BREAKING NEWS
Search

អនុប្រធាន​ទី​២​ព្រឹទ្ធសភា អញ្ជើញ​បើក​វេទិកា​សាធារណៈ​ថ្នាក់​ខេត្ត ពង្រឹង​សមត្ថភាព​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់​ក្នុង​ខេត្តមណ្ឌលគិរី

ភ្នំពេញ​ ៖ ដោយមាន​ការ​សហការ​ពី​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៨ រដ្ឋបាលខេត្ត​មណ្ឌលគិរី និង​វិទ្យាស្ថាន​សភា​កម្ពុជា (PIC) ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​វេទិកា​ថ្នាក់​ខេត្ត​ស្តីពី «​ការ​ពង្រឹង​សមត្ថភាព​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​ការ​រៀបចំ​ថវិកា និង​ការ​ផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​» វេទិការ​នេះ​បាន​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា នៅ​សាលប្រជុំ​សាលាខេត្ត​មណ្ឌលគិរី​។

ថ្លែង​ទៅកាន់​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ សរុប​ចំនួន ២៣៣​នាក់ ក្នុង​វេទិកា​នោះ លោក ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា បាន​កោតសរសើរ និង​អរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បានផ្តល់​ការ​គាំទ្រ និង​សហការ​ដ៏​ល្អ​ប្រពៃ​ក្នុង​ការរៀបចំ​វេទិកា​នេះ​ឡើង ជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា ដែល​ជា​តំណាង​ការពារ​សិទ្ធិ ផលប្រយោជន៍​របស់​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ព្រមទាំង​រួមចំណែក​ជួយ​ពង្រឹង​សមត្ថភាព​ដល់​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការ​ផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍន៍​មូលដ្ឋាន សំដៅ​លើកកម្ពស់​គុណភាព​នៃ​ជីវភាព​រស់នៅ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ លោក ទេព ង​ន បាន​លើក​ឡើងថា ចាប់តាំងពី​នីតិកាល​ទី​២ រហូតមកដល់​បច្ចុប្បន្ន​នេះ ព្រឹទ្ធសភា​បានកើត​ឡើង​ដោយ​ការបោះឆ្នោត​ជា​អសកល​។ សមាជិក​ព្រឹទ្ធសភា​ច្រើន​លើសលប់ ត្រូវ​បាន​ជ្រើសតាំង​ដោយ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​តំណាងរាស្ត្រ​ក្នុង​តំណែង​។ ហេតុដូចនេះ សមាជិក​ព្រឹទ្ធសភា​ជា​តំណាង​ការពារ​សិទ្ធិ ផលប្រយោជន៍​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជា​ម្ចាស់​ឆ្នោត​ក្នុង​ភូមិភាគ​ទាំង​៨ និង​ជា​តំណាង​ឲ្យ​ផលប្រយោជន៍​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។ ដោយសារតែ​ភាពជា​តំណាង​នេះ សមាជិក​ព្រឹទ្ធសភា​ត្រូវ​យកចិត្តទុកដាក់​ស្តាប់​មតិយោបល់ សំណូមពរ បញ្ហា​ប្រឈម​នានា របស់​ក្រុម​ប្រឹក្សាឃុំ សង្កាត់ និង​ការអនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅ​ថ្នាក់មូលដ្ឋាន តាមរយៈ​ការ​ជួយ​រិះរក​វិធីសាស្ត្រ​ដោះស្រាយ សំណូមពរ បញ្ហា​ប្រឈម​របស់​ម្ចាស់​ឆ្នោត និង​ប្រជាពលរដ្ឋ​។ ជា​មួយ​គ្នា​នេះ ព្រឹទ្ធសភា​មាន​តួនាទី​សំខាន់​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​បញ្ជ្រាប ជំរុញ និង​ជួយ​ឲ្យ​មាន​ការអភិវឌ្ឍន៍​ជា​វិជ្ជមាន​នៅ​គ្រប់​កម្រិត គ្រប់​វិស័យ ជាពិសេស​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គម តាមរយៈ​មុខងារ​ទាំងបី​របស់​ព្រឹទ្ធសភា​គឺ មុខងារ​នីតិកម្ម មុខងារ​តាមដាន​ការអនុវត្ត​ច្បាប់ និង​មុខងារ​តំណាង។ លោក ទេព ង​ន ក៏បាន​លើកឡើង​ពី​ទស្សនៈ​មួយចំនួន​អំពី​ភាពជា​តំណាង និង​តួនាទី​របស់​ព្រឹទ្ធសភា​ចំពោះ​ក្រុម​ប្រឹក្សាឃុំ សង្កាត់ និង​គោលដៅ​ច្បាស់លាស់ ក្នុង​ការ​លើកកម្ពស់​សមត្ថភាព ចែករំលែក​បទ​ពិសោធន៍ ឈ្វេងយល់​ព័ត៌មាន និង​រិះរក​ដំណោះស្រាយ​នូវ​សំណូមពរ ការ​ប្រឈម​នានា​របស់​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ លោក ទេព ង​ន បាន​លើកទឹកចិត្ត​អ្នកចូលរួម​ទាំងអស់ ពិសេស​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ត្រូវ​លើកឡើង​នូវ​កង្វល់ ការ​ប្រឈម សំណូមពរ​នានា ដែល​បាន​ជួបប្រទះ​នៅក្នុង​ការងារ​ជាក់ស្តែង​នៅ​មូលដ្ឋាន និង​ស្នើ​ដល់​វាគ្មិន​ដែល​អញ្ជើញ​មកពី​ថ្នាក់​ជាតិ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​អង្គភាព​ពាក់ព័ន្ធ ធ្វើការ​បំភ្លឺ ព្រមទាំង​ខិតខំ​រិះរក​ឲ្យ​អស់​លទ្ធភាព ដើម្បី​ដោះស្រាយ​នូវ​ការ​ប្រឈម សំណូមពរ​ដែល​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​បាន​លើក​ឡើង សំដៅ​រួមគ្នា​តម្រង់​ទិស​សកម្មភាព​របស់ខ្លួន ឆ្លើយតប​ឲ្យ​បាន​ទាន់​ពេល​វេលា​នូវ​បញ្ហា​លំបាក​នានា​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។ លោក ទេព ង​ន សង្ឃឹមថា អ្នកចូលរួម​ទាំងអស់ ជាពិសេស​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ នឹង​ទទួល​បាន​ព័ត៌មាន ចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ ដំណោះស្រាយ​ថ្មីៗ បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​មួយចំនួន​ក្នុងការ​អនុវត្ត​ការងារ​កន្លងមក និង​បានជា​មូលដ្ឋាន ក្នុង​ការ​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។

