែក​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​ខេត្ត​ដាច់ស្រយាល​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​បាន​បង្កើត​ក្រុមគ្រូពេទ្យ​ចល័ត​ចុះទៅ​ធ្វើការ​ពិនិត្យ​ព្យាបាល​និង​វះកាត់​ភ្នែក​ឡើងបាយ​ចំនួន​២​ដង​ក្នុង​១​ខែ​។ ​ក្រៅ​ពី​នេះ​យើង​បាន​ផលិត​ឯកសារ​អប់រំ​សុខភាព​ភ្នែក​សំខាន់ៗ​នៅ​កម្ពុជា​ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈ​វិទ្យុ ទូរទស្សន៍​និង​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​ក​ផងដែរ​។

​តែ​យ៉ាងណាក៏ដោយ​លោក​សាស្ត្រាចារ្យ​ងី​ម៉េង បាន​បញ្ជាក់ថា​ តាមរយៈ​លទ្ធផល​ស្រាវជ្រាវ​យើង​បាន​រក​ឃើញ​នូវ​មូលហេតុ​សំខាន់ៗ​ដែល​ជា​ឧបសគ្គ​រារាំង​អ្នកជំងឺ​មិន​មក​ទទួល​សេវា​ថែរក្សា​ភ្នែក​ក្នុង​នោះ​រួមមាន​ការភ័យខ្លាច​ក្នុងការ​វះកាត់​ជំងឺភ្នែក​ឡើង​បាយ​ដែលមាន​ប្រមាណ​៤៥​ភាគរយ​។​អ្នកជំងឺ​គិត​ថា ​ពុំ​ចាំបាច់​ព្យាបាល​ភ្នែក​ព្រោះ​នៅ​មើល​ឃើញ​តិចៗ​និង​អាច​ដើរ​បាន​ប្រមាណ​១៧​ភាគរយ​អ្នកជំងឺ​បារម្ភ​ពី​បញ្ហា​ថវិកា​ថ្លៃ​ព្យាបាល​មាន​ប្រមា​សណ​១៤​ភាគរយ​និង​អ្នកជំងឺ​មិន​ទាន់​មាន​ការយល់ដឹង​ពី​ជំងឺ​ភ្នែក​ដែល​អាច​ព្យាបាល​បាន​មាន​ប្រមាណ​១១,៨​ភាគរយ​។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ធ្លាប់បាន​មានប្រសាសន៍ថា​ ការថ​យចុះ​នៃ​អត្រា​ប្រេ​វ៉ាឡង់​នៃ​ភាព​ពិការ​ភ្នែក​នេះ​ដោយសារតែ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​ពី​សារសំខាន់​នៃ​សុខភាព​ភ្នែក​និង​មាន​សេវា​ព្យាបាល​ជំងឺ​ភ្នែក​គ្រប់គ្រាន់​តាំងពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់ជាតិ ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុងការ​មក​ពិនិត្យ​និង​ព្យាបាល​វះកាត់​នៅពេល​មាន​បញ្ហា​ភ្នែក​។

ជាមួយគ្នានេះដែរ លោក សាស្ត្រាចារ្យ បាន​ជំរុញ​ឲ្យ​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​នៃ​ក្រសួងសុខាភិបាល​បន្តស​ហ​ការ​ជាមួយ​អង្គការ​ដៃគូ​នានា​ដើម្បី​បណ្តុះបណ្តាល​គ្រូពេទ្យ​ឯ​ទេស​ភ្នែក​និង​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​សម្រួល​ដល់​ការ​មក​ទទួល​សេវា​ព្យាបាល​ភ្នែក​របស់​ប្រជាពលរដ្ឋ​។

​លោក​សាស្ត្រាចារ្យ ងី ម៉េង​បាន​បន្តទៀតថា​ បច្ចុប្បន្ន​នេះ​យើង​មាន​គ្រូ​ពេទ្យ​ឯកទេស​ភ្នែក​ចំនួន​៧០​នាក់​ចក្ខុ​គិលានុបដ្ឋាកនាយិកា​ចំនួន​២៣៧​នាក់​ ចក្ខុ​មាត្រ​ការី​ចំនួន​១១៨​នាក់​ដែល​កំពុង​បម្រើ​ការងារ​នៅតាម​គ្រឹះស្ថាន​សាធារណៈ​ចំនួន​២១​នៃ​មន្ទីរពេទ្យ​ខេត្ត​និង​រាជធានី​ភ្នំពេញ​។ ដោយ​យើង​បានផ្តល់​សេវា​ពិនិត្យ​ព្យាបាល​ភ្នែក​ជា​មធ្យម​ចំនួន​២៨៦៨៣៦​នាក់​ និង​វះកាត់​ភ្នែក​ប្រមាណ​៤៥៥៤១​ករណី​ក្នុងនោះ​ភ្នែក​ឡើងបាយ​មាន​ចំនួន​៣៤២៨៨​ករណី​។

គួរ​បញ្ជាក់​ថា ​ប្រទេស​កម្ពុជា​បានធ្វើការ​អង្កេត​ស្តី​ពី​ភាព​ពិការ​ភ្នែក​លើក​ទី​១​នៅ​ឆ្នាំ​២០០៧​ និង​លើក​ទី​២​នៅ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​និង​បញ្ចប់​នៅ​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ​នៅ​ទូទាំង​រាជធានី​ខេត្ត​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​។

តាម​ការអង្កេត​នេះ​ ប្រទេស​កម្ពុជា​បាន​កាត់បន្ថយ​អត្រា​ប្រេ​វ៉ាឡង់​នៃ​ភាព​ពិការភ្នែក​ពី​០,៣៨%​នៅ​ឆ្នាំ​២០០៧​មក​នៅត្រឹម​០,៣៧%​នៅ​ឆ្នាំ​២០ ១៩​នេះ​ដែល​បាន​ជួយ​លើកកម្ពស់​សុខភាព​ភ្នែក​ដល់​ប្រជាពលរដ្ឋ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114