អធិការ​ស្រុក​ពាម​ជ​រ៍​ ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ និង​គ្រឿងញៀន​ខុសច្បាប់​ដល់​សិស្សានុសិស្ស ចំនួន​៤​វិទ្យា​ល័យ
BREAKING NEWS
Search

អធិការ​ស្រុក​ពាម​ជ​រ៍​ ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ និង​គ្រឿងញៀន​ខុសច្បាប់​ដល់​សិស្សានុសិស្ស ចំនួន​៤​វិទ្យា​ល័យ

ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ​ខែមករា​ ឆ្នាំ​២០១៧​ លោក​អធិការ​ស្រុក​ពាម​ជ​រ៍​ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​របស់​លោក​ ចុះ​អប់រំ​ និង​ផ្សព្វផ្សាយ​នូវ​ច្បាប់​មួយ​ចំនួន​ដល់​សិស្សានុសិស្ស​ចំនួន​៤​វិទ្យាល័យ​ទូទាំង​ស្រុក​។

នៅ​ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​នោះ​ដែរ ​គឺ​មាន​ការ​សហការ​ពី​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​គ្រប់​ប៉ុស្តិ៍​ និង​សហការ​ជាមួយ​លោកនាយក​សាលា​លោកគ្រូ​អ្នកគ្រូ​ចំនួន​៤០​នាក់ ​ស្រី​១៦​នាក់​ និងសិស្ស​ចំនួន​១៤១៤នាក់​ ស្រី​៦៨៦​នាក់​។

ក្នុង​ឱកាស​នោះ​ផង​ដែរ ​លោក​អធិការ​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ​ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧ​ត្តម​សេនីយ៍​ទោ​ ស្រេង ជា​ ស្នងការ​នគរ​បាល​ខេត្តព្រៃវែង​ឲ្យ​គ្រប់​អធិការ​ស្រុក​ទាំង​អស់​ ត្រូវតែ​ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​មូលដ្ឋាន​របស់​ខ្លួន​ស្តី​អំពី​ច្បាប់​ចរាចរណ៍​ច្បាប់​គ្រឿងញៀន​ និង​ក្មេង​ទំនើង​ នៅ​ថ្ងៃ​នេះ​ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ការ​អបរំ​  ផ្សព្វផ្សាយ​នៅ​ចំណុច​សំខាន់ៗ​ចំនួន៣​ចំណុច​ គឺ​ទី១.​អប់រំ​ពី​បញ្ហា​ក្មេង​ទំនើង ​ទី​២.​អប់រំ​ពី​ច្បាប់​គ្រឿងញៀន​ និង​ទី​៣.​អប់រំ​ពី​ច្បាប់​ចរាចរ​ណ៍​ដោយ​លោក​បាន​ធ្វើ​ការ​ពន្យល់​ណែនាំ​ឲ្យ​ប្អូនៗ​សិស្សានុសិស្ស​ទាំង​អស់​ត្រូវតែ​ខិតខំ​សិក្សា​រៀន​សូត្រ ​ត្រូវ​តែ​មាន​វិន័យ​ល្អ ​មាន​សីលធម៌​ សុជីវធម៌​ល្អ ចេះ​គោរព​ស្រលាញ់​មិត្ត​ភ័ក្ត្រ ​មិន​ត្រូវ​ដើរ​លេង​ពាលា​អាវ៉ាសែ​ ឬ​ ប្រមូល​ផ្តុំ​បក្សពួក​ប​ង្កើ​ត​ជា​ក្រុម​វាយតប់​គ្នា​ ដែល​ជាហេតុ​បង្ក​ចលាចល​ដល់​សង្គម​ និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​ផង​ដែរ។

លោក​អធិការ​ក៏​បាន សំណូមពរ​ឲ្យ​បើកបរ​ម៉ូតូ​ត្រូវតែ​ពាក់មួក​សុ​វត្ថិភាព​ដាក់​កញ្ចក់​មើ​ល​ក្រោយ​ឲ្យ​បាន​ត្រឹមត្រូវ ​និង​គោរព​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន។ អ្វីដែល​សំខាន់​បំផុត ​គឺ​ត្រូវតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ខុសច្បាប់ ​ពីព្រោះ​គ្រឿងញៀន​ ​ការ​ជួញដូរ​ និងប្រើ​ប្រាស់​គ្រឿងញៀន​ជា​ទង្វើ​ខុសច្បាប់​ ហើ​យ​នៅ​ក្នុង​ដំណាក់កាល​នេះ​គឺ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ច្បាប់​យុទ្ធនាការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ដំណាក់កាល​ទី១​មាន​រយៈពេល​៦ខែ​ ដូច្នេះ​សូម​ប្អូន​ៗ​កុំ​ប៉ះពាល់​គ្រឿងញៀន​ឲ្យ​សោះ​ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114