សូម​បញ្ជាក់​ថា វេទិកា​ថ្នាក់​ខេត្ត​នេះ ប្រព្រឹត្តទៅ​រយៈ​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៥ ទី​១៦ ខែមករា ឆ្នាំ​២០២០ ដោយមាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា លើ​ប្រធានបទ​សំខាន់ៗ រួមមាន​៖ ការ​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​។ យន្តការ​គាំទ្រ​រដ្ឋបាល​ពី​ថ្នាក់​ខេត្ត ក្រុង ស្រុក ទៅ​រដ្ឋបាល​ឃុំ សង្កាត់​។ ការ​កសាង​ផែនការ​ថវិកា និង​នីតិវិធី​ទូទាត់​ថវិកា​។ ការរៀបចំ និង​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ឃុំ សង្កាត់ និង​ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ សង្កាត់​។ ការកសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​ឃុំ សង្កាត់​។ ការ​គ្រោង​ថវិកា​ប្រចាំឆ្នាំ និង​របៀប​ចុះ​កិច្ច​បញ្ជី​ការ​គណនេយ្យ​ឃុំ សង្កាត់​។ មតិយោបល់​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​អំពី​បញ្ហា​ប្រឈម និង​សំណូមពរ​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន និង​មតិ​បកស្រាយ​បំភ្លឺ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​តំណាង​ក្រសួង​នានា​៕
សុង​យោ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114