BREAKING NEWS
Search

អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ ប្រជាជន​ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ស្វែងយល់​ពី​ការ​វិនិយោគ​នៅ​កម្ពុជា

ភ្នំពេញ ​៖ លោក ទេព ង​ន អនុប្រធាន​ទី​២​ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​សភា​ប្រជាជន​ខេត្ត​ស៊ី​ឈួន ដឹកនាំ​ដោយ​ លោក Liu Jie អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន ខេត្ត​ស៊ី​ឈួន ចូល​ជួប​សវនាការ នៅ​វិមាន​ព្រឹទ្ធសភា​។​

ក្នុង​ជំនួប​នោះ ជាមួយ​នឹង​ការ​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្ដម​អនុប្រធាន​ទី​២ ​ព្រឹទ្ធ​សភា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​អនុញ្ញាត​ឲ្យ​ឯកឧត្ដម​ចូលជួប​សម្ដែង​ការគួរសម​នា​ពេលនេះ លោក Liu Jie បានបញ្ជាក់​ជូន​ថា បេសកកម្ម​របស់​គណៈ​ប្រតិភូ​នាពេលនេះ ទី​១-​គឺ​សិក្សា​អំពី​តម្រូវការ​ នៃ​គម្រោង​របស់​សហគ្រាស ​នៃ​ខេត្ត​ស៊ី​ឈួន។ ទី​២-​សិក្សា​អំពី​គម្រោង​នៅ​ខេត្ត​សៀមរាប ដែលមាន​ឈ្មោះថា​អាណាចក្រ​អង្គរ​។ ជាមួយគ្នានេះដែរ គណៈប្រតិភូ​ក៏មាន​បំណង​ចង់​ពង្រឹង​នូវ​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។

លោក Liu Jie បន្ត​ថា​ ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង និង​មិត្ត​ភាពជា​ប្រពៃណី​តាំងពី​យូរលង់​ណាស់​មក​ហើយ​។

តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​មាន​ទំនង​ទំនង មិត្តភាព សាមគ្គី និង​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​រឹងមាំ​ថែមទៀត​។ បច្ចុប្បន្ន មាន​សហគ្រាស​ជាច្រើន​មក​ពី​គ្រប់​បណ្ដា​ខេត្ត​ នៃ​ប្រទេស​ចិន បាន​មក​ធ្វើការ​វិនិយោគ និង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយនឹង​ប្រទេស​កម្ពុជា ហើយ​សង្ឃឹមថា នឹង​បង្កើត​បាន​ជា​ផ្លែផ្កា​រវាង​ខេត្ត​ស៊ី​ឈួន និង​ប្រទេស​កម្ពុជា ប្រកបដោយ​ភាតរភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។

ជាការ​ឆ្លើយតប​ លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​ស្វាគមន៍ និង​បាន​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នា​ឱកាស​នេះ ពិតជា​បានរួម​ចំណែក​លើកកម្ពស់​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ល្អ រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ជាពិសេស​បាន​រួម​ចំណែក​ដល់​ការ​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រ​វាង​សភា​ប្រជាជន​ចិន នៃ​ខេត្ត​ស៊ី​ឈួន ជា​មួយ​នឹង​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។
​ ​
លោក​អនុប្រធាន​ទី​២ ​ព្រឹទ្ធសភា បាន​ជម្រាប​ជូន​គណៈប្រតិភូ​ថា កាលពីពេល​ថ្មីៗ​នេះ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​ដឹកនាំ​គណៈប្រតិភូ​ព្រឹទ្ធសភា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាម​ការ​អញ្ជើញ​របស់​ឯកឧត្ដម​ប្រធាន​សភា​ប្រឹក្សា​នយោ​បាយ​ប្រជាជន​ចិន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​កាលពី​ខែ​កញ្ញា​កន្លងទៅនេះ លោក​ផ្ទាល់​ក៏​ត្រូវ​បាន​ខេត្ត​ស៊ី​ឈួន​ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​តាំង​ពិព័រណ៍​អន្តរជាតិ​ចិន​តំបន់​ភាគ​ខាងលិច​លើក​ទី​១៧ និង​ទស្សនកិច្ច​នៅ​ទីក្រុង​ឈិន​ទូ ខេត្ត​ស៊ី​ឈួន ព្រមទាំង​បាន​ជួប​ជាមួយនឹង​ថ្នាក់ដឹកនាំ​ជាច្រើន​របស់​ខេត្ត​ស៊ី​ឈួន និង​បាន​ជួប​លោក ប្រធាន​គណៈប្រតិភូ ព្រមទាំង​បាន​អញ្ជើញ​គណៈប្រតិភូ​ខេត្ត​ស៊ី​ឈូ​ន​ មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។

លោក​អនុប្រធាន​ទី​២ ​ព្រឹទ្ធសភា បាន​គូស​បញ្ជាក់​ថា ខេត្ត​ស៊ី​ឈួន និង​ខេត្តសៀមរាប បាន​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​គ្នា និង​មានការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​ឈិន​ទូ​ មក​ខេត្ត​សៀមរាប​។ ជាមួយគ្នា​នោះ ខេត្ត​ព្រះសីហនុ​ ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជា​មួយ​នឹង​ខេត្ត​ស៊ី​ឈួន​ផងដែរ​។

សង្ឃឹមថា អ្វី​ដែលជា​សំណូមពរ​របស់​រាជរដ្ឋាភិបាល និង​បណ្ដា​ខេត្ត​មួយ​ចំនួន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចង​សម្ព័ន្ធភាព និង​ការ​បង្កើន​ជើង​ហោះហើរ​ពី​ខេត្ត​ស៊ី​ឈួន មក​ប្រទេស​កម្ពុជា ដែល​ជា​ការបង្ក​លក្ខណៈ​សម្បត្តិ​ឲ្យ​ទេសចរណ៍ ​នៃ​ប្រទេស​ទាំង​ពីរ បាន​ផ្លាស់ប្ដូរ​គ្នា​ទៅវិញទៅមក​។

លោក​អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដែល​ភាគច្រើន​ គឺជា​ការចូលរួម​វិនិយោគ​ពី​អ្នក​វិនិយោគិន​ចិន​។

ដូចនេះ ​អ្នក​វិនិយោគិន​ខេត្ត​ស៊ី​ឈួន អាច​អញ្ជើញ​មក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​ផ្សេងៗ​ នៅ​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ការ​វិនិយោគ ជាពិសេស​វិស័យ​ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ វប្បធម៌ និង​វិស័យ​ភាពយន្ត​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114